ភ្នំពេញ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​មន្ត្រី​ចុះ​ទៅ​យក​សំណាក​ដល់​ផ្ទះ​របស់​ពួក​គាត់ ដើម្បី​ចៀសវាង​ការ​ប្រមូល​ផ្តុំ​គ្នា ខណៈ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព​នៃ​ការ​ឆ្លង​ក្នុង​អំឡុង​ពេល​ទៅ​ធ្វើ​តេស្ត។

អ្នក​នាំពាក្យ​សាលារាជ​ធានីភ្នំពេញ​បាន​អះអាង​ថា ការ​បង្ហាញ​ក្តី​បារម្ភ និង​សំណើ​នេះ បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ក្នុង​តំបន់​ក្រហម ទៅ​យក​សំណាក​ជា​កំហិត​នៅ​ទីតាំង​ចំនួន ៣ ក្នុង​ខណ្ឌ​នីមួយៗ ដែល​បាន​បិទ​ខ្ទប់ ខណៈ​នៅ​ថ្ងៃ​ដំបូង​មាន​មនុស្ស​ជាច្រើន បាន​សម្រុក​ទៅ​ធ្វើ​តេស្ត​នៅ​តាម​ទីតាំង​នីមួយៗ។

គណនី​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា Kourchettana បាន​សរសេរ​មតិយោបល់​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​សាលារាជ​ធានី​យ៉ាង​ដូច្នេះ​ថា ដោយសារ​មាន​ក្រុម​គ្រួសារ​ជាច្រើន​នៅ​ក្នុង​តំបន់​ក្រហម​គោរព​តាម​វិធានការ​សុខាភិបាល​បាន​ខ្ជាប់ខ្ជួន ដោយ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ។ ដូច្នេះ ស្នើ​ដល់​សាលា​ក្រុង​មេត្តា​យក​សំណាក​តាម​វិធី​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន និង​មាន​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ ព្រោះ​ការ​ចេញ​ទៅ​ក្រៅ​ទៅ​កន្លែង​ប្រមូល​ផ្តុំ ដើម្បី​ទៅ​យក​សំណាក​វា​អាច​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ចំពោះការ​ឆ្លង​នៅ​ក្នុង​តំបន់​ដែល​មាន​អត្រា​ឆ្លង​ខ្ពស់។ សូម​អរគុណ​ដល់​សាលាក្រុង​សម្រាប់​ការ​ពិចារណា។

លោក​បញ្ជាក់​ថា៖ «ការ​យក​សំណាក់​តាម​វិធី​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន ដូចជា​ចុះ​យក​សំណាក​តាម​ប្លុក​ដោយ​ក្នុង​មួយ​ប្លុក​មាន​រាប់រយ ឬ​ពាន់​គ្រួសារ (ឧទាហរណ៍៖ ប្លុក​បុរី​ណា​មួយ)។ ការ​យក​សំណាក់​ដោយ​បែងចែក​​ឱ្យ​ដាច់​រវាង​ប្លុក​មុខ​សញ្ញា​ឆ្លង​ខ្ពស់ ដោយ​ផ្អែក​លើ​ទិន្នន័យ​នៃ​អ្នក​ឆ្លង​ពី​មុន (ដូចជា​កម្មករ កម្មការី អ្នក​លក់ដូរ---) និង​ប្លុក​មិន​ឆ្លង​ខ្ពស់​នៅ​ក្នុង​តំបន់​ក្រហម ដើម្បី​ចៀសវាង​អ្នក​រស់នៅ​ក្នុង​ប្លុក​ឆ្លង​ច្រើន​ធ្វើ​ដំណើរ​ទៅ​យក​សំណាក​នៅ​ប្លុក​ដែល​មាន​ឆ្លង​តិច ដែល​នាំ​ឱ្យ​មាន​ការ​លាយ​ឡំ​គ្នា»។

ចំណែក​គណនី​មួយ​ទៀត ដែល​មាន​ឈ្មោះ Bolen Lee បាន​បញ្ចេញ​មតិ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា មតិ​របស់​ខ្ញុំ​យោបល់​របស់​ពលរដ្ឋ ដែល​បាន​បង្ហាញ​ពី​ក្តី​បារម្ភ និង​មធ្យោបាយ​មួយ​ចំនួន​នេះ គឺ​អាច​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យក​ទៅ​ពិចារណា​ក្នុង​ន័យ​រៀបចំ​ផែនការ​ឱ្យ​បាន​លម្អិត​ជាង​នេះ។

លោក​បន្ត​ថា៖ «ចៀសវាង​ហានិភ័យ​តាមរយ:​ការ​ជួបជុំ​យក​សំណាក ដោយ​ហេតុ​ថា តំបន់​ក្រហម​ក៏​មាន​ប្លុក​ខ្លះ​ប្រឈម​ខ្លាំង ប្លុក​ខ្លះ​តិចតួច និង​ប្លុក​ខ្លះ​មិន​ប្រឈម ជាពិសេស​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចាក់​វ៉ាក់សាំង ២ ដង​រួច​ទៅ​ហើយ ដូច្នេះ បើ​ទៅ​យក​សំណាក​រួមគ្នា មិនមែន​ជា​ការ​ល្អ​ទេ។ សូម​រៀប​ផែនការ​លម្អិត​ឡើង​វិញ ជា​ការ​ប្រសើរ»។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ​លោក​បាន​ឆ្លើយ​តប​ជាមួយ​បណ្តាញ​ព័ត៌មាន​ផ្លូវ​ការ Fresh News នៅ​ថ្ងៃ​នេះ​ថា ក្រោយ​ទទួល​បាន​ការ​លើក​ឡើង​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​យក​សំណាក​នៅ​តំបន់​ក្រហម​នោះ ក្រសួង​សុខាភិបាល និង​សាលា​រាជធានី នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ទៅ​យក​សំណាក​នៅ​ជិត​លំនៅឋាន​របស់​បងប្អូន​ទាំង​ឡាយ​ណា ដែល​ពិបាក​ធ្វើ​ដំណើរ​ចេញ​មក​ក្រៅ និង​មក​កាន់​កន្លែង​យក​សំណាក​ដែល​អាជ្ញាធរ​បាន​ត្រៀម​រៀបចំ។

លោក ម៉េត មាសភក្តី បាន​បញ្ជាក់ថា៖ «សម្រាប់​ជន​ពិការ ចាស់​ជរា ស្រ្តី​មាន​ផ្ទៃពោះ ស្រ្តី​បំបៅ​កូន អ្នក​មើល​ថែ​ទារក និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ មិន​អាច​ធ្វើ​ដំណើរ​មក​កាន់​កន្លែង​យក​សំណាក​បាន​នោះ ខាង​ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ទៅ​យក​សំណាក​នៅ​កន្លែង​ពួក​គាត់ ពោល​នៅ​ជិត​លំនៅឋាន​ផ្ទាល់​តែ​ម្តង ដើម្បី​ជួយ​សម្រួល​ដល់​ពួក​គាត់»៕