ស្ទឹងត្រែងៈ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​ប្រគល់​រថយន្ត​ចង្កូត​ស្ដាំ​ចំនួន​ ៧ ​គ្រឿង ​ដែល​ត្រូវបាន​នាំចូល​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​ស្លាក​លេខ​យោធា​ក្លែងក្លាយ​ទៅ​ឱ្យ​សមត្ថកិច្ច​គយ​ និង​រដ្ឋាករ​ខេត្ត ដើម្បី​អនុវត្ត​វិធានការ​ទៅ​តាមច្បាប់ បន្ទាប់ពី​រឹបអូស​បាន​នៅពេល​ចុះ​ត្រួតពិនិត្យ​យានយន្ត ប្រើប្រាស់​ស្លាក​លេខ ខ.ម​។

ការប្រគល់​រថយន្ត​ដែល​ត្រូវបាន​គេ​បន្លំ​ប្រើប្រាស់​ជា​រថយន្ត​របស់​យោធា​នេះ​គឺ​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រគល់​ទៅ​ឲ្យ​ខាង​សមត្ថកិច្ច​គយ​កាលពី​ថ្ងៃទី​ ១៨ ខែកក្កដា​ ដែល​ធ្វើឡើង​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​។ រថយន្ត​ចង្កូត​ស្ដាំ​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឱ្យ​នាំចូល​តាំងពី​ឆ្នាំ​ ២០១៥ ​។

លោក​ ស៊ីម គួន ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការប្រគល់​រថយន្ត​ខុសច្បាប់​ទាំងនេះ និង​ជំរុញ​ឱ្យទៅ​សួរ​លោក​ អៀង វ៉ាន់ឌី ដែលជា​មេបញ្ជាការ​វិញ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក វ៉ាន់ឌី ពុំ​អាច​ទាក់ទង​បាន​ឡើយ​។

ជាមួយ​គ្នា​នេះ​លោក​ សៅ វុត្ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងត្រែង​ក៏​ពុំ​អាចធ្វើ​អត្ថាធិប្បាយ​អំពី​ការប្រគល់​រថយន្ត​ទាំងនេះ​ទៅឱ្យ​គយ​នោះ​ដែរ ខណៈ​លោក​ អេង ហ៊ី អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​បាន​ជំរុញ​ឱ្យទៅ​សួរ​ខាង​គយ និង​រដ្ឋាករ​វិញ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក​ គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​បាន​ទេ​ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​ហៅចូល​ច្រើនលើក​លោក​មិន​ទទួល​ទូរស័ព្ទ​។ ប៉ុន្តែ​លោក​ ឈួន វ៉ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា រថយន្ត​ដែល​ប្រើប្រាស់​ស្លាកលេខ ន.ប ឬ ខ.ម មិនមែន​ជា​រថយន្ត​ដែល​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ​ឡើយ​។

លោក​ថា​៖ «​ទាក់ទង​នឹង​រឿង​វិធានការ​ចំពោះ​រថយន្ត​នាំចូល​ខុសច្បាប់ គ្មាន​ពន្ធ​នេះ គឺ​សម្រាប់​កន្លែង​ខ្ញុំ រថយន្ត​ដែល​គ្មាន​ពន្ធ​គឺ​ចុះបញ្ជី​អត់​កើត​ទេ ហើយ​កាលណា​ចុះបញ្ជី​អត់​បាន គឺ​អត់​បាន​ស្លាក​លេខ​ប្រើប្រាស់​ទេ​»​។

កាលពី​ខែ​ឧសភា​កន្លង​ទៅ​កងរាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ក៏​ធ្លាប់បាន​ប្រគល់​រថយន្ត​ដែល​នាំចូល​ខុសច្បាប់​ និង​ប្រើប្រាស់​ស្លាក​លេខ​យោធា​ក្លែងក្លាយ​នេះ ទៅឱ្យ​ខាង​គយ និង​រដ្ឋាករ​មាន​ចំនួន​ ១២ ​គ្រឿង​ដែរ​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើង​ថា រថយន្ត​ដែល​ប្រើប្រាស់​ស្លាកលេខ ន.ប និង ខ.ម និង​រដ្ឋ​ជាដើម គឺ​សុទ្ធតែ​មាន​រឿង​អាស្រូវ​ថា​ជា​ស្លាក​លេខ​ក្លែងក្លាយ​។ លោក​បញ្ជាក់ថា រថយន្ត​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ គឺ​ធ្វើឱ្យ​បាត់បង់​ពន្ធគយ​ និង​ពន្ធដារ​ចូល​ទៅ​រដ្ឋ ខណៈ​រថយន្ត​ខ្លះ​ប្រើប្រាស់​ស្លាក​លេខ ខ.ម គឺ​ដើម្បី​កាង​មុខរបរ​ខុសច្បាប់​របស់​ខ្លួន ដូចជា​ការដឹកជញ្ជូន​អនុផល​ព្រៃឈើ​ខុសច្បាប់ និង​ទំនិញ​ខុសច្បាប់​មួយ​ចំនួន​ទៀត​។

លោក​ សន ជ័យ បាន​បញ្ជាក់ថា​៖ «​យើង​សង្ស័យថា ស្លាកលេខ​ក្លែងក្លាយ​គឺ​ផលិត​ដោយ​ក្រុម​សង្គមងងឹត ព្រោះ​អី​បើ​ស្លាក​លេខ​ដែល​ចេញ​ដោយ​ក្រសួង​ការពារជាតិ គឺ​មាន​អត្តសញ្ញាណ​ត្រឹមត្រូវ​»៕

វីដេអូ៖