ភ្នំពេញ: ពលរដ្ឋ​ជាង​ ៦០០ ​នាក់​​ រស់​នៅក្នុង​បុរី​របស់​ក្រុមហ៊ុន​ 7NG នៅ​ភូមិ​ដំណាក់ត្រយឹង សង្កាត់​ចោមចៅ​ទី ​២ ខណ្ឌ​ពោធិ៍សែនជ័យ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​ការលក់​ទីតាំង​ចំណត​រថយន្ត​រួម​ទៅឱ្យ​បុគ្គល​ផ្សេង​ដោយ​អះអាង​ថា ដី​នេះ​បម្រើ​ឱ្យ​ផលប្រយោជន៍​រួម ប៉ុន្ដែ​ម្ចាស់​បុរី​ថា មិន​ស្ថិត​ក្រោម​ការគ្រប់គ្រង​​របស់​ក្រុមហ៊ុន​ទៀត​ទេ ខណៈ​អាជ្ញាធរ​ឱ្យ​ប្ដឹង​ទៅ​តុលាការ​។

អ្នកស្រី ណុប ភក្ត្រា តំណាង​ពលរដ្ឋ​ទាំងនោះ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៩ តុលា ​ថា អ្នកស្រី និង​ពលរដ្ឋ​ជាង​ ៦០០ ​នាក់​នេះ​ បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ 7NG ចំពោះ​ការលក់​ដី​ចំណតរថយន្ត​ទំហំ​ ១៩ ​គុណ​ ៧៦ ​ម៉ែត្រ​ ដែល​មាន​ទីតាំង​ក្នុង​បុរី​។ ​ចំណត​រថយន្ត​នេះ​ជា​ដី​រួម​របស់​ពលរដ្ឋ​ក្នុង​បុរី​ដែល​មាន​កិច្ចសន្យា​ត្រឹមត្រូវ​ពី​ម្ចាស់​ក្រុមហ៊ុន​។

អ្នកស្រី​បាន​បន្តថា ដី​នេះ​ត្រូវបាន​ពលរដ្ឋ​ទុកជា​ទីតាំង​ចត​រថយន្ត និង​សម្រាប់​ប្រើប្រាស់​រៀបចំ​កម្មវិធី​បុណ្យ ពិធីជប់លៀង និង​ពិធី​អាពាហ៍ពិពាហ៍​។ ប៉ុន្ដែ​មួយរយៈ​ចុងក្រោយ​នេះ ស្រាប់តែ​​មាន​បុគ្គល​ចំនួន ១២ ​នាក់​ បាន​មក​ព័ទ្ធរបង និង​ឈប់​ឱ្យ​ពលរដ្ឋ​ក្នុង​បុរី​ប្រើប្រាស់​តទៅ​ទៀត ដោយ​អះអាង​ថា ជា​ដី​របស់​ពួកគាត់​ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន​ 7NG រួចហើយ​។

អ្នកស្រី ភក្ត្រា បញ្ជាក់ថា​៖ «​ដី​ហ្នឹង​យើង​បាន​ចុះកិច្ចសន្យា​ជាមួយ​ខាង​ម្ចាស់​បុរី​ថា រក្សាទុក​សម្រាប់​ចតឡាន ឬ​ប្រសិន​បើ​មាន​អ្នក​ចង់​ធ្វើបុណ្យ ឬ​ពិធីការ​កូនចៅ​អី​គឺ​មក​ធ្វើ​នៅលើ​ដី​ហ្នឹង​មក និយាយ​រួម​គឺ​ម្ចាស់​បុរី និង​ពលរដ្ឋ​ព្រមព្រៀង​គ្នា​ត្រូវ​ទុក​ដី​ហ្នឹង​ឥឡូវ​បែរ​ជា​លក់​ទៅឱ្យ​បុគ្គល​ឯកជន​ទៅវិញ​ពួកយើង​ទាមទារ​ឱ្យ​ទុក​ដី​ហ្នឹង​ដដែល​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​»​។

ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ចូលរួម​តវ៉ា​ដែរនោះ បាន​ថ្លែង​កាលពី​ថ្ងៃ​ ១៩ តុលា ​ថា ក្រុមហ៊ុន​ 7NG ​បាន​លួច​លក់​ដី​ចំណត​រថយន្ត​ទៅឱ្យ​បុគ្គល​ចំនួន​ ១២ ​នាក់​ ដែល​រស់នៅ​ក្នុង​បុរី​នេះដែរ ក្នុង​នោះ​រួមមាន​ឈ្មោះ​លោក គឹម យ៉ាន់ ប្រធាន​សហគមន៍​ដែល​គ្រប់គ្រង​ពលរដ្ឋ​ក្នុង​បុរី​,​ឈ្មោះ គឹម ឌី ត្រូវជា​កូន គឹម យ៉ាន់​,​ គឹម ឆន ត្រូវជា​សាច់ញាតិ គឹម យ៉ាន់​,​ គឹម ឌីម៉ង់ ត្រូវជា​កូន គឹម យ៉ាន់​,​ ផាន់ ណារិន្ទ ត្រូវជា​បក្ខពួក គឹម យ៉ាន់ និង​បុគ្គល​មួយចំនួន​ទៀត​។

លោក​បន្តថា លោក​មិន​ពេញចិត្ត​ចំពោះ​ការលក់​ផ្ដាច់​ទៅឱ្យ​ក្រុម​បុគ្គល​បែបនេះ​ទេ តែ​ត្រូវ​តែ​រក្សា​ដី​នេះ​សម្រាប់​ប្រើប្រាស់​ទាំងអស់​គ្នា​។ ​ពួកលោក​ជា​អតីត​ពលរដ្ឋ​​រស់នៅ​បឹងកក់ ដែល​រង​ការបណ្ដេញ​ចេញពី​ឆ្នាំ​ ២០០៧ ហើយ​នៅ​ឆ្នាំ​ ២០០៨ ក៏បាន​នាំគ្នា​មក​ទិញ​ផ្ទះ​ពី​ក្រុមហ៊ុន​ 7NG ដើម្បី​រស់នៅ​។

លោក​ថា​៖ «​អាជ្ញាធរ និង​ម្ចាស់​បុរី​ត្រូវតែ​ជួយ​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ទាំងអស់​នេះ​ព្រោះ​ពួកខ្ញុំ​តវ៉ា​នេះ​មិនមែន​សម្រាប់​បុគ្គល​ម្នាក់​ណា​ទេ​គឺ​ទុកជា​សម្បត្តិ​រួម​ប្រើប្រាស់​រួម​គ្នា បើ​បាត់បង់​ដី​នេះ​គ្មាន​កន្លែង​ចត​ឡាន ហើយ​ក៏​គ្មាន​កន្លែង​រៀបចំ​កម្មវិធី​ផ្សេងៗ​ដែរ​»​។

លោក វ៉ា សារ៉ង ចៅសង្កាត់​ចោមចៅ​ទី​ ២ បាន​ថ្លែង​ពីថ្ងៃ​ ១៩ ​តុលា​ ថា លោក​បាននិង​កំពុង​សម្របសម្រួល​ជាមួយ​ភាគី​ទំនាស់​ដើម្បី​បញ្ចប់​ការតវ៉ា​នេះ​។ ​ភាគី​អ្នក​តវ៉ា​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ 7NG ​របស់​លោក​ឧកញ៉ា ស្រី ចាន់ថន រក្សា​ទីតាំង​នេះ​ដើម្បី​ប្រយោជន៍​រួម​ក្នុង​បុរី​។ ចំណែក​ភាគី​ម្ខាង​ទៀត​ចង់​បាន​ដី​នោះ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន ដោយ​ពួកគាត់​អះអាងថា បាន​ទិញ​ពី​ក្រុមហ៊ុន​រួចហើយ​។ ​ពួកគាត់​បាន​នាំគ្នា​ព័ទ្ធរបង និង​មិន​អនុញ្ញាត​ឱ្យ​អ្នកផ្សេង​ចូល​ទីនោះ​ទៀត​ទេ​។

លោក សារ៉ង បញ្ជាក់ថា​៖ «​រឿងនេះ​ខ្ញុំ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ហើយ​ដើម្បី​រក​វិធានការ​ជួយ​ដោះស្រាយ​បញ្ចប់ ដើម្បី​កុំឱ្យ​ការតវ៉ា​អូសបន្លាយ​ថែមទៀត​ប៉ុន្ដែ​ភាគី​អ្នកទិញ​ដី​ហ្នឹង​គាត់​មិន​ខ្វល់​ពី​ការដោះស្រាយ​ទេ​គឺ​គោលដៅ​គាត់​ចង់បាន​តែ​ដី​នោះ​ប៉ុណ្ណោះ​ហើយ​គាត់​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្ដឹង​ទៅ​តុលាការ​ថែមទៀត​ផង បើ​មាន​អ្នក​មិន​សុខចិត្ត​។ ទោះ​យ៉ាងណា​ក្នុង​នាម​យើង​ជា​អាជ្ញាធរ​នឹង​ព្យាយាម​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​»​។

លោក ហែម ដារិទ្ធ អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា ផ្លូវ​ដែល​ពលរដ្ឋ​បិទ​តវ៉ា​នោះ​បាន​បើក​ដំណើរការ​វិញ​ហើយ ប៉ុន្តែ​លោក​បាន​លើកទឹក​ចិត្ត​ឱ្យ​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​ទាំងនោះ​ប្ដឹង​ទៅ​កាន់​សាលាដំបូង ដើម្បី​រក​ដំណោះស្រាយ​បន្តទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​រឿងនេះ​ខុសត្រូវ រឿង​អី​មក​បិទផ្លូវ​...​កាលណា​បិទផ្លូវ គឺជា​រឿង​ខុស​ខ្ញុំ​មិន​ទាន់​ដឹង​រឿង​បន្ដទៀត​ទេ ព្រោះ​ជាប់​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​យើង​នៅ​ទីតាំង​ទឹកជំនន់​»​។

លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន​ 7NG បាន​ថ្លែង​ពីថ្ងៃ​ទី​ ១៩ តុលា ​ថា លោក​មិន​ទាន់​បានទទួល​ព័ត៌មាន​នេះ​ទេ ដោយសារ​បុរី​នៅ​ទីតាំង​ខាងលើ​គឺ​ក្រុមហ៊ុន​បានប្រគល់​ទៅឱ្យ​សហគមន៍​ (​អតិថិជន​ទិញ​បុរី​) ​ជា​អ្នកគ្រប់គ្រង​ផ្ទាល់ ព្រោះ​ក្រុមហ៊ុន​បាន​លក់​ផ្ទះ​ឱ្យ​ពួកគាត់​អស់​ហើយ​។ ដូច្នេះ​ក្រុមហ៊ុន​មិន​មាន​កាតព្វកិច្ច​ពាក់ព័ន្ធ​នឹង​ទំនាស់​នេះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​បុរី​ខាង​ហ្នឹង​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ខាង​ក្រុមហ៊ុន​ខ្ញុំ​ទៀត​ទេ គឺ​ខ្ញុំ​បាន​ប្រគល់​ជូនទៅ​ខាង​សហគមន៍​គ្រប់គ្រង​ផ្ទាល់ ទីតាំង​ហ្នឹង​ពី​មុន​ក្រោម​ការគ្រប់គ្រង​របស់ខ្ញុំ​មែន ប៉ុន្ដែ​ខាង​សហគមន៍​គាត់​គ្រប់គ្រង​វិញ​ហើយ​។ ប៉ុន្ដែ​ពលរដ្ឋ​មួយ​ចំនួន​នៅតែ​ហៅ​តៗ​ថា​ 7NG, 7NG 7NG ជាប់មាត់​រហូត​មក​តែ​ការពិត​មិនមែន​របស់​ខ្ញុំ​ទៀត​ទេ​»​។

លោក គឹម យ៉ាន់ ប្រធាន​សហគមន៍​នៅក្នុង​បុរី​ក្រុមហ៊ុន​ 7NG ដែលជា​ភាគី​អ្នកទិញ​ដី​នេះ​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​កាលពី​ម្សិលមិញ​៕