ភ្នំពេញ៖ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន១ ២៤១ ៩៤ ៧ នាក់​នៅ​ទូទាំងប្រទេស បូកសរុប​ទាំង​ក្រសួង​ការពារជាតិ​ និង​ក្រសួង​សុខាភិបាល ខណៈ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​នៅតែ​ដំណើរការ​ដដែល​ បើទោះបី​ជា​មាន​ការបិទ​ខ្ទប់​ក៏ដោយ។

យោងតាម​របាយការណ៍​នៃ​ការចាក់​វ៉ាក់សាំង គិត​ត្រឹម​យប់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ អ្នក​ដែល​បាន​ចាក់​រួច​សរុប​សម្រាប់​ក្រសួង​ការពារជាតិ​មាន​ចំនួន ២៧៤ ៨៥៨ នាក់ និង​ក្រសួង​សុខាភិបាល​ចំនួន ៩៦៨ ០៨៩ នាក់។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​បាន​មានប្រសាសន៍​ថា ការងារ​ចាក់​វ៉ាក់សាំង​នៅតែ​ដំណើរការ​ធម្មតា និង​រិត​តែ​សម្រុក​ធ្វើ​ទៀតផង ដោយ​មិនមាន​ពន្យារពេល​ ឬ​ផ្អាក​នោះឡើយ ហើយ​គណៈកម្មការ​ចំពោះ​កិច្ច​នឹង​ដឹកជញ្ជូន​វ៉ាក់សាំង​ទៅតាម​បណ្តា​មន្ទីរ​រាជធានី-ខេត្ត​ទាំង ២៥ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។

លោកស្រី​បាន​ថ្លែង​ដូចនេះ​នៅ​ថ្ងៃ​សៅរ៍​ទី ១៧ ខែ​មេសា ឆ្នាំ ២០២១ នេះ​ថា បុគ្គល​ណា​ដែល​ចាក់​ដូស​ទី ១ រួចហើយ ហើយ​បុគ្គល​នោះ​ត្រូវ​ចាក់​ដូស​ទី ២ ទៀត​នោះ ខណៈ​ដែល​គាត់​កំពុង​ស្ថិត​នៅតាម​ខេត្ត​ ឬ​កន្លែង​ដែល​ត្រូវ​បិទ​ខ្ទប់​នោះ គឺ​បុគ្គល​នោះ​ត្រូវ​ទទួល​វ៉ាក់សាំង​ដូស​ទី ២ របស់​គាត់​នៅ​ខេត្ត​ដែល​គាត់​កំពុង​ស្នាក់នៅ។

លោកស្រី​ ឱ វណ្ណឌីន បាន​ថ្លែងថា៖ «គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩ នឹង​ចាត់ចែង​ដឹក​វ៉ាក់សាំង​ពី​រាជធានី​ភ្នំពេញ​ទៅ​ផ្គត់ផ្គង់​ជូន​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ទាំង ២៥ នៅក្នុង​មួយ​ខេត្ត​គឺ​ជូន​ចំនួន ២០០ ដូស​សម្រាប់​បុគ្គល​ចាក់​លើក​ទី ២ ដែល​នៅជាប់​បម្រាម​បិទ​ខ្ទប់​នៅ​ខេត្ត​ណាមួយ»។

អ្នកនាំពាក្យ​រូបនេះ​បាន​លើកឡើង​បន្ថែម​ដោយ​លោកស្រី​បានស្នើ​សុំ​ទៅ​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​នៅ​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​គ្រប់គ្រង​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​លើក​ទី ២ ដែល​កំពុង​ជាប់​នូវ​បម្រាម​បិទ​ខ្ទប់​នេះ ទទួល​ខុសត្រូវ​ផ្តល់​វ៉ាក់សាំង​ដល់​ពួកគាត់​តាម​ពេលវេលា​ដែល​ត្រូវ​ចាក់​ដូស​លើក​ទី ២ ដោយ​មិន​ឱ្យលើស​ថ្ងៃ​ត្រូវ​ចាក់​នោះទេ៕