រតនគិរីៈ សត្វ​ជ្រូកព្រៃ​យ៉ាងតិច​ ៦​ ក្បាល ​ត្រូវបាន​ប្រជា​សហគមន៍​ការពារ​ធម្មជាតិ​អូរ​គគី ប្រទះឃើញ​ងាប់​ដោយ​ជាប់អន្ទាក់​និង​អន្ទាក់​ចំនួន ​៤៥ ត្រូវ​បាន​ដោះ​ចេញ នៅ​ក្បែរ​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ ក្នុង​អំឡុង​ពេល​ចុះ​ល្បាត​ការពារ​សត្វ​ព្រៃ​ក្នុង​សហគមន៍ កាល​ពី​ដើម​ខែមេសា ​ឆ្នាំ​ ២០២១។

​លោក ប៊ូ វរ​សក្ស នាយ​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ​បាន​ថ្លែង​នៅ​ថ្ងៃ ​៧ ​ខែ​មេសា​ថា ជ្រូកព្រៃ​ទាំង ​៦ ​ក្បាល​នោះ បាន​ងាប់​រហូត​ស្អុយ​រលួយ​ សល់​តែ​ឆ្អឹង​ជាប់​ខ្សែ​អន្ទាក់​នៅ​នឹង​ជើង។

លោក​បញ្ជាក់​ថា​៖ «ទិដ្ឋភាព​នេះ​បង្ហាញ​ថា​ អន្ទាក់​គឺជា​ឃាតករ​ដ៏​ស្ងៀម​ស្ងាត់ ​ដែល​ត្រូវបាន​គេ​ប្រើ​សម្រាប់​សម្លាប់​សត្វ​ព្រៃ​គ្រប់​ប្រភេទ​​ រួម​ទាំង​ក្រុម​ល្បាត​ការពារ​ព្រៃ​ឈើ​ និង​សត្វព្រៃ​ផង​ដែរ»។

បើតាម​លោក វរ​សក្ស ក្រៅពី​ប្រទះឃើញ​សំណាក​សពសត្វ​ជ្រូកព្រៃ​ជាប់អន្ទាក់ ក្រុម​ល្បាត​​ក៏​បាននាំគ្នា​ដោះ​អន្ទាក់​សត្វព្រៃ​បាន​ចំនួន​ ៤៥​ អន្ទាក់​ផង​ដែរ។ ប៉ុន្តែ​ក្រុម​ល្បាត​​​មិនបាន​ជួបប្រទះ​មុខសញ្ញា​ក្រុម​ជន​សង្ស័យ ដែល​បាន​ចូល​លួច​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ណា​ម្នាក់​ឡើយ។

ទន្ទឹម​ជាមួយ​គ្នា​នេះ លោក​បាន​អំពាវ​នាវ ដល់​គ្រប់ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ចូលរួម​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​បរ​បាញ់ និង​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ ដោយ​គ្រប់គ្នា​ត្រូវ​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វ​ព្រៃ គ្រប់​ប្រភេទ។

លោក សំ អុល អនុ​ប្រធាន​គណៈក​ម្មកា​រ​សហគមន៍​ការពារ​ធម្មជាតិ​អូរ​គគី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា បច្ចុប្បន្ន ក្រុម​ព្រានព្រៃ​ បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការដើរ​បរបាញ់ មក​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​វិញ​ម្ដង ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វព្រៃ​​មានការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ។

លោក​សំ អុល ​ថ្លែង​ថា៖ «ក្នុង​មួយខែ សហគមន៍​យើងខ្ញុំ បាន​នាំគ្នា​ចុះ​ល្បាត​ចំនួន​ ៣ ​លើក ហើយ​ក្នុង ១​ លើក ក្រុម​ការងារ​យើង​បាន​រក​ឃើញ​និង​ដោះ​អន្ទាក់​សត្វព្រៃ យ៉ាង​ហោច​ណាស់​ក៏​ជាង​ ២០​ អន្ទាក់​ដែរ​»។

លោក​​បន្តថា កាលពី​ខែកុម្ភៈ​​ថ្មីៗនេះ ក្នុង​អំឡុង​ពេល​ចុះ​ល្បាត​ព្រៃ ក្រុមការ​ងារ​របស់លោក ដែលមាន​ការចូលរួម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ភូមិបាន​ប្រទះឃើញ និង​ជួយសង្គ្រោះ​សត្វ​ត្រ​យ៉ង​យក្ស​មួយ​ក្បាល ដែល​ជាប់​អន្ទាក់​របស់​ព្រាន។

លោក ផុន ខេម​រិន្ទ ប្រធាន​មន្ទីរ​បរិស្ថានខេត្តរត​នៈគិរី​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រៅពី​ការងារ​ចុះ​ល្បាត ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង និង​របៀង​ជីវ​ចម្រុះ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនៈ​គិរី ជា​រឿយ​ៗ​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ប្រជា​ពលរដ្ឋនៅតាម​មូលដ្ឋាន អំពី​ផលប្រយោជន៍​នៃ​ការចូលរួម​ការពារ​ប​រិ​ស្ថាន និងធន​ធាន​ធម្ម​ជាតិ​។

លោក​ថ្លែង​ថា​៖ «ការងារ​បង្ក្រាប​និង​អប់រំ​ណែនាំ​ឲ្យ​ពលរដ្ឋ​ឱ្យយល់ដឹង​ពី​គុណ​តម្លៃ​នៃ​ការចូលរួម​ការពារ​ប​រិ​ស្ថាន និងធន​ធាន​ធម្មជាតិ​ត្រូវ​ដើរ​ទន្ទឹម​គ្នា។ ធ្វើយ៉ាងណា​ឱ្យ​គ្រប់គ្នា​យល់ដឹង ហើយ​នាំគ្នា​បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ បញ្ឈប់​ការ​បរ​បាញ់ ដាក់​អន្ទាក់ និង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន​កាន់​កាប់​ដីធ្លីក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ខុស​ច្បាប់»៕