
អ្នកចូលរួមបង្ហាញទឹកដែលបានមកពីម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ នៅក្នុងកម្មវិធីប្រគល់កាលពីថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២០។ រូប MPWT
ភ្នំពេញៈ រដ្ឋមន្ត្រីសាធារណការលោក ស៊ុន ចាន់ថុល តំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៧ សីហា បានយកម៉ាស៊ីនផលិតទឹកបរិសុទ្ធចំនួន ៥ គ្រឿងដែលជាអំណោយរបស់នាយករដ្ឋមន្ត្រីទៅប្រគល់ឱ្យលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហម។ កម្មវិធីប្រគល់នេះធ្វើឡើងនៅក្នុងទីស្នាក់ការកណ្ដាលកាកបាទក្រហមនៅរាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុល លើកឡើងថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ គឺជាបច្ចេកវិទ្យាមកពីប្រទេសអ៊ីស្រាអែលមានសមត្ថភាពអាចផលិតទឹកបរិសុទ្ធចេញពីខ្យល់ក្នុងបរិយាកាសដោយស្វ័យប្រវត្តិបានប្រមាណ ៨០០ លីត្រក្នុង ១ ថ្ងៃប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថាន។
លោកថ្លែងថា៖ «ម៉ាស៊ីន និងរថយន្តនេះផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់កាកបាទក្រហមកម្ពុជាដើម្បីធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជួបគ្រោះរាំងស្ងួត ទឹកជំនន់ និងតំបន់ខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ»។
លោក កែន រដ្ឋា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះជាជំនួយរបស់លោក ហ៊ុន សែន កំពុងរៀបចំប្រគល់ទៅខាងមន្ទីរពេទ្យ ដូចជាមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពខ្មែរ-ចិនព្រះកុសមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកបន្តថា ខាងកាកបាទក្រហមទទួលបានម៉ាស៊ីនផលិតទឹកបរិសុទ្ធ រួមជាមួយរថយន្ត និងម៉ាស៊ីនភ្លើង រីឯខាងមន្ទីរពេទ្យទទួលបានតែម៉ាស៊ីនផលិតទឹកបរិសុទ្ធប៉ុណ្ណោះ។ លោកមិនបានដឹងថា ម៉ាស៊ីនដែលនាំចូលពីក្រៅប្រទេសនេះក្នុង ១ គ្រឿងមានតម្លៃប៉ុន្មាននោះឡើយ។

លោក ស៊ុន ចាន់ថុល កាន់ទឹកបរិសុទ្ធផលិតពីម៉ាស៊ីនបន្សុទ្ធថ្ងៃទី ២៨ សីហា។ រូប MPWT
លោក រដ្ឋា បញ្ជាក់ថា៖ «ខ្ញុំដឹងមិនច្បាស់ដែរ ប៉ុន្តែមិនថោកទេ ព្រោះវាធំដែរ»។
លោក វ៉ា ស៊ឹមសុរិយា មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងដែរថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស (WATERGEN) ប្រភេទ GEN-M ត្រូវបានក្រុមសប្បុរសជនដែលផ្ដួចផ្ដើមគំនិតដោយលោក ស៊ុន ចាន់ថុល រៃអង្គៀសថវិកាចូលគ្នាទិញជូនទៅលោក ហ៊ុន សែន។ ប៉ុន្តែម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះត្រូវបានលោក ហ៊ុន សែន សម្រេចប្រគល់ទៅឱ្យខាងកាកបាទក្រហម និងខាងមន្ទីរពេទ្យ សម្រាប់ប្រើប្រាស់។
មន្ត្រីនាំពាក្យរូបនេះបញ្ជាក់ដែរថា ម៉ាស៊ីននេះនឹងត្រូវកាកបាទក្រហមបញ្ជូនទៅដល់ទីតាំងណាមួយ ដែលជួបគ្រោះមហន្តរាយកើតឡើង ដើម្បីផលិតទឹកស្អាតឱ្យពលរដ្ឋប្រើប្រាស់។
លោកថ្លែងថា៖ «បំណងដែលជូនទៅកាកបាទក្រហម គឺដើម្បីប្រើប្រាស់ នៅពេលណាមានមហន្តរាយ ឬគ្រោះទឹកជំនន់ គឺយើងអាចបញ្ជូនម៉ាស៊ីនហ្នឹងទៅ ហើយក្នុង ១ ថ្ងៃ ម៉ាស៊ីនហ្នឹងផលិតបាន ៨០០ លីត្រ។ ម៉ាស៊ីន គ្រាន់តែដោតភ្លើងទៅមិនបាច់ធ្វើអីទៀត ហើយវាស្រូបខ្យល់ ផលិតជាទឹកហើយ»។
យោងតាមតួលេខពីខាងក្រសួងអភិវឌ្ឍន៍ជនបទបានអះអាងថា ប្រជាពលរដ្ឋ ដែលមានទឹកស្អាតប្រើប្រាស់នៅត្រឹមឆ្នាំ ២០១៩ មានចំនួន ៦៥% ដែលកើនឡើងពី ៥៨% នៅក្នុងឆ្នាំ ២០១៧។ កាលពីឆ្នាំ ២០១៩ ក្រសួងអភិវឌ្ឍន៍ជនបទបានសាងសង់អណ្ដូងស្នប់គ្រប់ប្រភេទបាន ៣ ៦០៧ អណ្តូង។ ការជួសជុលអណ្ដូងទឹកគ្រប់ប្រភេទ ១១៥៦ និងការសាងសង់ និងជួសជុលស្រះទឹកចំនួន ២២២ ដែលស្ថិតនៅតាមជនបទដែលមិនអាចជីកអណ្ដូងបាន៕