ភ្នំពេញៈ រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ បាន​ប្រកាស​បែងចែក​ពេលវេលា​សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ពី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ខេត្ត​នានា​ និង​ពី​ខេត្ត​នានា​មក​ភ្នំពេញ​វិញ​ដោយ​ឥតគិតថ្លៃ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ខណៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រកាស​អំពី​កម្មវិធី​ជិះ​រថភ្លើង​ទៅកាន់​ក្រុង​ព្រះសីហនុ​,​ខេត្ត​ពោធិ៍សាត់​ និង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ដោយ​ឥតគិតថ្លៃ​ពីថ្ងៃ​ទី​ ២៦-៣០ ខែកញ្ញា​។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ​ក្រសួង​​បាន​បង្កើត​កម្មវិធី​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​ខេត្ត​មួយ​ចំនួន​ដោយ​ឥតគិតថ្លៃ​តាម​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវដែក​ និង​រថយន្តក្រុង​។

លោក​ថ្លែងថា​៖ «​យើង​បានរៀបចំ​កម្មវិធី​ដឹកជញ្ជូន​តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​, ភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់ និងពី​ខេត្ត​ពោធិ៍សាត់​ទៅ​ក្រុង​ប៉ោយប៉ែត​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​​ទី​ ២៦-៣០ ​ខែ​កញ្ញា​ ដែល​ក្នុង​ ១ ​ថ្ងៃ​​ មាន​ ២ ​វេន​។ វេន​ទី​ ១ ​នៅ​ម៉ោង​ ៧:៣០ ​នាទី​ព្រឹក និង​វេន​ទី​ ២ ​ពី​​ម៉ោង​ ៦:៣០ ​នាទី​ ឬ​ ៧ ​យប់​»​។

លោក អ៊ាន សុឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រថយន្ត​ ១២០ ​គ្រឿង​សម្រាប់​ដឹក​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត​នានា និង​ពី​ខេត្ត​នានា​មក​ភ្នំពេញ​វិញ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​ ២៦-៣០ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ​។

លោក​បាន​បន្ត​ថា​ការចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​នានា​មាន​ ៥ ​ដង​ក្នុង​ ១ ​ថ្ងៃ ​រួមមាន​នៅ​ម៉ោង​ ៥:៣០ ​នាទី​ម្ដង​,​ម៉ោង​ ១១:៣០ ​នាទី​ម្ដង​,​ម៉ោង​ ១២:៣០ ​នាទី ​ថ្ងៃត្រង់​ម្ដង​,​ ម៉ោង​ ១៣:៣០ ​នាទី​រសៀល​ម្ដង និង​ម៉ោង​ ១៤ ​រសៀល​ម្ដង​។ ចំណែក​ទីតាំង​ចំណត​សម្រាប់​គោលដៅ​ដឹកជញ្ជូន​ពី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត​នានា​មាន​ ៥ ​ទីតាំង​។

ទីតាំង​ទី​ ១ ​ស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវ​ ៦០ ​ម៉ែត្រ​ ទល់មុខ​ក្រុមហ៊ុន​ម៉ែរសឺដែស​គឺ​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ទៅ​ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង​ និង​តាកែវ​ដោយ​ឆ្លងកាត់​ខេត្ត​កណ្ដាល​តាមផ្លូវ​ជាតិ​លេខ​ ១ ​និង​ផ្លូវជាតិ​លេខ​ ២ ។

ទីតាំង​ទី​ ២ ស្ថិតនៅ​ស្ថានីយ​ចំណត​រថយន្ត​ផ្លូវ​ ២០០៤ ជាប់​បញ្ជាការដ្ឋាន​កងទ័ព​អាកាស​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ទៅ​ខេត្ត​កែប​,​កំពត​,​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​ដោយ​ឆ្លងកាត់​ខេត្តកណ្ដាល​តាមផ្លូវ​ជាតិ​លេខ​ ៣ ​និង​ផ្លូវជាតិ​លេខ​ ៤​។

ទីតាំង​ទី​ ៣ ស្ថិតនៅ​សួនច្បារ​ឃ្លាំង​សាំង​ឫស្សីកែវ​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ទៅ​ខេត្ត​កំពង់ឆ្នាំង​,​ ពោធិ៍សាត់​,​ បាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ​ដោយ​ឆ្លងកាត់​ខេត្ត​កណ្ដាល​តាមផ្លូវ​ជាតិ​លេខ​ ៥​។

ទីតាំង​ទី​ ៤ ស្ថិតនៅ​ក្បែរ​រង្វង់មូល​ទេពមច្ឆា​ខាងកើត​ស្ពានដែក​ឫស្សីកែវ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ទៅ​ខេត្ត​កំពង់ធ និង​ខេត្ត​សៀមរាប ដោយ​ឆ្លងកាត់​ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ចាម​តាម​ផ្លូវ​ជាតិ​លេខ​ ៦ ខណៈ​ទីតាំង​ទី​ ៥ ស្ថិត​នៅ​មុខរាជាយស្ម័យយាន​កម្ពុជា​ (​រ៉ារថភ្លើង​) ​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​ទៅ​ខេត្តកំពង់ចាម​,​ត្បូងឃ្មុំ​,​ក្រចេះ​ និង​ខេត្តស្ទឹងត្រែង​ដោយ​ឆ្លងកាត់​ខេត្តកណ្ដាល​តាម​ផ្លូវ​ជាតិ​លេខ​ ៦ ​ផ្លូវជាតិ​លេខ ៦-៧ និង​ផ្លូវជាតិ​លេខ ៦-៨ ។

លោក​ថ្លែងថា​៖ «​សូម​បងប្អូន​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅតាម​បណ្ដា​ខេត្ត​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​​ខាង​មុខ​នេះ មេត្តា​រួសរាន់​ទៅ​កាន់​គោលដៅ​នៃ​ចំណត​នីមួយៗ​ដែល​បានកំណត់​» ។

កាលពី​ម្សិលមិញ​អ្នកស្រី កែវ ថន អាយុ​ ៦៦ ​ឆ្នាំ ​ដែល​រស់នៅ​​ភូមិ​មិត្តភាព សង្កាត់-ខណ្ឌ​ឫស្សីកែវ​បាន​ទៅពិនិត្យ​កម្មវិធី​ចេញ​​ដំណើរ​នៅ​ទីតាំង​ឃ្លាំង​សាំង​ឫស្សីកែវ​បាន​និយាយ​ថា​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ គាត់​ចង់​ធ្វើដំណើរ​ទៅ​ខេត្តបាត់ដំបង​ឲ្យ​ទាន់​កម្មវិធី​បុណ្យ​ភ្ជុំ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ និង​ក្រុមគ្រួសារ​ចង់ទៅ​ភ្ជុំ​នៅ​បាត់ដំបង​ដើម្បី​ជួបជុំ​សាច់ញាតិ​។ ខ្ញុំ​ និង​ក្រុមគ្រួសារ​បាន​ឯកភាព​គ្នា​ចេញ​ពី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ដោយ​ជិះ​រថយន្តក្រុង ព្រោះ​យើង​មិន​មាន​លុយ​ច្រើន​សម្រាប់​បង់ថ្លៃ​រថយន្ត​ឈ្នួល​នោះទេ​»​។

ចំណែក​កម្មករ​សំណង់​ម្នាក់​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ លោក តាន់ សុខសាន អាយុ​ ២៦ ​ឆ្នាំ​ បាន​និយាយថា នៅ​ថ្ងៃបុណ្យ​កាន់បិណ្ឌ គាត់​បានរៀបចំ​ម្ហូបអាហារ នំចំណី ព្រមទាំង​ថវិកា​មួយ​ចំនួន​ជូន​ម្ដាយ​របស់​គាត់ និង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​បាន​ ៣ ​ដង​រួច​មក​ហើយ ដូច្នេះ​ក្នុង​ឱកាស​បាន​ឈប់​សម្រាក​ការងារ​នេះ គាត់​ចង់​នាំ​ប្រពន្ធ​កូន​របស់​គាត់​ទៅ​លេង​ខេត្តសៀមរាប​។

លោក សុខសាន បាន​ថ្លែងថា​៖ «​ពួកយើង​មិនសូវ​មាន​ពេលទំនេរ​នោះ​ទេ ដូច្នេះ​ក្នុង​ឱកាស​ឈប់សម្រាក​បុណ្យ​ភ្ជុំ​នេះ ខ្ញុំ​ចង់​នាំ​ប្រពន្ធ​កូន​ខ្ញុំ​ទៅលេង​ខេត្ត-​សៀមរាប ទស្សនា​ប្រាសាទ​អង្គរវត្ត​ម្ដង ព្រោះ​ប្រពន្ធ​កូន​ខ្ញុំ​មិន​ធ្លាប់​បាន​ទៅលេង​ប្រាសាទ​អង្គរវត្ត​នោះទេ​»​។

លោក សុខសាន បាន​បន្ត​ថា​ពួកគាត់​នឹង​នាំគ្នា​ជិះ​រថយន្តក្រុង​របស់​រដ្ឋាករស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​ដោយ​ចេញ​ដំណើរ​នៅ​ម៉ោង​ ៥:៣០ ​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕