ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គជអប​) ​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌​។

គ.ជ.អ.ប. ដែល​បាន​បើក​កិច្ចប្រជុំ​លើក​ទី​ ១៧ នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​ ២០ វិច្ឆិកា បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត​ ដែល​មាន​ ៨ ​ជំពូក និង​ ២៧ ​មាត្រា​ក្រោម​អធិបតីភាព​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ គ.ជ.អ.ប.។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សមាជិក​របស់​ គ.ជ.អ.ប. ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ​ក្រុម​ការងារ​បច្ចេកទេស វិមជ្ឈការ និង​វិសហមជ្ឈការ ថ្នាក់ដឹកនាំ​ គ.ជ.អ.ប. អភិបាល​រាជធានី-ខេត្ត​។

អនុក្រឹត្យ​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ តាមរយៈ​ការបង្ខិត​ការធ្វើ​សេចក្តី​សម្រេចចិត្ត និង​ការទទួល​ខុសត្រូវ​ក្នុង​ការគ្រប់គ្រង​សេវា​សុខាភិបាល​ឱ្យ​ទៅ​កៀក​ជិត​ប្រជាពលរដ្ឋ​។ ប្រគល់​មុខងារ​គ្រប់គ្រង​មន្ទីរ​សុខាភិបាល ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ និង​ការផ្តល់​សេវា​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី-ខេត្ត មន្ទីរពេទ្យ​បង្អែក​ក្រុង ស្រុក ខណ្ឌ មណ្ឌល​សុខភាព និង​ប៉ុស្តិ៍​សុខភាព​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត​។ ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង​ធនធាន​មនុស្ស​ឱ្យ​ទៅ​រដ្ឋបាល រាជធានី-ខេត្ត​សម្រាប់​អនុវត្ត​មុខងារ​សុខាភិបាល​ដែល​បាន​ប្រគល់​។

អនុក្រឹត្យ​នោះ​បញ្ជាក់​នៅ​ជំពូក​ ៣ ក្នុង​មាត្រា​ ៦ ចែង​ថា​៖ «​គ.ជ.អ.ប. ដឹកនាំ​សម្របសម្រួល​ជាមួយ​ក្រសួង​សុខាភិបាល ក្រសួងមហាផ្ទៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​រដ្ឋបាល​រាជធានី​ខេត្ត​ដើម្បី​កំណត់​អំពី​ទំហំ​ធនធាន​ហិរញ្ញវត្ថុ លក្ខខណ្ឌ​ហិរញ្ញវត្ថុ លក្ខខណ្ឌ​បច្ចេកទេស និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​គ្រប់គ្រង​ចាត់ចែង និង​ប្រើប្រាស់​សម្រាប់​អនុវត្ត​មុខងារ​បាន​ប្រគល់​»​។

អនុក្រឹត្យ​បន្ថែម​ថា​៖ «​លក្ខខណ្ឌ​ហិរញ្ញវត្ថុ លក្ខខណ្ឌ​បច្ចេកទេស និង​លក្ខខណ្ឌ​នានា​នៃ​ការផ្ទេរ​ហិរញ្ញវត្ថុ​មាន​ភ្ជាប់​លក្ខខណ្ឌ​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត សម្រាប់​អនុវត្ត​មុខងារ​សុខាភិបាល​ដែល​បាន​ប្រគល់​ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ​»​។

បើ​យោងតាម​ជំពូក​ ៥ មាត្រា​ ១៧ ​បាន​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី-ខេត្ត​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការអនុវត្ត​មុខងារ​សុខាភិបាល​ដែល​បាន​ប្រគល់​ឱ្យមាន​ប្រសិទ្ធភាព​ស្រប​តាម​គោលនយោបាយ​សុខាភិបាល​ជាតិ ផែនការ​យុទ្ធសាស្ត្រ មគ្គុទ្ទេសក៍​ណែនាំ​ស្តីពី​ការប្រតិបត្តិ​គ្លីនិក ពិធីសារ​នៃ​ការពិនិត្យ​ព្យាបាល ស្តង់ដា គុណភាព និង​បទដ្ឋាន​បច្ចេកទេស​នានា​។ ដើម្បី​អនុវត្ត​មុខងារ​សុខាភិបាល​ទាំងនេះ រដ្ឋបាល​រាជធានី​-ខេត្ត ត្រូវ​សហការ​ជាមួយ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​មុខងារ​សុខាភិបាល​ដែល​បាន​ប្រគល់​។

អនុក្រឹត្យ​បញ្ជាក់​ថា​៖ «​កៀរគរ​ការគាំទ្រ ថវិកា សម្ភារ និង​បច្ចេកទេស​ពី​អ្នក​ពាក់ព័ន្ធ​នានា និង​អាច​ប្រើប្រាស់​ធនធាន​ឆន្ទានុសិទ្ធិ​របស់​រដ្ឋបាល​រាជធានី-ខេត្ត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សុខាភិបាល​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ រៀបចំ​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​មុខងារ​សុខាភិបាល ដែល​បាន​ប្រគល់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មក​ក្រសួង​សុខាភិបាល និង​ក្រសួង​មហាផ្ទៃ​ព្រមទាំង​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​តាម​គោលការណ៍ និង​នីតិវិធី​កំណត់​។

អនុក្រឹត្យ​បន្តថា​៖ «​រដ្ឋបាល​រាជធានី-ខេត្ត ត្រូវ​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់ ធនធាន​ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង​បុគ្គលិក​ដែល​បាន​ផ្ទេរ​សម្រាប់​អនុវត្ត​មុខងារ សុខាភិបាល ដែល​បានប្រគល់​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ស្រប​តាម​គោលការណ៍​បែបបទ នីតិវិធី និង​បទដ្ឋាន​បច្ចេកទេស​ដែល​បានកំណត់​»​។

ជាមួយ​គ្នា​នេះ​ដែរ​បើ​យោងតាម អនុក្រឹត្យ​នេះ​ក្នុង​មាត្រា​ ២០ ​ក្រសួង​សុខាភិបាល​មាន​តួនាទី ភារកិច្ច កំណត់​លក្ខណៈ វិនិច្ឆ័យ នីតិវិធី គោលការណ៍​ណែនាំ និង​ស្តង់ដា​សម្រាប់​ការបង្កើត និង​ដំណើរការ​មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍​សុខភាព និង​ទីតាំង​សុខាភិបាល​ឯកជន​គ្រប់​ប្រភេទ​។ កំណត់​និយាម​សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល និង​ប្លង់​គំរូ​សាងសង់​នៃ​ការសាងសង់ មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ការសម្រេច​បង្កើត​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​គ្រប់​ប្រភេទ​។ កំណត់​បញ្ជី​ស្តង់ដា​ឱសថ​សារវ័ន្ត បរិក្ខារពេទ្យ ឧបករណ៍​អម​វេជ្ជសាស្ត្រ​សម្រាប់​មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​សុខភាព និង​រៀបចំ​កិច្ចលទ្ធកម្ម និង​បែងចែក​ឱសថ​សារវ័ន្ត បរិក្ខារពេទ្យ ឧបករណ៍ អម​វេជ្ជសាស្ត្រ​ដល់​រដ្ឋបាល​រាជធានី-ខេត្ត​។

លោក​ ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិរដ្ឋាន គ.ជ.អ.ប. ​មាន​ប្រសាសន៍​ថា​ការអនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាល-រាជធានី-ខេត្ត នឹង​ជួយ​ពង្រឹង​ការផ្តល់​សេវាកម្ម​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​។ លោក​ចាត់ទុក​អនុក្រឹត្យ​នេះ​នឹង​ផ្តល់​សិទ្ធិអំណាច​ដល់​រដ្ឋបាល​ថ្នាក់​រាជធានី-ខេត្ត ក្រុង ស្រុក និង ខណ្ឌ​ក្នុង​ការធ្វើការ​សម្រេចចិត្ត​ដែល​នឹង​ជួយ​ការផ្តល់​សេវាកម្ម​សាធារណៈ កាន់តែ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។

លោក​បញ្ជាក់ថា​៖ «​ការសម្រេចចិត្ត​រៀបចំ​ផ្ទេរ និង​ផ្តល់​សេវា​ចាំបាច់​ទាំងអស់​ហ្នឹង​ត្រូវ​បាន​បង្ខិត​កៀក​ទៅ​នៅ​ជិត​ជាមួយ​ពលរដ្ឋ​។ បានន័យថា ខិត​កៀក​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត និង​សិទ្ធិអំណាច​ទាំងអស់​នោះ​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក ដែល​នៅ​កៀក​ជិត​ជាមួយ​ប្រជាពលរដ្ឋ​»​។

លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា គ.ជ.អ.ប. បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ចំនួន​ ៣ ​ក្នុង​នោះ​មាន​អនុក្រឹត្យ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ក្រុង​។ អនុក្រឹត្យ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ស្រុក និង​អនុក្រឹត្យ​ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ខណ្ឌ ដើម្បី​ជួយ​ពង្រឹង​នូវ​ការផ្តល់​សេវាកម្ម​សាធារណៈ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​។

លោកស្រី​ ឱ វណ្ណឌីន លោក​ ឡូ វាសនាគីរី និង​លោក​ លី សូវ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការអនុម័ត​លើ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​បានទេ​ពី​ម្សិលមិញ​។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គមកម្ពុជា​បាន​ស្វាគមន៍​ការអនុម័ត​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ​នេះ ដោយ​លោក​ចាត់ទុក​ថា ជាការ​ចាប់ផ្តើម​វិជ្ជមាន​ក្នុង​ការផ្តល់​សិទ្ធិអំណាច និង​ថវិកា​ដល់​ថ្នាក់ក្រោម​ជាតិ​។ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើការ​វាយតម្លៃ និង​តាមដាន​ប្រសិទ្ធភាព​ការងារ​របស់​សុខាភិបាល​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​វា​គឺជា​សញ្ញា​មួយ​នៃ​ការចាប់ផ្តើម​ដើម្បីឱ្យ​មាន​នូវ​ភាព​ជា​ម្ចាស់ការ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទៅ​លើ​វិស័យ​សុខាភិបាល​ក្នុង​ការរៀបចំ​។ ក្រៅពី​ការងារ​បច្ចេកទេស​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​ការទម្លាក់​ថវិកា​នៅ​ថ្នាក់ក្រោម​ជាតិ​របស់​វិស័យ​សុខាភិបាល អាជ្ញាធរ​ត្រូវ​បើក​ឱ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​ក្នុង​ការតាមដាន និង​វាយតម្លៃ​ប្រសិទ្ធភាព​ការងារ​សុខាភិបាល​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ​»៕