ព្រះសីហនុៈ ពលរដ្ឋ ៦ នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃចន្ទម្សិលមិញទៅតាមពាក្យបណ្តឹងរបស់ឧកញ៉ាម្នាក់ពាក់ព័ន្ធរឿងជម្លោះដីធ្លី ៨៥ ហិកតានៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
ប្រជាពលរដ្ឋ ៦ នាក់ក្នុងចំណោម ៥៦ គ្រួសារត្រូវបានលោកឧកញ៉ាឈ្មោះ តាន់ តាត់ ប្តឹងទៅកងរាជអាវុធហត្ថខេត្ត ហើយត្រូវបានចាប់ឃាត់ខ្លួនពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ខណៈពួកគេកំពុងត្រួសត្រាយសម្អាតស្មៅ និងព្រៃនៅលើដីរបស់ខ្លួនដែលបានកាន់កាប់តាំងពីឆ្នាំ ១៩៩២ មកដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
បើយោងតាមពលរដ្ឋ និងលោកស្រី ជៀប សុធារី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ គឺទាំងប្រជាពលរដ្ឋ និងលោកឧកញ៉ា តាន់ តាត់ សុទ្ធតែមានលិខិតកាន់កាប់លើដីនោះរហូតដល់ទៅ ១៦ ប័ណ្ណភោគៈ ដែលស្មើនឹង ៨៥ ហិកតា។
លោកស្រី សុធារី បញ្ជាក់ថា៖ «ពលរដ្ឋត្រូវប្តឹងរឿងព្រហ្មទណ្ឌពីបទហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយស្របច្បាប់។ គាត់រស់នៅកាន់កាប់ដី និងត្រួសត្រាយដីអ៊ីចឹងទៅព្រោះគាត់មានឯកសារកាន់កាប់ដីដែរ»។
លោកស្រីបន្ថែមថាពលរដ្ឋទាំង ៦ នាក់ត្រូវបានឃាត់ខ្លួន ហើយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកាលពីយប់ថ្ងៃអាទិត្យ និងត្រូវបញ្ជូនទៅតុលាការ ខេត្តកាលពីម្សិលមិញ។ លោក យឹម ប៊ុណ្ណារ៉េត អ្នកនាំពាក្យតុលាការខេត្តព្រះសីហនុថាលោកមិនបានដឹងពីករណីនេះទេ។
លោក ហ៊ី រ៉ា អាយុ ៣៦ ឆ្នាំជាកូនប្រុសរបស់ស្ត្រីដែលត្រូវឃាត់ខ្លួនឈ្មោះ លុច ទូច បានឲ្យដឹងថានៅពេលដែលពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផលលើដីនោះក៏មានគេមកប្រាប់ថា ដីនោះមានម្ចាស់ ហើយហាមពលរដ្ឋមិនឲ្យធ្វើសកម្មភាពលើដីនោះ។ ពលរដ្ឋបានឲ្យភាគីដែលអះអាងនោះបង្ហាញខ្លួន និងជួបគ្នាបង្ហាញឯកសារ។ ប៉ុន្តែភាគីដែលអះអាងនោះមិនដែលទៅជួបពលរដ្ឋឡើយក្នុងរយៈពេលជាង ១ ខែមកហើយ។
លោកបាននិយាយថា៖ «ដីហ្នឹងខ្ញុំនៅតាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ម៉េចត្រូវមានម្ចាស់មានប្លង់? សុំជួបគេតែមិនឃើញមកជួបក៏នាំគ្នាត្រួសត្រាយ ស្មៅ និងព្រៃក្រោយផ្ទះហ្នឹងទៅ។ គេក៏ចាប់ផ្តើមដាក់កម្លាំងអាវុធហត្ថហ្នឹងចុះមកចាប់គាត់ដោយ ថាធ្វើសកម្មភាពជាក់ស្តែង។ អត់មានដីកាអីមួយមកប្រាប់យើងឲ្យច្បាស់លាស់នោះទេ»។
អ្នកស្រី ជៀប សុធារី បានបន្ថែមថាក្រោយពីមានការឃាត់ខ្លួននោះក្រុមគ្រួសារពលរដ្ឋបានទៅប្រឹក្សាយោបល់ផ្នែកច្បាប់ពីអាដហុក ហើយអង្គការបានពន្យល់ពីនីតិវិធីច្បាប់ និងណែនាំឲ្យពួកគាត់ដាក់ឯកសារពាក់ព័ន្ធទៅមន្ត្រីអាវុធហត្ថផងដែរ។
លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុមិនអាចសុំធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងទៅលោកឧកញ៉ា តាន់ តាត់ ដើម្បីបញ្ជាក់ពីរឿងហេតុ ប៉ុន្តែអ្នកទទួលទូរស័ព្ទអះអាងថាលោកមិនមែនលោក ឧកញ៉ាតាន់ តាត់ ទេ៕