ភ្នំពេញ៖ នៅ​ព្រឹក​នេះ ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ភូមិសាស្ដ្រ «តំបន់​ក្រហម» ក្នុង​រាជធានី​ភ្នំពេញ​សម្រុក​ទៅធ្វើ​តេស្ត តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

កាលពី​យប់​ថ្ងៃទី ២៣ ខែ​មេសា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីណែនាំ​ស្តីពី​ការប្រមូល​សំណាក ដោយ​ដាក់​កំហិត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​តំបន់​ដែល​មាន​ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ត្រូវ​ទៅធ្វើ​តេស្ត​រក​មេរោគ​ឆ្លង​ដ៏កាចសាហាវ​នេះ។

ជាមួយ​នឹង​ការសម្រុក​ទៅធ្វើ​តេស្ត​នេះ ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ បន្ទាប់ពី​បាន​ត្រឡប់​មកពី​កន្លែង​ធ្វើតេស្ត ក្នុង​សង្កាត់​ស្ទឹងមានជ័យ​វិញ​ថា លោក​មិន​បាន​ទទួល​ការធ្វើ​តេស្ត​នេះ​ទេ ព្រោះ​មាន​តែ​មនុស្ស​ណែន​តាន់តាប់។ លោក​បន្តថា ម្យ៉ាងទៀត​ក្រុម​សន្ដិសុខ​ដែល​ប្រចាំការ​នៅ​កន្លែង​ធ្វើ​តេស្ត​បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ថា ក្នុង​ដំណាក់កាល​នេះ ការធ្វើ​តេស្ត​គឺ​លើកទឹកចិត្ត​ឲ្យ​កម្មករនិយោជិត ធ្វើតេស្ដ​មុន។

តាម​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម នៃ​សង្កាត់​ស្ទឹងមានជ័យ១ សង្កាត់​ស្ទឹងមានជ័យ២ និង​សង្កាត់​ស្ទឹងមានជ័យ៣ ក្នុង​ខណ្ឌមានជ័យ ត្រូវ​ទៅយក​សំណាក​នៅ​ទីតាំង​ទី​១ នៅ​ទីលាន​ចាក់សំរាម​ចាស់​ក្នុង​ភូមិ​ដំណាក់ធំ ទីតាំង​ទី២​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ១០១៩ (ផ្លូវ​ទ្រុងមាន់) ក្នុង​ភូមិ​ទ្រា និង​ទី ៣ នៅ វិហារ​ព្រះយេស៊ូ ទល់​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីតាំង ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម​នៃ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍សែនជ័យ​ត្រូវ​ទៅយក​សំណាក​នៅ ទី១ សាលាបឋមសិក្សា​សុភមង្គម​ក្នុង​ភូមិ​បប្រ៉ក​ខាងជើង ទី​២ នៅ​ផ្សារ K-Mall ក្នុង​ភូមិ​ត្រពាំងថ្លឹង១ និង​ទី​ ៣ នៅ​ដីឡូតិ៍​ខាងក្រោយ​ផ្សារ​ឯករាជ្យ​ក្នុង​ភូមិ​ត្រពាំងថ្លឹង។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីតាំង​ដែល​ត្រូវ​បានកំណត់​ជា​តំបន់​ក្រហម​នៃ​ភូមិ១៤ ភូមិ១៦ និង​ភូមិ១៧ សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ត្រូវ​ទៅ​យក​សំណាក​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ចេនឡា៕