កំពង់ធំៈ អ្នកស្រី ហៀប ជូ អាយុ​ ៣៥ ​ឆ្នាំ​ ជា​សមាជិក​នៃ​គ្រួសារ​មួយ ក្នុងចំណោម​ពលរដ្ឋ​ប្រមាណ​ ២០០ ​គ្រួសារ រស់នៅក្នុង​សហគមន៍​អូរដាស់ស្គរ ស្ថិត​នៅក្នុង​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ​ខេត្ត​កំពង់ធំ ដែល​ភាគច្រើន​នៃ​គ្រួសារ​ទាំងនោះ​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​ការចូល​ព្រៃ​ដួស​ជ័រទឹក​បាន​បង្ហាញ​នូវ​ក្ដីបារម្ភ​ពី​ការធ្លាក់ចុះ​នូវ​ចំណូល និង​ការថយចុះ​ចំនួន​ដើម​ជ័រទឹក ដោយសារ​ការកាប់បំផ្លាញ​។

ស្ត្រី​រូបនេះ​បាន​អះអាង​ថា ការធ្លាក់ចុះ​នូវ​ចំណូល និង​ការថយចុះ​ចំនួន​ដើម​ជ័រទឹក​បាន​គំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​ជាច្រើន​គ្រួសារ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​។

អ្នកស្រី ហៀប ជូ បាន​ថ្លែងថា​៖ «​ខ្ញុំ​ប្រកប​របរ​រក​ជ័រទឹក​ជាង ៦ ​ឆ្នាំ​មកហើយ នៅក្នុង​តំបន់​ព្រៃឡង់ បងប្អូន​យើង​មួយចំនួន​ចង់​ឈប់​រក​ជ័រទឹក​អស់​ហើយ ព្រោះ​រក​មក​លក់បាន​ថោក​ពេក គេ​ថា ចុះថោក ព្រោះ​មិនសូវ​មាន​អ្នក​ប្រើ​ទូក គេ​មិន​សូវ​ធ្វើ​ទូក ហើយ​បើ​នៅតែ​ចុះ​ទៀត ពួក​ខ្ញុំ យ៉ាប់​ហើយ​»​។

អ្នកស្រី​បាន​ឲ្យ​ដឹងថា តម្លៃ​ជ័រទឹក​បាន​ធ្លាក់ចុះ​ពី​ ៣ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​មក​នៅ​ជាង ១ ០០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម ហើយ​ក៏​មិនអាច​ដឹង​មុន​ផងដែរ​ថា តម្លៃ​នេះ​នឹងត្រូវ​ធ្លាក់​បន្តទៀត ឬ​យ៉ាងណាទេ ។

លោកស្រី​បាន​និយាយ​ដោយ​ត្អូញត្អែរ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិនដឹងថា ចុះ​ប៉ុន្មាន​ទៀត​នៃ​ការលក់​ចេញ​ជ័រទឹក​នេះ​ទេ​។ តែ​ឆ្នាំនេះ ពិតជា​លក់​បាន​តិច​មែនទែន ហើយ​តម្លៃ​ថោក​ទៀត​»​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​គម្រោង​រេដ​បូក​កម្ពុជា-កូរ៉េ​ដែល​ជា​គម្រោង​មួយ​ស្ថិត​នៅ​ក្រោម​ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៩ ​ខែ ដើម​ឆ្នាំ​ ២០២០ ​នេះ សហគមន៍​អូរដាស់ស្គរ​បាន​លក់​ជ័រទឹក​ជិត ៥ ​តោន​ដែល​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ហើយ​នៅសល់​រក្សាទុក​ក្នុង​ឃ្លាំង​ប្រមាណ​ជិត​ ២ ​តោន​។

លោក ចឹក សុវណ្ណសំ មន្ត្រី​សម្របសម្រួល​គម្រោង​រេដបូក​កម្ពុជា-កូរ៉េ​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ពុធ​ថា ប្រជាសហគមន៍ មិន​ត្រឹមតែ​ប្រឈម​នឹង​បញ្ហា​នៃ​ការធ្លាក់ចុះ​នៃ​តម្លៃ​នេះ​ទេ ហើយ​ក៏​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ដល់​ដើមច្បោះ ឬ​ជ័រទឹក ព្រោះ​ការកាប់បំផ្លាញ​ដោយ​ជន​ខិលខូច គ្រោះរាំងស្ងួត ខ្យល់​កន្ត្រាក់ និង​ផែនការ​ដី​សម្បទាន​សង្គមកិច្ច​ក្នុង​តំបន់​របស់ខ្លួន​ផងដែរ​។

លោក​បាន​បន្ថែមថា​៖ «​វា​មាន​ការថយចុះ​ច្រើន​គួរសម​ដែរ ណាមួយ​ដោយសារ​តែ​ដើម​ជ័រ​ដែល​សហគមន៍​ប្រមូល​បាន​មាន​ការថយចុះ ដោយសារ​មាន​បទល្មើស​នៃ​ការលួច​កាប់ ហើយ​ដើម​មួយ​ចំនួន​ទៀត​ក៏​អស់​ជ័រទឹក​ដែរ ហើយ​ថយ​នេះ​ក៏​ព្រោះ​ចំនួន​ដើម​ជ័រទឹក​យើង វា​បាន​បាត់បង់​អស់​ច្រើន ហើយ​តម្លៃថោក ហើយ​ប្រជាជន អត់​ទៅ​ប្រមូល​។ តម្លៃ​ក៏​ធ្លាក់ ពួកគាត់​ក៏​លែង​ចង់​ទៅ​ប្រមូល​»​។

លោក ចឹក សុវណ្ណសំ បាន​បន្តថា ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​រស់​ពឹង​ផ្អែកលើ​ការរក​ជ័រទឹក ដូច្នេះ​គម្រោង​រេដ​បូក​ទំរីង គឺជា​គម្រោង​មួយ​ដែល​បាន​គាំទ្រ​ដល់​ដំណើរការ​ប្រមូល​លក់​ជ័រទឹក​នៅក្នុង​សហគមន៍​អូរដាស់ស្គរ ដោយបាន​ជួសជុល​រោង​ស្តុក​ជ័រទឹក ផ្តល់​សម្ភារ​ស្តុក​ជ័រទឹក ទុនវិនិយោគ បង្កើត​សហគ្រាស​ផលិត និង​ផ្គត់ផ្គង់​ជ័រទឹក និង​ជួយ​រក​ទីផ្សារ​ទិញ​ផលិតផល​ជ័រទឹក​ដោយ​ភ្ជាប់​ជាមួយ​សហគមន៍​កសិកម្ម និង​អង្គការ​ដៃគូ​នៅ​មូលដ្ឋាន​។

ប៉ុន្តែ​ដោយសារ​កត្តា​ទីផ្សារ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាសហគមន៍ ដែល​អាច​ឲ្យ​ពួកគាត់​វិល​ទៅ​រក​របរ​កាប់​ឈើ​វិញ ដូច្នេះ លោក​រំពឹង​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ គួរតែ​មាន​ការចូលរួម​ជំរុញ​បន្ថែមទៀត ដោយ​ធ្វើយ៉ាងណា​ឲ្យ​តម្លៃ​ទីផ្សារ​ជ័រទឹក​មាន​លំនឹង​ឡើងវិញ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​និយាយថា តាមរយៈ​ក្រសួង​បរិស្ថាន​ដែលមាន​មន្ត្រី​ឧទ្យានុរក្ស​នឹង​នៅតែ​បន្ត​សហការ​​ជាមួយ​ប្រជាសហគមន៍​នៅក្នុង​តំបន់​ការពារ​សត្វព្រៃ​ក្នុង​ការបន្ត​ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដូចជា ការលួច​កាប់​ឈើ និង​ការបរបាញ់​សត្វ​ជាដើម​។

អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់​ទៀតថា​៖ «​យើង​នឹង​បន្តធ្វើ​បន្តទៀត ដើម្បី​ឲ្យ​ច្បាស់​ថា តំបន់​ការពារ​ធម្មជាតិ​របស់​យើង​នឹង​ការពារ កុំ​ឲ្យ​មាន​បទល្មើស ហើយ​ចាំបាច់​ត្រូវការ​ការចូលរួម​ពី​សហគន៍​យើង ហើយ​យើង​​ក៏​ឃើញថា មាន​សហគមន៍​មួយចំនួន​មាន​ក្រុម​ជនខិលខូច​ដែល​គាត់​លក់​ដើម​ជ័រច្បោះ ឬ​ជ័រទឹក​ហ្នឹង ទៅ​ឲ្យ​ឈ្នួញ ទៅ​ឲ្យ​អី​ហើយ ឬក៏​លួច​កាប់​អី​ហើយ ក៏​ប្រកាសថា គេ​មក​លួច​កាប់​។ នេះ​ក៏​យើង​ទទួល​បាន​ព័ត៌មាន​នេះដែរ​។ ខ្ញុំ​ស្នើ​ឲ្យ​ចូលរួម​ទាំងអស់​គ្នា ដោយ​ភាពស្មោះត្រង់​»​។

យោងតាម​ការសិក្សា​របស់​គម្រោង​រេដ​បូក​ទំរីង​ឲ្យ​ដឹងថា សមាជិក​ម្នាក់ៗ​នៃ​សហគមន៍​អូរ​ដាស់ស្គរ​ក្នុង​ ១ ​គ្រួសារ​ជា​មធ្យម​មាន​ដើម​ជ័រ​ ៦០០ ​ដើម​។ ជ័រទឹក​ថ្លា​លក់​បាន​ប្រមាណ​ ១៥ ​ដុល្លារ​ក្នុង​ចំណុះ​ ៣០ ​លីត្រ និង​ជ័រ​ល្អក់​លក់​បាន​ប្រមាណ​ជាង​ ៧ ​ដុល្លារ​ ក្នុង​ចំណុះ​ ៣០ ​លីត្រ​។ ជា​មធ្យម​ក្នុង​ ១ ​គ្រួសារ​អាច​រក​ចំណូល​ពី​ជ័រទឹក​ក្នុង​ចន្លោះ​ប្រមាណ ៥០-១០០ ​ដុល្លារ ក្នុង​ ១ ​ខែ ហើយ​សមាជិក​សហគមន៍​អាច​រកចំណូល​ពី​ជ័រទឹក​នេះ​បាន​ពេញ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​៕