
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីឆ្នាំ ២០១៩។ ហ៊ាន រង្សី
ភ្នំពេញ៖ ពលរដ្ឋរស់នៅតំបន់ក្រហមមួយចំនួននៅថ្ងៃសៅរិ៍នេះ បានស្នើឲ្យអគ្គិសនីកម្ពុជារកវិធីជួយសម្រួលថ្លៃបង់ភ្លើងក្នុងកម្រិតណាមួយ ព្រោះក្នុងអំឡុងពេលបិទខ្ទប់ពួកគាត់មិនអាចចេញទៅប្រកបការងារ ដើម្បីរកចំណូលបាននោះទេ។
ការស្នើសុំនេះត្រូវបានធ្វើឡើង ក្រោយពេលដែលអគ្គិសនីកម្ពុជាបានអំពាវនាវដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ឲ្យទូទាត់ថ្លៃភ្លើងតាមរយៈធនាគារ ឬតាមទីតាំងបង់ប្រាក់ណាមួយដែលនៅជិតបំផុត។
ពលរដ្ឋនៅ «តំបន់ក្រហម» នៃតំបន់បិទខ្ទប់នៅខណ្ឌមានជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខណមិនបញ្ចេញឈ្មោះនៅថ្ងៃទី ១ ខែ ឧសភានេះថា ការបង់ថ្លៃភ្លើងដែលធ្វើតាមរយៈផ្ទេរទឹកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាអែបរបស់ធនាគារ គឺជារឿងងាយស្រួល ទោះបីបច្ចុប្បន្នស្ថិតនៅក្នុងតំបន់ក្រហមក៏ដោយ។ ប៉ុន្តែពួកគាត់មានបញ្ហាលំបាក គឺគ្មានចំណូល ដោយសារតែមិនអាចចេញទៅប្រកបការងារបាន ខណៈពេលដែលតម្លៃភ្លើងនៅតែត្រូវបង់ពេញថ្លៃដដែល។
បុរសជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់បានបញ្ជាក់ថា៖ «យើងអត់មានចំណូលទេ។ យើងចេញទៅធ្វើការរកស៊ីអត់កើត ប៉ុន្តែថ្លៃភ្លើងធម្មតានៅខែក្តៅហ្នឹងវាមានការកើនខុសពីខែមុនៗទី១។ ទី២ ដូចជាអត់មានការបន្ធូរបន្ថយពីខាង EDC ទេ។ កន្លងមកខ្ញុំធ្លាប់ឃើញសេចក្តីប្រកាស លើកលែងការបង់ភ្លើងការអីដែរ សម្រាប់អ្នកនៅតំបន់បិទខ្ទប់ ប៉ុន្តែលើកហ្នឹងមិនមានការលើកលែងការបង់អីទេ។ គេនិរាករអស់អ៊ីចឹង គឺយើងត្រូវបង់ធម្មតា»។
ដោយមូលហេតុគ្មានចំណូល ហើយត្រូវតែចំណាយផ្សេងៗទៀតជាច្រើននោះ ពលរដ្ឋស្នើសុំដល់អគ្គិសនីកម្ពុជាជួយរៀបចំជម្រើសណាមួយ ដើម្បីបន្ធូរបន្ថយដល់ការបង់ថ្លៃភ្លើងសម្រាប់ពួកគាត់ផង។
លោកថ្លែងបន្តថា៖ «នៅពេលប្រជាពលរដ្ឋរកចំណូលអត់បានរដ្ឋគួរតែ មានការបន្ធូរបន្ថយខ្លះ។ បើមិនមានការលើកលែងរយៈពេលពីរបីខែទេ ក៏គួរមានការបញ្ចុះតម្លៃណាមួយ ឬក៏មានការពន្យារណាមួយ អាចជាពីរខែបង់មួយខែ ឬក៏យ៉ាងម៉េច ដែលគេអាចជ្រើសរើសវិធីមួយដែលជួយសម្រួលដល់ប្រជាពលរដ្ឋ រាប់រយរាប់ពាន់គ្រួសារ ដែលគេបិទខ្ទប់ចេញទៅក្រៅអត់កើត»។
ចំណែកបុរសម្នាក់ផ្សេងទៀតក្នុងតំបន់បិទខ្ទប់នៅសង្កាត់ទួលសង្កែក៏បាននិយាយផងដែរថា លោកមិនធ្លាប់ធ្វើការបង់ថ្លៃភ្លើងតាមរយៈបច្ចេកវិទ្យារបស់ធនាគារនោះទេ។ ប៉ុន្តែផ្ទះរបស់លោកស្ថិតនៅក្បែរអគ្គិសនីកម្ពុជាដែលអាចទៅបង់បាន។
លោកថា៖ «ក្នុងខែថ្មីនេះ ខ្ញុំមិនទាន់ទទួលបានសំបុត្រភ្លើងនៅឡើយទេ។ អ៊ីចឹងមិនដឹងថា ការទៅបង់ពេលគេបិទខ្ទប់ហ្នឹងវាយ៉ាងម៉េចនោះទេ តែយ៉ាងណាខ្ញុំគិតថា វាពិតជាពិបាកហើយ ព្រោះតំបន់ក្រហមគេមិនអនុញ្ញាតឲ្យចេញក្រៅទេ»។
ឆ្លើយតបចំពោះបញ្ហារបស់ប្រជាពលរដ្ឋនេះ អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ពន្យល់ថា ការដែលកម្ពុជាទិញភ្លើងពីក្នុងស្រុក និងក្រៅស្រុក សុទ្ធតែត្រូវបង់ឲ្យគេវិញទាន់ពេលវេលា បើមិនដូចនោះទេ គេនឹងផ្តាច់ភ្លើង ហើយគេពិន័យដែលនាំឲ្យមានមហន្តរាយទាំងអស់គ្នា។
លោកថ្លែងថា៖ «លុយដែលយើងយកមកធ្វើខ្សែបញ្ជូនភ្លើង ដែលយើងយកពី ADB, World Bank, JICA បារាំង អាល្លឺម៉ង់ កូរ៉េ អីជាដើមហ្នឹង ក៏អត់មានពីណាពន្យារពេលសងគេដែរ ហើយបងប្អូនទាំងអស់មិនថា នៅតំបន់បិទខ្ទប់ទេ កន្លែងណាក៏គាត់រអ៊ូថា គាត់កូវីដហ្នឹងគាត់រកស៊ីមិនបាន»។
លោកបន្តដូច្នេះថា៖ «ខ្ញុំយល់អំពីការលើកហ្នឹង ប៉ុន្តែវាមិនមែនជាសមត្ថកិច្ចរបស់យើង ព្រោះរដ្ឋាភិបាលមានយន្តការមួយដោយឡែក គឺក្រោមការដឹកនាំរបស់ប្រធានគណៈកម្មការបិទខ្ទប់បច្ចុប្បន្នរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន គឺគណៈកម្មការហ្នឹងមានភារកិច្ចធ្វើការជាមួយអាជ្ញាធរ ដើម្បីមើលថា ក្រុមគ្រួសារណា ដែលអត់ពិតប្រាកដ អ៊ីចឹងគាត់មានអន្តរាគមន៍ជួយជួយជាស្បៀង ជាលុយជាអ៊ីចឹងទៅ»។
បើតាមលោក រតនៈ នៅពេលដែលមន្ត្រីជំនាញអគ្គិសនីកម្ពុជាប្រជុំជាមួយគណៈកម្មការបិទខ្ទប់បានប្រាប់ឲ្យបន្តធ្វើការងារធានាធ្វើយ៉ាងណាឲ្យមាននិរន្តរភាពក្នុងការផ្គត់ផ្គង់ភ្លើងកុំឲ្យដាច់។ ហេតុនេះ ការតម្រូវឲ្យពលរដ្ឋបង់ថ្លៃភ្លើង គឺត្រូវធ្វើដដែល។
លោកបញ្ជាក់ថា៖ «យើងមិនបានកាត់ភ្លើងផ្ទះលំនៅឋានបងប្អូនអ្នកទីទាល់ណាមួយនៅឡើយទេ គឺយើងតែងតែអត់ធ្មត់ ដើម្បីឲ្យបងប្អូនមានឱកាស។ ទន្ទឹមហ្នឹង បងប្អូនប្រជាពលរដ្ឋជាទូទៅដែលមិនមានផលប៉ះពាល់ធំដុំនោះ គួរចូលរួមបង់ព្រោះយើងត្រូវការប្រមូលថវិកា ដើម្បីធ្វើម៉េចឲ្យមានលុយបង់ទៅថ្លៃភ្លើងដែលយើងទិញមក ថ្លៃខ្សែដែលយើងបង់ការប្រាក់ទាំងអស់ហ្នឹង»។
លោក កែវ រតនៈ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី ២៩ ខែមេសា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់ឲ្យជួយធ្វើការទូទាត់ថ្លៃអគ្គិសនីឲ្យបានទាន់ពេលវេលា ដើម្បីឲ្យអគ្គិសនីកម្ពុជាអាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំងក្នុងប្រទេស និងពីប្រទេសជិតខាង។
លោក កែវ រតនៈ បានឲ្យដឹងថា អគ្គិសនីកម្ពុជានៅដំណើរការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាលរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត និងដើម្បីឲ្យអគ្គិសនីកម្ពុជាអាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំងក្នុងប្រទេស និងពីប្រទេសជិតខាង អគ្គិសនីកម្ពុជាសូមអំពាវនាវដល់អតិថិជនរបស់អគ្គិសនីកម្ពុជាមេត្តាព្យាយាមជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីតាមកម្មវិធីនៃប្រព័ន្ធទូទាត់របស់បណ្ដាដៃគូដែលជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទៅទូទាត់ផ្ទាល់នៅទីតាំងដែលនៅជិតបំផុតតាមដែលលោកអ្នកអាចធ្វើបាន»។
សេចក្តីជូនដំណឹងដដែលនេះក៏បានបញ្ជាក់ផងដែរថា ចំពោះទីតាំងធំៗដែលធ្វើការទូទាត់តាមរយៈមូលប្បទានប័ត្រអគ្គិសនីកម្ពុជាបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីរបស់អតិថិជននៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់ដោយគ្រាន់តែអាចទំនាក់ទំនងមកអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទដែលមានលើវិក្កយបត្ររៀងរាល់ម៉ោងធ្វើការ។
ក្រៅពីនេះពលរដ្ឋទាំងអស់អាចបង្វែរការទូទាត់តាមធនាគារមកកាន់គណនេយ្យណាមួយរបស់អគ្គិសនីកម្ពុជា រួចថតចម្លងឯកសារដែលបញ្ជាក់ថា ទូទាត់រួច និងផ្ញើទៅកាន់លេខទូរសព័្ទ ០១២ ៦៨៥ ៧៨៩ តាមរយៈបណ្តាញសង្គមអេឡិចត្រូនិក WhatApp ឬ Telegram ។
អគ្គិសនីកម្ពុជាបានអំពាវនាវថា៖ «អាស្រ័យហេតុនេះសូមលោក-លោកស្រី មេត្តាចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងជាថ្មី។ ការរួមគ្នាទទួលខុសត្រូវបែបនេះ ជាវិធីតែមួយគត់ដែលអាចធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីជូនជាតិយើងបាន»៕