ភ្នំពេញៈ រូបចម្លាក់​បដិមា​ចំនួន​ ៧ ដែល​បាន​រឹបអូស​ពី​ឧក្រិដ្ឋជន​តាម​អំណាច​សាលក្រម​នៃ​សាលាដំបូង​រាជធានីភ្នំពេញ​ត្រូវបាន​ប្រគល់​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​។ ដោយឡែក​សិលាចារឹក​ដែល​រកឃើញ​នៅ​ប្រាសាទ​ទន្លេស្ងួត ខេត្តសៀមរាប ត្រូវ​បាន​ចុះ​លេខ K.1459 នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​សិលាចារឹក​កម្ពុជា​។

លោក​ ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ទទួល​រូបចម្លាក់​បដិមា​ចំនួន​ ៧ ពី​មន្ត្រី​សាលាដំបូង​រាជធានី-ភ្នំពេញ​នៅ​ថ្ងៃទី​ ២១ ខែកក្កដា​។ ក្នុង​នោះ​មាន​រូបចម្លាក់​ក្លែងក្លាយ​ ១ [​រូបចម្លាក់​ធ្វើ​ថ្មី​] ​ដែល​រឹបអូស​ជាមួយ​គ្នា​នោះ​ក៏​បាន​ប្រគល់ជូន​គណៈ​ប្រតិភូ​ដែរ ដើម្បី​យក​ទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​សម្រាប់​ធ្វើ​ជា​សម្បត្តិ​ខ្មែរ​ទាំងអស់​គ្នា​។

លោក​ឲ្យ​ដឹងថា រូបចម្លាក់​ទាំង​ ៧ ​នេះ​ [​ចម្លាក់​ថ្មី​ ១] រួមមាន រូប​បដិមា​ផ្នែក​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​សម័យអង្គរ និង​ក្រោយ​សម័យអង្គរ​។ ក្នុងនោះ​មាន​រូបចម្លាក់​ខ្លះ​បាន​បាក់បែក​ចេញពី​រូបរាង​ដើម ប៉ុន្ដែ​មន្ត្រី​ជំនាញ​បាន​ប្រមូល​ផ្សំផ្គុំ និង​តភ្ជាប់​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​រូបចម្លាក់​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​អំពី​ថ្មភក់ ហើយ​ត្រូវ​ជនល្មើស​លួច​យក​ចេញ​ពី​តំបន់​បុរាណ​មួយចំនួន ប៉ុន្ដែ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ក្រោយពី​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ហើយ​បាន​រឹបអូស​រូបចម្លាក់​នេះ​រក្សាទុក​នៅ​តុលាការ​ហ្នឹង​យូរ​ឆ្នាំ​ហើយ​។ ប៉ុន្ដែ​ឥឡូវនេះ​គាត់​បាន​ប្រគល់​មក​ឲ្យ​យើង​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ ដែល​ជា​កន្លែង​សមរម្យ​»​។

ដោយឡែក​សិលាចារឹក​ភាសា សំស្ក្រឹត​ ១ ​ផ្ទាំង​មាន​អក្សរ​ ៥៥ ​បន្ទាត់​កម្ពស់​ ១០០ ​សង់ទីម៉ែត្រ ទទឹង​ ៤០ ​សង់ទីម៉ែត្រ និង​កម្រាស់ ២០ ​សង់ទីម៉ែត្រ ត្រូវបាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរជាតិ​អប្សរា​ស្នើសុំ​ឲ្យ​អ្នក​ជំនាញ​ផ្នែក​សិលាចារឹក​ខ្មែរ​ ១ ​ក្រុម​ហៅថា “Corpus des Inscriptions Khme''res (CIK)” ​ជួយ​ពិនិត្យ​ចុះបញ្ជី​សារពើ​ភណ្ឌ​កម្ពុជា​។

លោក​ ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹងថា សិលាចារឹក​ភាសាសំស្ក្រឹត​ ១ ​ផ្ទាំង​នេះ​ត្រូវបាន​រកឃើញ​នៅ​ការដ្ឋាន ជួសជុល​ប្រាសាទ​ទន្លេស្ងួត​កាលពី​ខែមិថុនា ឆ្នាំ​ ២០២០​។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នក​រកឃើញ​សិលាចារឹក​នេះ​។

តាមរយៈ​លោក​សាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ស្នើសុំ​ឲ្យ​អ្នកជំនាញ​ផ្នែក​សិលាចារឹក​ខ្មែរ​ ១ ​ក្រុម​ដែល​ភាគច្រើន​សមាជិក​ក្រុម​នេះ​ជា​អ្នកបម្រើ​ការ​នៅ​សាលា​បារាំង​ចុង​បូព៌ា​ជួយ​ពិនិត្យ​ចុះបញ្ជី​សារពើ​ភណ្ឌ​កម្ពុជា​។

លោក​ ទីណា បាន​ថ្លែងថា​៖ «​បើ​ពិនិត្យ​លើ​ទម្រង់​អក្សរ​សិលាចារឹក​នេះ​យើង​សន្និដ្ឋាន​បាន​ថា ពុំមែន​ជា​អក្សរ​ចារ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ​ទេ ព្រោះ​អក្សរ​មាន​រាង​មូល​ខុស​ពី​អក្សរ​ក្នុង​រាជ្យ​ព្រះអង្គ​ដែល​ច្រើន​មាន​រាង​ជ្រុង​។ ដូច្នេះ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្នើឲ្យ​ជួយ​ពិនិត្យ ដើម្បី​ចុះបញ្ជី​លេខសម្គាល់​។ ក្រោយ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាម​លក្ខណៈ​បច្ចេកទេស​លើ​ព័ត៌មាន​មួយចំនួន​ដែល​ទទួល​បាន​ពី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រកឃើញ​ថា សិលាចារឹក​នេះ​ពិតជា​សិលាចារឹក​ដែល​ពុំទាន់​បាន​ចុះបញ្ជី​នៅឡើយ​ដែល​កសាង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ ​មែន​ទើប​បាន​សម្រេច​ចុះបញ្ជី​សិលាចារឹក ប្រាសាទ​ទន្លេស្ងួត K.1459»​។

លោក​បញ្ជាក់​ដែរ​ថា ចំពោះ​ចំនួន​សិលាចារឹក​ជា​ភាសា​ខ្មែរ​ក្តី​ជា​ភាសាសំស្ក្រឹត​ក្តី​ដែល​បាន​រកឃើញ​នៅលើ​ទឹកដី​កម្ពុជា និង​នៅលើ​អតីត​ទឹកដី​កម្ពុជា​បាន​ចុះបញ្ជី​រួច​ចាប់ពី​ទសវត្សរ៍​ឆ្នាំ​ ១៩២០ ដែលមាន​លោក George Coede''s ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​ចុះបញ្ជី​ដំបូង​គេ​។ រហូត​មកដល់​សព្វថ្ងៃ​នេះ​មាន​ចំនួន​ ១ ៤៥៩ រួមទាំង​សិលាចារឹក​ប្រាសាទ​ទន្លេស្ងួត​ដែល​ទើប​ចុះបញ្ជី​រួច​ថ្មីៗ​នេះ​ផងដែរ​៕