The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រជា​ពល​រដ្ឋ​ ៥៩ ​គ្រួសារ​ តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់​

ប្រជា​ពល​រដ្ឋ​ ៥៩ ​គ្រួសារ​ តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់​

Content image - Phnom Penh Post
ប្រជា​ពល​រដ្ឋ​តវ៉ា​ នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០១៨ ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី ជូន​ពួក​គាត់​។ រូប​ថត សហការី​

ប្រជា​ពល​រដ្ឋ​ ៥៩ ​គ្រួសារ​ តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់​

ខេត្តសៀមរាប: ប្រជាពលរដ្ឋចំនួន ៥៩ គ្រួសារ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានតវ៉ាជំរុញឲ្យអាជ្ញាធរ ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)ជូនពួកគាត់ ឲ្យបានឆាប់ បន្ទាប់ពីអាជ្ញាធរ បានសន្យាអស់រយៈពេលជាង ៣ ឆ្នាំមកហើយ។

កាលពីថ្ងៃទី ១២ ខែកញ្ញា ប្រជាពលរដ្ឋទាំង ៥៩ គ្រួសារ បានប្រមូលផ្តុំគ្នា ធ្វើការតវ៉ា ដើម្បីស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ ចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីប្រកាស ឲ្យអាជ្ញាធរ កាត់ឆ្វៀលដីនេះ ចេញពីតំបន់អាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ ២០១៦ កន្លងទៅ។

អ្នកស្រី ជីវ ណាវ៉ា តំណាងទាំងប្រជាពលរដ្ឋ ៥៩ គ្រួសារបានឲ្យដឹងថា ពលរដ្ឋនៅក្នុងភូមិធ្លកអណ្ដូង នៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់នៅឡើយ បើទោះបីជាពួកគាត់ បានមករស់នៅតំបន់នេះ ចាប់តាំងពីឆ្នាំ ១៩៩៧ និងមានអ្នកទើបតែរស់នៅជាបន្តបន្ទាប់ តាមរយៈទិញដីធ្លីតៗពីគ្នា។

អ្នកស្រីបន្តថា កាលពីប៉ុន្មានឆ្នាំមុន អាជ្ញាធរជាតិអក្សរា បានគំរាមបណ្តេញប្រជាពលរដ្ឋចេញពីតំបន់នេះ ដោយសំអាងថា ប្រជាពលរដ្ឋបានរស់នៅលើដីតំបន់អង្គរ។ ប៉ុន្ដែប្រជាពលរដ្ឋបាននាំគ្នាតវ៉ារហូតលឺដល់លោក ហ៊ុន សែន ទើបលោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យកាត់ឆ្វៀលដីតំបន់នេះ ប្រគល់ឲ្យទៅពលរដ្ឋកាន់កាប់វិញ។

អ្នកស្រីបញ្ជាក់ថា៖«រហូតមកដល់ពេលនេះ ពួកខ្ញុំ នៅតែមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីដូចពលរដ្ឋដទៃទៀតទេ បើទោះជាអាជ្ញាធរសន្យា កាលពី ៣ ឆ្នាំមុនក៏ដោយ។ ខ្ញុំមិនដឹងថា អាជ្ញាធរ មានគំនិតបែបណាចំពោះប្រជាពលរដ្ឋនៅក្នុងភូមិនេះទេ ប៉ុន្ដែខ្ញុំគ្រាន់តែលឺពាក្យចរចាមអារ៉ាមថា អាជ្ញាធរមានគម្រោងដោះដូរដីព្រៃភ្នំកន្លែងថ្មីឲ្យពួកខ្ញុំទៅរស់នៅ ព្រោះដីនេះ នៅក្នុងក្រុងលក់បានថ្លៃ។ អ៊ីចឹងបានជាអាជ្ញាធរចេះតែពន្យាពេលចេញប័ណ្ណកម្មសិទ្ធិឲ្យពួកខ្ញុំ»។

លោក លី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្ត និងជាអភិបាលរងខេត្តសៀមរាប បានថ្លែងកាលពីម្សិលមិញថា អាជ្ញាធរបានសម្របសម្រួលជាមួយពួកកាត់រួចហើយ ដោយតម្រូវឲ្យពួកគាត់ ដាក់លិខិតស្នើសុំ និងសុំឲ្យពួកគាត់ ត្រៀមឯកសារពាក់ព័ន្ធ សម្រាប់បង្ហាញអាជ្ញាធរ។ អាជ្ញាធរធ្លាប់បានប្រគល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ដល់ប្រជាពលរដ្ឋជាច្រើនរួចរាល់អស់ហើយ ដោយនៅសល់តែប្រមាណ ១០ គ្រួសារប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖«យើងកំពុងពិនិត្យបន្ថែម ព្រោះអ្នកដែលបានរស់នៅលើដីហ្នឹង ក្រុមការងារយើងបានចេញប័ណ្ណដីជូនគាត់អស់ហើយ គឺនៅសល់ប្រមាណ ១០ គ្រួសារទេ។ នៅពេលអាជ្ញាធរចុះទៅធ្វើប័ណ្ណហ្នឹង អ្នកទាំង ១០ គ្រួសារ គឺមិនទាន់មានផ្ទះត្រឹមត្រូវនៅឡើយ អ៊ីចឹងយើងមិនអាចធ្វើឲ្យគាត់ពេលហ្នឹងបានទេ តែឥឡូវនេះ គាត់មានផ្ទះត្រឹមត្រូវហើយ យើងកំពុងពិនិត្យចេញប័ណ្ណឲ្យគាត់ដែរ»៕

អត្ថបទគួរចាប់អារម្មណ៍