ភ្នំពេញៈ ជីវភាព​ប្រជា​នេសាទ​នៅ​កម្ពុជា​កំពុង​រង​ឥទ្ធិពល​អវិជ្ជមាន​ខណៈ​ផល​ត្រី​ដែល​ពួកគេ​ចាប់​បាន​មាន​ការ​ធ្លាក់​ចុះ​ដោយសារ​ដែន​ជម្រក​ត្រី​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ និង​រំលោភ​យក​ជាកម្ម​សិទ្ធិ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ប្រាក់ សេរី​វឌ្ឍន៍​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជន​បទ​កម្ពុជា (CIRD) កាល​ពី​ម្សិលមិញ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី «ការពង្រឹង និង​គ្រប់គ្រង​សមត្ថភាព​របស់​សហគមន៍​នេសាទ​ដើម្បី​ចាក​ចេញ​ពី​ភាព​ក្រីក្រ» នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​លោក សេរី​វឌ្ឍន៍​បាន​លើក​ឡើង​ថា ផ្អែក​លើ​លទ្ធផល

ស្រាវជ្រាវ​រួមគ្នា​រវាង​វិទ្យាស្ថាន​របស់​លោក និង​វិទ្យាស្ថាន​បច្ចេកទេស​អាស៊ាន (AIT) ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ផល​ត្រី​ចាប់​បាន​របស់​ប្រជា​នេសាទ​ម្នាក់ៗ​មាន​ការ​ថយ​ចុះ​ចន្លោះ​ពី ៤០-៥០ ភាគរយ បើ​ធៀប​កាល​ពី ៦-៧ ឆ្នាំ​មុន។

លោក​បាន​បញ្ជាក់ថា៖ «ខណៈផល​ត្រី​ចាប់​ក្នុង​ម្នាក់ៗ​ថយ​ចុះ​បាន​ធ្វើ​ឲ្យ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​ជួប​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​នោះ​ភាគ​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​នៅ​រដូវ​បិទ​នេសាទ​ដើម្បី​រក​ការងារ​ធ្វើ​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត និង​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ផង និង​ទិញ​ឧបករណ៍​នេសាទ​សម្រាប់​ធ្វើ​អាជីវកម្ម​នេសាទ​នៅ​រដូវ​បើក​នេសាទ​មក​ដល់​ផង»។

ថ្លែង​ក្នុងឱកាស​នោះដែរ​លោកស្រី Kyoko Kusakabe ជា​សាស្ត្រា​ចារ្យ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​អាស៊ាន (AIT) បាន​ថ្លែង​ថា ភាគ​ច្រើន​នៃ​ប្រជា​នេសាទ​ដែល​ត្រូវ​បាន​សម្ភាស​ក្នុង​ពេល​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​មុន​បាន​លើកឡើង​ពី​កង្វល់​ចំពោះ​ការ​បាត់បង់​ដែន​ជម្រក​ត្រី​តាមរយៈ​រាន​ដី​ព្រៃ​លិច​ទឹក និង​ការ​ចាក់​ដី​លុប​បឹង និង​ព្រែក​មួយ​ចំនួន​ដើម្បី​ពង្រីក​ដី​កសិកម្ម និង​យក​ជា​កម្មសិទ្ធិ។

លោកស្រី​បាន​បន្តថា សហគម​ន៍​នេសាទ ១៤ ក្នុង​ចំណោម ៥១៧ នៅ​ទូទាំង​ប្រទេស​ដែល​ត្រូវ​បាន​ចុះ​សម្ភាស​ដល់​ទីតាំង​បាន​បង្ហាញ​ថា ក្នុង​ដែន​នេសាទ​សហគមន៍​នីមួយៗ​មាន​សក្ដានុពល​ខុស​គ្នា ឯ​ការ​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ក៏​ខុស​គ្នា​ដែរ។

លោកស្រី​ថា៖ «សហគមន៍​នេសាទ​ក្នុង​តំបន់ឆ្នេរ និង​នៅ​ជុំ-វិញ​បឹង​ទន្លេសាប​មាន​សក្ដានុពល​ល្អ​ជាង​សហគមន៍​នេសាទ​មួយ​ចំនួន​នៅ​តាម​ដង​ទំនាប​ទន្លេ​មេគង្គ។ ក្រៅ​ពី​ការ​នេសាទ​សហគមន៍​នេសាទ​ក្នុង​តំបន់​ឆ្នេរ និង​នៅ​ជុំវិញ​បឹង​ទន្លេសាប​អាច​រក​ប្រាក់​ចំណូល​បន្ថែម​បាន​តាមរយៈ​ការ​អភិវឌ្ឍ​កម្មវិធី​អេកូ​ទេសចរណ៍​ឬ​កម្មវិធី​ផលិតកម្ម​ស្បៀង​អាហារ​ពី​ធនធាន​ជល​ផល ដូចជា​ប្រហុក ផ្អក ត្រីងៀត និង​ត្រីឆ្អើរ​ជាដើម»។

ជាមួយគ្នានេះ លោក លីវ សុផល សមាជិក​គណៈកម្មការ​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​មក​ពី​ខេត្ត​កំពត​បាន​ថ្លែង​ថា ព្រៃ​កោង​កាង​មួយ​ចំនួន​ក្នុង​តំបន់​ឆ្នេរ​ឬ​តំបន់​ដែន​នេសាទ​ទឹក​រាក់​ខ្លះ​ត្រូវ​បាន​គេ​ចាក់​ដី​លុប​រំលោភ​យក​ជា​បន្ត​បន្ទាប់ បើ​ទោះ​ជា​មាន​ការ​តស៊ូ​មតិ​ពី​ប្រជា​សហគមន៍​នេសាទ​ក្ដី ហើយ​បញ្ហា​នេះនៅ​តែ​បន្ត​អូស​បន្លាយ​រហូត​មក​ទល់​បច្ចុប្បន្ន។

លោក​ថា៖ «បច្ចុប្បន្ន​សហគមន៍យើងខ្ញុំ​មាន​ក្ដីបារម្ភ​ខ្លាំង បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​មួយ​បាន​ចុះ​ស្រាវជ្រាវ ហើយ​គូស​ផែនទី​គ្រប​ដណ្ដប់​យក​ទាំង​ស្រុង​នូវ​តំបន់​ដែន​នេសាទ​សហគមន៍​យើង​ខ្ញុំ​ដោយ​ពុំបាន​សួរ​នាំ​ឬ​ពិគ្រោះ​យោបល់​មក​សហគមន៍​យើង​ខ្ញុំ​នោះ»។

លោក លី វុទ្ធី ប្រធានស្ដីទី​នាយកដ្ឋាន​សហគមន៍​នេសាទនៃ​រដ្ឋបាល​ជល​ផល​បាន​ថ្លែង​ថា ជា​ធម្មតា​នៅ​ពេល​ប្រទេស​មាន​សុខ​សន្តិភាព ការ​អភិវឌ្ឍ​គឺ​មាន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់។ ប៉ុន្តែ លោក​ថា តំបន់​ដែន​នេសាទ​ត្រពាំង​សង្កែ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដូច្នេះ​បើ​មាន​គម្រោង​អភិវឌ្ឍន៍​អ្វីមួយ​ក្នុង​តំបន់​នេះ​ចាំបាច់​ត្រូវ​មាន​ការ​សម្រេច​ពី​ក្រសួង​ជំនាញ​ជា​មុន។

លោក​ថ្លែងថា៖ «យើង​រីករាយ​ចំពោះ​ការអភិវឌ្ឍ ប៉ុន្តែ​ករណី​ដែល​បងប្អូន​ប្រជា​នេសាទ​ក្នុង​សហគមន៍​ត្រពាំង​សង្កែ​បាន​លើក​ឡើង ខ្ញុំ​យល់​ថា វា​គ្រាន់​តែ​ជា​គម្រោង ១ ដែល​គេ​កំពុង​សិក្សា​និង​មិន​ទាន់​មាន​ការ​សម្រេច​អ្វី​ពី​ក្រសួង​ជំនាញ​នៅ​ឡើយ​ទេ។ បើ​មាន​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នោះ​មែន ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​នឹង​តម្រូវ​ឲ្យ​មាន​ការ​ឆ្វៀល​តំបន់​ដែន​នេសាទ​របស់​សហគមន៍​ចេញ​ជា​មិន​ខាន»។

ទោះជា​បែបណា លោក​បាន​បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​ការ​លើក​ឡើង​របស់​ប្រជា​សហគមន៍ពាក់ព័ន្ធ​ការ​ចុះ​បញ្ជី​ដី​តំបន់​ដែន​នេសាទ​ជា​សមូហ​ភាព​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជា​សហគមន៍ទៅ​ថ្ងៃ​អនាគត និង​ដើម្បី​បញ្ចៀស​ពី​បញ្ហា​វិវាទ​ដីធ្លី៕