ព្រៃវែង​៖ ក្រុមហ៊ុន​ស៊ីភីខេមបូឌា​ សហការ​ជាមួយ​ក្រុមហ៊ុន​ទ្រូម៉ានី​ ខេមបូឌា​បាន​រៀបចំ​កម្មវិធី​ចុះ​ផ្តល់​អំណោយ​សប្បុរសធម៌​ដល់​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ព្រៃវែង​ចំនួន ៤ ​ឃុំ​ក្នុង​ស្រុក​ពាមរក៍​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែ​សីហា ឆ្នាំ​ ២០១៨​។

កម្មវិធី​ចែក​អំណោយ​សប្បុរសធម៌​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បរិវេណ​វត្ត​ជ្រោយ ភូមិ​ពាមកោះ ឃុំ​ពាមរក៍ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង​ដែល​មាន​ការចូលរួម​ពី​ឯកឧត្តម ឌុច គន្ធា អភិបាលរង និង​ជា​អនុប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ព្រៃវែង និង​តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ជា សុមេធី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​ព្រៃវែង លោកស្រី​ សេង ទៀង អភិបាលស្រុក​ពាមរក៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក តំណាង​ក្រុមហ៊ុន​ស៊ីភីខេមបូឌា លោក វីទថាក់យ៉ា ក្រៀងក្រៃវីទ និង​តំណាង​ក្រុមហ៊ុន​ទ្រូម៉ានី​ប្រចាំ​ប្រទេស​កម្ពុជា លោក គង់ មាន​។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរក៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​មាន​ក្តីរំភើប​រីករាយ និង​សូម​សម្តែង​នូវ​ការគោរព​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​វត្តមាន​ឯកឧត្តម​អភិបាលខេត្ត និង​ម្ចាស់​ជំនួយ​ពី​ក្រុមហ៊ុន​ស៊ីភីខេមបូឌា និង​ក្រុមហ៊ុន​ទ្រូម៉ានី​ ខេមបូឌា​ក្នុង​ការ​ផ្តល់​ជំនួយ​សប្បុរសធម៌​ដល់​ប្រជាជន​រងគ្រោះ​ចំនួន​ ១៥០ ​គ្រួសារ​ក្នុង​ស្រុក​ពាមរក៍​ដែល​បាន​ទទួល​រង​ផលប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​»​។

ក្នុង​ពិធី​ចែក​អំណោយ​សប្បុរសធម៌​នេះ​ក្រុមហ៊ុន​ទាំង ​២ ​បាន​ធ្វើការ​បរិច្ចាគ​ជា​អំណោយ​អាហារ​គ្រឿង​ឧបភោគបរិភោគ​ដល់​ប្រជាជន​ចំនួន ១៥០​ ​គ្រួសារ​នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង​ដែល​នៅ​ក្នុង​នោះ​មាន​ដូចជា អង្ករ មី ត្រីខ ពងមាន់ ទឹក​សុទ្ធ និង​ថ្នាំពេទ្យ ខ្លះៗ​ផង​ដែរ​។

យោង​តាម​ប្រសាសន៍​របស់​លោក វីទថាក់យ៉ា ក្រៀងក្រៃវីទ (Wittaya Kreangkriwit) ​តំណាង​ឲ្យ​ក្រុមហ៊ុន​ស៊ីភីខេមបូឌា បាន​ឲ្យ​ដឹង​ថា​៖ «​មូលហេតុ​ដែល​ក្រុមហ៊ុន​ស៊ីភីខេមបូឌា និង​ក្រុមហ៊ុន ទ្រូម៉ានីខេមបូឌា​បាន​សហការ​គ្នា​ចូលរួម​បរិច្ចាគ​អំណោយ​សប្បុរសធម៌​នៅ​ខេត្ត​ព្រៃវែង​ដោយសារ​ខេត្ត​នេះ​ទទួល​រងគ្រោះ​ទឹកជំនន់​ជាច្រើន​កន្លែង​យ៉ាង​ខ្លាំងក្លា​»​។

លោក វីទ ថាក់យ៉ា ក្រៀងក្រៃវីទ​, ឯកឧត្តម ឌុច គន្ធា និង​លោក គង់ មាន ចែក​អំណោយ​ជូន​ប្រជាជន​រងគ្រោះ

បច្ចុប្បន្ន​បរិស្ថាន​ និង​អាកាសធាតុ​គឺ​មាន​ភាព​ប្រែប្រួល​ខុស​ធម្មតា​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​ខ្លាំង​បំផុត និង​បង្ក​ឲ្យ​មាន​គ្រោះទឹកជំនន់​បណ្តាល​ឲ្យ​ខូចខាត​ដល់​ស្រែចម្ការ ដំណាំ ប្រភពទឹក និង​មាន​ជំងឺ​ផ្សេងៗ​មក​ជាមួយ​ផង​ដែរ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ដង​ទន្លេ​។

ថ្លែង​ក្នុង​ពិធី​នេះ​ផង​ដែរ​លោក គង់ មាន ជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ទ្រូម៉ានី ខេមបូឌា ​មាន​ប្រសាសន៍​ថា​៖ «​លោក និង​ក្រុម​ការងារ​ព្រម​ទាំង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​​ស៊ីភីខេមបូឌា​ទាំងអស់​ពិត​ជា​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​​បញ្ហា​គ្រោះធម្មជាតិ​នេះ​ដែល​បាន​បណ្តាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៃ​ខេត្ត​ព្រៃវែង​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​»​។

លោក ក្រៀងក្រៃវីទ បន្ថែម​ថា​៖ «​យើង​គួរ​ដឹង​អំពី​ការការពារ​បរិស្ថាន ដើម្បី​អនុវត្ត​សកម្មភាព​ផ្សេងៗ​មិន​ថា​ជា​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង​បរិបទ​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​ក៏​គួរតែ​គិត​ដល់​បរិស្ថាន និង​ជួយ​ការពារ​គ្នា​ដើម្បី​ទទួល​បាន​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​»​។

គួរ​បញ្ជាក់​ដែរ​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ទំនាប​កណ្តាល ហើយ​មាន​ខ្សែ​បណ្តោយ​ទឹក​តាម​ទន្លេ​មេគង្គ​ដែល​អាច​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​ដែល​ពិបាក​នឹង​ចៀសផុត ហើយ​ខេត្ត​ព្រៃវែង​ជា​ចំណុច​ដែល​មាន​ខ្សែ​ទឹក​ស្រប​ជាមួយ​ទន្លេ​មេគង្គ​ដែល​អាច​រង​ផលប៉ះពាល់​ទឹកជំនន់​ខ្លាំង​៕