បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ប្រមាណ​ ៤៩ ​នាក់​ ក្នុង​នោះ​មាន​កុមារ​ ៣៥ ​នាក់ នៅ​ភូមិ​អូរស្ងួត ឃុំ​អូរប្រាសាទ ស្រុក​មង្គលបុរី​មាន​អាការ​ក្ដៅខ្លួន ឈឺសន្លាក់​ដៃជើង ឈឺ​សាច់ដុំ ចេញ​កន្ទួល​លើ​ស្បែក ត្រូវ​បាន​សង្ស័យ​ផ្ទុះ​ករណី​គ្រុនឈីក (Chikunnguya)​។ ខណៈ​ជំងឺ​នេះ​កំពុង​រាលដាល​ទៅ​ភូមិ​ចំនួន ៤ បន្ថែម​ទៀត​ដែល​នៅក្បែរៗ​នោះ​។ យោងតាម​ការឲ្យ​ដឹង​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​។

លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា កាលពី​យប់​ថ្ងៃទី​ ៧ កញ្ញា មាន​ករណី​ផ្ទុះឡើង​នូវ​ជំងឺ​ឈីក​ជាថ្មីទៀត​នៅក្នុង​ខេត្ត​នេះ ក្រោយពី​ក្រុម​ការងារ​បាន​ចុះ​ត្រួតពិនិត្យ​បន្ទាន់​។

លោក ច័ន្ទសង្វាត បាន​ថ្លែងថា​៖ «​បន្ទាប់ពី​រកឃើញ​យ៉ាង​ដូច្នេះ ក្រុមការងារ បាន​បញ្ជូន​អ្នកជំងឺ​មួយចំនួន​មក​មន្ទីរពេទ្យ​ខេត្ត​មង្គលបុរី ព្រោះតែ​ពួកគេ​មាន​រោគសញ្ញា​ក្តៅខ្លួន ៣៩ ដល់ ៤០ ​អង្សាសេ ឈឺសន្លាក់​ដៃជើង ឈឺ​សាច់ដុំ ចេញ​កន្ទួល​លើ​ស្បែក វិលមុខ ក្អួតចង្អោរ​»​។

លោក ច័ន្ទសង្វាត បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​បញ្ចប់​ការងារ និង​បន្ត​ការតាមដាន​នៃ​ការផ្ទុះ​ករណី​គ្រុនឈីក ដែល​បាន​កើតឡើង​នៅ​ភូមិ​អូរស្ងួត ក្រុមការងារ​ក៏​កំពុង​សង្ស័យថា មាន​ការរីករាលដាល​នៃ​ជំងឺ​នេះ​ទៅ​ភូមិ​ដែល​នៅក្បែរៗ​នោះ​ចំនួន ៤ ​ភូមិ​ទៀត​ដែរ ហើយ​ការអន្តរាគមន៍​បន្ទាន់​កំពុង​បន្ត​ស្រាវជ្រាវ ករណី​សង្ស័យ​បន្ថែម​ទៀត ដើម្បី​បញ្ជូន​រក​សេវា ព្យាបាល និង​ថែទាំ និង​បូម​ឈាម​រក​ករណី​សង្ស័យ​ផ្សេងទៀត ដើម្បី​ស្រាវជ្រាវ មេរោគ​គ្រុនឈីក​។

លោក​ថ្លែងថា​៖ «​មកដល់​ពេល​នេះ​មាន​ករណី​ថ្មី​កើតមាន​ទៀត តែ​មិន​ច្រើន​ទេ​។ ក្រុមការងារ​យើង កំពុង​ចុះ​អប់រំ​ផ្សព្វផ្សាយ​នូវ​សារសុខភាព ការបង្ការ និង​ការលុបបំបាត់​ជម្រក​មូស ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ ពិសេស​ការចុះ​ដាក់​អាបែត​បន្ថែម និង​ការបាញ់​ថ្នាំ​មូស​តំបន់​គោលដៅ​»​។

លោក ចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​មង្គលបុរី​បាន​ឲ្យ​ដឹងថា ចំពោះ​អ្នកជំងឺ​ទាំងអស់​ដែល​មាន​ការសង្ស័យ​កើតមាន​ជំងឺ​ឈីក​នៅ​ក្នុង​ភូមិ​នោះ​គឺ​មាន​ចំនួន ៣៧ ​នាក់​បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ ប៉ុន្តែ​ដោយសារ​អ្នកជំងឺ​មួយចំនួន​មាន​អាការ​ល្អប្រសើរ ក្រុមគ្រូពេទ្យ​ក៏​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ ខណៈ​ដែល​អ្នកជំងឺ​ដែល​នៅ​បន្ត​សម្រាក​នៅ​មន្ទីរពេទ្យ ដោយសារ​ពួកគេ​មាន​ជំងឺ​ឈីក ស្រប​ជាមួយ​ជំងឺ​គ្រុនឈាម​។

លោក​បាន​ថ្លែងថា​៖ «​ពួកគាត់​មិនមាន​អ្វី​ធ្ងន់ធ្ងរ​ទេ ព្រោះ​អ្នក​ដែល​នៅ​បន្ត​សម្រាក​នោះ បើទោះ​ជា​មិនទាន់​បាន​លទ្ធផល​ឈាម​ថា​កើត​ជំងឺ​គ្រុនឈីក តែ​យើង​សង្ស័យ​ថា កើត​ឈីក និង​មាន​អ្នកខ្លះ​ពិនិត្យ​ឃើញ​ថា​មាន​គ្រុនឈាម​»៕