កោះកុងៈ កាលពីម្សិលមិញ អ្នកគាំទ្រលោក Alex Gonzalez-Davidson អ្នកការពារបរិស្ថានដែលត្រូវបាននិរទេសនោះ បានទួញសោកចំពោះការចាកចេញរបស់ជនជាតិ អេស្ប៉ាញ រូបនេះ ហើយទន្ទឹមនឹងនេះ បានសន្យាបន្តប្រឆាំងនឹងទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង ដែលគេគ្រោងសាងសង់។
លោក Gonzalez-Davidson បានប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីជាយូរមកហើយ ហើយបានធ្វើឲ្យអាជ្ញាធរខឹង តាមរយៈការបង្កើនសំឡេងប្រឆាំងក្នុងស្រុក។ គាត់ត្រូវបានគេនិរទេសនៅល្ងាចថ្ងៃចន្ទបន្ទាប់ពីត្រូវបានឃុំខ្លួនជាមួយនឹងសហស្ថាបនិកអង្គការមាតាធម្មជាតិ លោក ស៊ុន ម៉ាឡា នៅកណ្តាលរាជធានីភ្នំពេញ។
លោក ហឿង ពៅ អាយុ ៣២ ឆ្នាំ ជាប្រធានសហគមន៍អារ៉ែង បាននិយាយថា ការរស់នៅនឹងកាន់តែលំបាកដោយពេលនេះលោក Gonzalez-Davidson ត្រូវបានគេបង្ខំឱ្យចាកចេញពីប្រទេសកម្ពុជា ព្រោះលោកជាប្រភពព័ត៌មានដែលគេត្រូវការខ្លាំង។
លោកបានបន្តថា៖ «យើងមិនទទួលបានព័ត៌មានច្រើនអំពីពិភពខាងក្រៅទេ។ ដំបូងលោក Alex រៀនសូត្រពីយើងអំពីជីវិតរបស់យើងនៅទីនេះ ប៉ុន្តែបន្ទាប់មក គាត់បានបង្ហាញយើងពីសារៈសំខាន់នៃធម្មជាតិ និងធនធានធម្មជាតិ។ ចាប់តាំងពីពេលនោះមក យើងបានចាប់ផ្តើមស្រឡាញ់ធម្មជាតិកាន់តែខ្លាំងថែមទៀត»។
លោកបន្ថែមថា៖ «លោក Alex គឺជាអ្នកតភ្ជាប់សម្រាប់យើងជាមួយពិភពខាងក្រៅ ដើម្បីជួយយើងផ្សព្វផ្សាយ និងទទួលបានព័ត៌មាន។ យើងមានការសោកស្តាយដែលគាត់បានចាកចេញពីប្រទេសកម្ពុជា ប៉ុន្តែយើងក៏បានប្តេជ្ញាចិត្តរក្សាជំហររឹងមាំប្រឆាំងនឹងផែនការសាងសង់ទំនប់វារីអគ្គិសនី»។

លោក ពៅ និងអ្នកភូមិផ្សេងទៀតបានថ្លែងថា ពួកគេជឿជាក់ថា មូលហេតុដែលបណ្តាលឲ្យនិរទេសជនបរទេសចេះខ្មែរស្ទាត់ជំនាញ លោក Gonzalez-Davidson គឺដោយសារសមត្ថភាពជាអ្នកតភ្ជាប់រវាងអ្នកភូមិ សកម្មជន រដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលមានការព្រួយបារម្ភថាលោក Alex មានចំណេះដឹងច្រើនជាង [យើង] ហើយបានភ្ជាប់យើងទៅនឹងប្រជាជនក្នុងប្រទេសផ្សេងទៀត ដើម្បីជួយយើងប្រឆាំងនឹងពួកគេ»។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈជាលើកដំបូងថា ទំនប់វារីអគ្គិសនីជាយអារ៉ែង ដែលនឹងជន់លិចផ្ទៃដីប្រមាណ ៩៥០០ ហិកតា ហើយបន្លាស់ទីលំនៅជនជាតិភាគតិចជង ចំនួន ១៣០០ នាក់នោះ នឹងមិនត្រូវបានសាងសង់ឡើងក្រោមរដ្ឋាភិបាលនេះទេ ជាគោលជំហរមួយ ដែលលោកបានថ្លែងទៅកាន់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង។
សុន្ទរកថាកាលពីថ្ងៃអង្គារ គឺជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ពីជំហរមុន ដែលការពារការសាងសង់ទំនប់ ដែលលោកបានកោតសរសើរពីផលប្រយោជន៍របស់ទំនប់ ហើយថា ផលប៉ះពាល់បរិស្ថានមានកម្រិតតិចតួច។
នៅក្នុង វត្តគិរីវង្ស នៅជ្រលង ចៅអធិការវត្ត ព្រះអង្គ សុខ ចិត្រា បានមានដីកាថា សហគមន៍កំពុងតែថ្លឹងថ្លែងនូវជម្រើសផ្សេងៗ ប៉ុន្តែខ្វះព័ត៌មានដែលត្រឹមត្រូវ។
លោកបានលើកឡើងថា៖ «អ្នកភូមិចំនួនពាក់កណ្តាលយល់ព្រមហើយ ហើយពាក់កណ្តាលទៀតមិនយល់ព្រមនឹងទំនប់វារីអគ្គិសនីនេះទេ។ អ្នកទាំងឡាយដែលយល់ព្រម គេយល់ព្រមដោយសារតែគេចង់បានប្រាក់ ហើយចង់ផ្លាស់ប្តូរពីភាពក្រីក្រនាបច្ចុប្បន្ន។ មនុស្សជាច្រើននាក់ចង់បន្តការរស់នៅប្រចាំថ្ងៃរបស់ខ្លួនហើយពួកគេមិនជឿជាក់លើការសន្យាដែលធ្វើឡើងដោយ [អាជ្ញាធរ] ទេ»។
លោក ធូសារ៉េត អាយុ ៦៦ ឆ្នាំ ជាអតីតទាហានខ្មែរក្រហម ដែលកំពុងរស់នៅក្នុង ឃុំជំនប់ បានថ្លែងថា៖ «នៅតំបន់របស់យើង គ្មានសាលា គ្មានមណ្ឌលសុខភាពគ្មានបង្គន់អនាម័យទេ ... ខ្ញុំចង់បានការអភិវឌ្ឍ ប៉ុន្តែខ្ញុំមិនចង់បានការអភិវឌ្ឍទេ ប្រសិនបើយើងមិនទទួលផលប្រយោជន៍ បាត់បង់ធម្មជាតិ ហើយប្រឈមនឹងការបណ្តេញចេញ»។
លោកថា៖ «លោក Alex មិនទទួលបានអ្វីនោះទេ ដោយមកទីនេះ ហើយគាត់មិនបានយកអ្វីពីទីនេះទេ។ គាត់ជាជនបរទេសតែម្នាក់គត់ ដែលបានមកជូនដំណឹងយើង ហើយប្រាប់យើងពីរបៀបដែលយើងអាចការពារតំបន់នេះបាន»។
យ៉ាងហោចណាស់ ក៏មានអ្នកស្រុកខ្លះ មានការវាយតម្លៃពីការមិនចូលចិត្តលោក អាឡិច ផងដែរ។
បុរសម្នាក់ដែលបានបដិសេធមិនបញ្ចេញឈ្មោះបានថ្លែងថា៖ «ខ្ញុំមិន ចូលចិត្តលោក Alex ទេ។ គាត់មិនបានធ្វើអ្វីសម្រាប់ខ្ញុំទេ ហើយយើងមិនត្រូវការជនបរទេសនៅទីនេះទេ»។
ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម នឹងត្រូវបញ្ចប់មុនពេលមានការសម្រេចចិត្តថា តើក្រុមហ៊ុន Sinohydro នឹងសាងសង់ទំនប់វារីអគ្គិសនី ឬយ៉ាងណា។ ក្រុមហ៊ុនចុងក្រោយ ដែលត្រូវធ្វើការវាយតម្លៃលទ្ធភាពជោគជ័យរបស់គម្រោង គឺ ក្រុមហ៊ុន ChinaGuodian បានសន្និដ្ឋានថាវា នឹងមិនបានចំណេញទេ ហើយក៏បានដកខ្លួនចេញ។ មនុស្សជាច្រើនក្នុង ជ្រលងអារ៉ែង មានក្តីសង្ឃឹមថា ក្រុមហ៊ុន Sinohydro នឹងដកខ្លួនដូចក្រុមហ៊ុនមុន។ ក្រុមហ៊ុន Hydro Project Co., Ltd នាពេលថ្មីៗនេះបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដែលនេះបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍ចិនអាចច្បាស់លាស់នឹងបន្តអនុវត្តគម្រោងនេះ។ ក្រុមហ៊ុននេះបានចុះបញ្ជីទៅអាសយដ្ឋាន ទីក្រុងប៉េកាំង របស់ក្រុមហ៊ុន Power China ដែលក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Sinohydro។
លោក Wang Fei នាយកក្រុមហ៊ុនបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោកស្រី AmeTrandem នាយកកម្មវិធីអាស៊ីនៅអង្គការទន្លេអន្តរជាតិ បានថ្លែងថា៖ «ខណៈដែលក្រុមហ៊ុន Sinohydro ត្រូវការនីតិបុគ្គលត្រឹមត្រូវ ដើម្បីចុះកិច្ចសន្យាបន្តសាងសង់ទំនប់ជាយអារ៉ែង ការបង្កើតក្រុមហ៊ុន Stung CheayAreng Hydro Electric Project Co., Ltd គឺជាសញ្ញាអាក្រក់មួយ ដែលរដ្ឋាភិបាលអាចនឹងអនុម័តទំនប់វារីអគ្គិសនីក្នុងពេលឆាប់ៗ។
លោក ពៅ បានទទូចថា ការប្រឆាំងនេះមិនបែកបាក់ទេ ក្នុងពេលដែលគាត់មើលទូរស័ព្ទផ្កាយរណបមួយ ដែលត្រូវបានគេប្រើដើម្បីបញ្ជូនព័ត៌មានដល់សកម្មជន នៅក្រៅជ្រលងភ្នំនេះ ដោយសង្ឃឹមថា វារកឃើញសញ្ញា។ លោកបន្តថា៖ «ការប្រយុទ្ធប្រឆាំងមិនទាន់បានចប់នៅឡើយទេ»៕