ព្រះសីហនុៈ ប្រជាពលរដ្ឋ ១២០ ​គ្រួសារ​ស្ថិតក្នុង​ភូមិ​វាល ឃុំ​កំពង់សិលា ស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ​បាននាំគ្នា​ផ្តិតមេដៃ​ដាក់​លិខិត​ស្នើសុំ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​សុំ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ចុះបញ្ជី​ធ្វើ​ប្លង់​ជូន​ពួកគាត់​ដើម្បី​បាន​ប្រើប្រាស់​អាស្រ័យ​ផល​។ នេះ​បើតាម​លោក សុខ និល ជា​តំណាង​ប្រជាពលរដ្ឋ​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​។

លោក និល បាន​ឱ្យ​ដឹងថា ដី​ចំណុច​ភូមិ​វាល ឃុំ​កំពង់សិលា ស្រុក​កំពង់សិលា ប្រជាពលរដ្ឋ​បានរស់នៅ និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​ ១៩៩៤​។ នៅ​ឆ្នាំ​ ២០០៤ មាន​ក្រុមហ៊ុន​អាមេរិកាំង​មក​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ដើម្បី​ដាំ​ដើម​កាស្យា ដែលមាន​លោក​ សំណាង ជា​តំណាង​អ្នកទិញ ចំណែក​លោក ទី សារុំ និង​លោក ផុង គា ជា​អ្នក​គួកជេរ​ប្រមូល​ឱ្យ​ក្រុមហ៊ុន​ដោយ​ក្នុង​ ១ ​ហិកតា​តម្លៃ ៥០ ​ដុល្លារ​។ ក្រុមហ៊ុន​ធ្លាប់​សន្យាថា ក្នុង​រយៈពេល ៥ ​ឆ្នាំ បើ​មិនបាន​អភិវឌ្ឍ​នឹង​ប្រគល់​ដី​ដែល​បាន​ទិញ​ឱ្យមក​ប្រជាពលរដ្ឋ​វិញ​។ នៅពេល​ក្រុមនិស្សិត​ចុះ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ ២០១២ តំណាង​ក្រុមហ៊ុន​បាន​ប្រាប់​ពលរដ្ឋ​ថា ដី​ក្រុមហ៊ុន​ទិញ​នោះ​ហួសពេល​អភិវឌ្ឍ​ហើយ ប្រគល់​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​អាជ្ញាធរ ភូមិ ឃុំ ជា​អ្នក​ចែកជូន​។

តំណាង​ប្រជាពលរដ្ឋ​រូបនេះ​ប្រាប់ថា នៅពេល​ក្រុមនិស្សិត​ចុះ​វាស់វែង​ឆ្នាំ​ ២០១២ គឺ​វាស់​តែ​ដី​ដែល​ប្រជាពលរដ្ឋ​មិនបាន​លក់​ឱ្យ​ក្រុមហ៊ុន​តែប៉ុណ្ណោះ រីឯ​ដី​ដែល​ក្រុមហ៊ុន​ប្រគល់ឱ្យ​ប្រជាពលរដ្ឋ​វិញ​នោះ​មិន​បាន​វាស់វែង​ទេ​។

លោក និល ថ្លែងថា​៖ «​នៅពេល​មន្ត្រី​ជំនាញ​សុរិយោដី និង​ក្រុមនិស្សិត បានប្រកាស​ពី​លទ្ធផល​វាស់វែង​ដី ប្រជាពលរដ្ឋ​ទាំងអស់​បាន​ពិនិត្យ​ឃើញ​ថា នៅ​ចំណុច​ដី​ដែល​ក្រុមហ៊ុន​បាន​ទិញ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ​វិញ​នោះ​នៅ​ទំនេរ ទើប​ពួកខ្ញុំ​រស់នៅ​អាស្រ័យផល​ជាក់ស្តែង​រហូតមក​»​។

បើ​តាម​ការបញ្ជាក់​របស់​លោក និល នៅ​ឆ្នាំ​ ២០១៦ មាន​ដីកា​កោះហៅ​របស់​តុលាការ​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស រំលោភ​កាន់កាប់​លើ​អចលនវត្ថុ​អ្នកដទៃ​ដោយ​ហិង្សា ប៉ុន្តែ​មិនដឹងថា​អ្នកណា​ជា​អ្នកប្តឹង​នោះទេ​។

លោក​ និល បញ្ជាក់ថា​៖ «​ពួកខ្ញុំ​បាន​ឡើង​តុលាការ​ជាច្រើន​លើក​តាម​ដីកា​កោះហៅ ប៉ុន្តែ​រក​ម្ចាស់​កម្មសិទ្ធិ ដែល​ជា​ដើមបណ្តឹង​មិនឃើញ [​តុលាការ​មិន​បញ្ចេញ ឈ្មោះ​ដើមបណ្តឹង​]​។ ក្រោយពេល​ទទួល​ដំណឹង​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យសុំ​ចុះបញ្ជី​ដី ដែល​ស្ថិត​នៅក្នុង​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​នៅ​តាម​ឃុំ​សង្កាត់ ពួកខ្ញុំ​បាន​ទៅ​ដាក់ពាក្យ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​សង្កាត់​មិន​ទទួល​ដាច់ខាត ដោយ​សំអាង​ថា ដី​មាន​ម្ចាស់​ហើយ​»​។

លោក​ ជ័យ សាំង មេភូមិវាល បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅ​ឆ្នាំ​ ២០១២ មាន​ការចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ម្ចាស់​ដី​រួចរាល់​ហើយ​នៅ​តំបន់​នោះ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៥ ដោយសារ​តែ​ដី​ដែលថា លក់​ឱ្យ​ទៅ​ក្រុមហ៊ុន មិនឃើញ​មានការ​អភិវឌ្ឍ ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​រស់នៅ​លើដី​នោះ​ឡើងវិញ​។

លោក សាំង ថ្លែងថា​៖ «​នៅពេល​មាន​ការប្តឹង​ទៅ​តុលាការ ដើមឡើយ​ដី​ទីនោះ​មានតែ​ ៤០ ​គ្រួសារ​ទេ អ្នកខ្លះ​បាន​ធ្វើ​ប្លង់រឹង​ហើយក៏​លក់​អស់​ជា​បន្តបន្ទាប់ រួច​ធ្វើ​ការចាប់​នៅ​កន្លែង​ផ្សេងៗ​ក្បែរ​នោះ ដែល​ជា​ដី​របស់គេ​មាន​កម្មសិទ្ធិ​លក់​តគ្នា ពាសវាល​ពាសកាល រញ៉េរញ៉ៃ ពេញ​ហ្នឹង​»​។

លោក ផុង គា មេឃុំ​កំពង់សិលា​បាន​ឱ្យ​ដឹងថា ពិតជា​មាន​អ្នក​ចុះទៅ​ទិញ​ដី​នៅក្នុង​តំបន់​នោះ​មែន ប៉ុន្តែ​ការទិញ​នោះ មិនមែន​ជា​លក្ខណៈ​ក្រុមហ៊ុន​ទិញ​ផ្ទាល់​ទេ គឺ​គេ​ទិញ​ដើម្បី​យក​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន ដើម្បី​អាច​ធ្វើការ​អភិវឌ្ឍ​តំបន់​នោះ​។

លោក គា ថ្លែងថា​៖ «​មាន​ការប្រមូល​ទិញ​ដី​នៅ​តំបន់​ភូមិ​វាល​ហ្នឹង​មែន​នៅ​ឆ្នាំ​ ២០០៥ តាំងពី​ខ្ញុំ​មិនទាន់​ក្លាយ​ជា​មេឃុំ អ្នកប្រមូល​ទិញ​ហ្នឹង​គឺ​ឈ្មោះ​ សំណាង ថា​ទិញ​ហ្នឹង​ទិញ​បម្រុង​លក់​ឱ្យ​ក្រុមហ៊ុន ប៉ុន្តែ​ក្រុមហ៊ុន គេ​អត់​យក សំណាង គេ​រក្សា​ទុកជា​របស់គេ​វិញ ដោយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​»​។

បើតាម​លោក គា ក្រោយមក​មាន​បទបញ្ជា​ ០១ ខាង​ជំនាញ​បាន​ចុះមក​វាស់វែង ដើម្បី​សម្រួល​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ប្រមាណ​ ១០០ ​គ្រួសារ​មាន​ឯកសារ​ត្រឹមត្រូវ​ប្រគល់​ឱ្យ​ពួកគាត់​រួច​ម្តងមក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៩-២០២០ ​នេះ ស្រាប់​តែមាន​ប្រជាពលរដ្ឋ​ទាំង​អ្នក​នៅក្នុង​ភូមិ និង​មកពី​ខាងក្រៅ ទៅ​កាប់​រាន​យក​ដី​របស់គេ​ដែលមាន​កម្មសិទ្ធិ​ហើយ​នោះ ធ្វើ​ជា​របស់ខ្លួន​ទៅវិញ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្លះ​ទៅ​ចាប់​យក​របស់គេ​ថែម ខ្លះ​មក​ពី​ក្រៅ ចេះតែ​ទៅ​ចាប់ដី​ដែល​គេ​មាន​ប្លង់​កម្មសិទ្ធិ ហើយ​លក់​ឱ្យ​គ្នាឯង​គ្មាន​លិខិតស្នាម គ្មាន​អី​ទេ​៕