ភ្នំពេញៈ ​អ្នក​ប្រើ​ប្រាស់ និ​ង​ចែកចាយ​ទូរ​ស័ព្ទ​ម៉ាក ​Huawei ​មួយ​ចំនួន​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា ​បាន​បង្ហាញ​ទស្សនៈ​របស់​ពួក​គេ​អំ​ពី​ព័ត៌មាន​ពី​ការ​ផ្តាច់​ទំនាក់​ទំនងរ​វាង​ក្រុម​ហ៊ុន​ Google​ របស់​អាមេរិក ​និង​ក្រុមហ៊ុន ​Huawei ​របស់​ចិន​ ហើយ​​អ្ន​ក​ខ្លះ​ក៏មាន​ការ​បារម្ភ​នៅ​ពេល​ទូរ​ស័ព្ទ​ប្រភេទ​នេះមិន​អាច​ប្រើប្រាស់​សេវាកម្ម​សំខាន់ៗ​ របស់​ Google​ បាននោះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខាតបង់។​

​កាល​ពី​ថ្ងៃ​ចន្ទ​ ក្រុម​ហ៊ុន​ Google​ លំដាប់​ពិភព​លោក​របស់​អាមេរិក​ បាន​ប្រកាស​ផ្អាក​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ទាំង Software, ​Hardware ​និង​សេវា​កម្ម​ផ្សេងៗ​ទៀត​ ដល់​ក្រុម​ហ៊ុន​ Huawei ​ដែល​ជា​ក្រុម​ហ៊ុន​ធំ​របស់​ចិន​ ក្រោយ​ពីលោក​ ត្រាំ ដាក់​បញ្ចូល​ក្រុម​ហ៊ុន​មួយ​នេះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ។​

​ការ​ផ្អាក​នេះនឹង​រារាំង​មិន​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ ​Huawei​ ធ្វើ​បច្ចុប្បន្ន​ភាព​ប្រព័ន្ធ Android ​ហើយ​ក៏​មិន​អាច​ប្រើ​ប្រាស់​សេវា​កម្ម​មួយ​ចំនួន​របស់ ​Google​ ដូច​ជា Google Play, Gmail, YouTube​ ជា​ដើម​ទៅ​ថ្ងៃ​អនា​គត ​តែ​សម្រាប់​ទូរ​ស័ព្ទ​ដែល​មាន​ស្រាប់​នៅ​រក្សា​ដដែល។ ​នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​ហ៊ុន ​Google នៅ​លើ​បណ្តាញ​សារ​ព័ត៌មាន។​

និស្សិត​ស្រី​ម្នាក់​ រៀន​ក្នុង​​ឆ្នាំ​ទី៣ នៅ​សាកល​វិទ្យា​ល័យ​មេគង្គ ​ឈ្មោះ​ ប៉ូ​ តា ដែល​ជា​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ម៉ាក Huawei​ ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ដំបូង​ឡើយ​នៅ​ពេល​ដែល​​បាន​ឮ​ព័ត៌​មាន​នេះ ​ពិត​ជា​មាន​ការ​បារម្ភ​ ព្រោះ​ខ្លាច​ទូរស័ព្ទ​ដែល​នាង​កំពុង​ប្រើ​ លែង​អាច​ប្រើប្រាស់​បាន។​

​និស្សិត​វ័យ ២២ ​ឆ្នាំ​រូប​នេះ​ បាន​និយាយ​បន្ត​ថា​ ប្រសិន​បើ​ដូ​ច្នេះ​មែន​ នាង​​គ្មាន​ជ​ម្រើស​ក្រៅ​ពី​​លក់​ចេញ ​និង​ឈប់​ប្រើ​ទូរស័ព្ទ​ម៉ាក​នេះ​ទៀត ​ដោយ​អះអាង​ថា សេវា​កម្ម​មួយ​ចំនួន​របស់ ​Google​ គឺ​ពិត​ជា​មាន​សារៈសំខាន់ ។​

​ទោះយ៉ាង​ណា ​នាង​បាន​អះអាង​ថា​ ប្រសិន​បើ​ Plan B របស់​ក្រុម​ហ៊ុន​ចិន​មួយ​នេះ នៅ​តែ​អាច​ដាក់​ដំណើរ​ការ​ ហើយ​នៅ​តែ​អាច​ប្រើប្រាស់​កម្មវិ​ធី​របស់ ​Google បាន​ជា​ធម្មតា​នោះ នាង​នៅ​តែ​បន្ត​ប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ​នេះ​ដដែល។

​និសិ្សតរូប​នេះ​​បញ្ជាក់​ថា​៖​ «​មាន​តែ​ចាំ​មើល​ថា​ តើ ​Plan B របស់ Huawei វា​យ៉ាង​ម៉េច? ​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​កម្ម​វិធី​អ្វីខ្លះ ​ដែល​យើង​កំពុង​តែ​ប្រើ ​ដូច​ជា Gmail​ និង​កម្ម​វិធី ​Applications ​យើង​កំពុង​តែ​ប្រើ​ហ្នឹង​ បើ​វា​ប្រើ​លែង​កើត អាហ្នឹង​យើង​ក៏អត់​មាន​វិធីសាស្ត្រ​អ្វី​ផ្សេង​ដែរ ​គឺ​មាន​តែ​លក់​ចោលទិញ​អា​ថ្មី​ផ្សេង»។​

​លោក ​សាន ​អុីម​ អាយុ​ ៣៣ ឆ្នាំ ​ជា​ជា​ង​ជួស​ជុល​ទូរស័ព្ទ​មួយ​កន្លែង​នៅក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃបាន​ឲ្យ​ដឹង​ថា​ លោក​មិន​បាន​បារម្ភ​ចំពោះ​បញ្ហា​នេះ​នោះ​ទេព្រោះ​ថា​ ប្រ​សិន​បើ​ក្រុម​ហ៊ុន​ទាំង​ ២ ​នេះ ​ផ្តាច់​ទំនាក់​ទំនង​នឹង​គ្នា​ក៏​ដោយ ឲ្យ​តែ​ទូរស័ព្ទ​ប្រភេទ​នេះ ​អាច​ប្រើ​ប្រាស់​បាន​ គឺ​នៅ​តែ​បន្ត​ប្រើ​វា​ដដែល។​

​លោក​បញ្ជាក់​ថា​៖​ ​«​នៅ​តែ​អាច​តេ​ចេញ​តេ​ចូល​បាន វា​មិន​អី​ទេ កុំ​ឲ្យ​តែ​ទូរស័ព្ទ​វារ​លត់​ បើក​លែង​ចេញ​ នោះ​ទើប​ជា​បញ្ហា។ ​ខ្ញុំ​មិន​សូវ​ខ្វល់​ទេ វា​មិន​មាន​បញ្ហា​ទេ គ្រាន់​តែ​មិន​អាច ​update version ​បន្ត​ទៀត​បាន​ប៉ុណ្ណោះ »។​

​ចំណែក​ម្ចាស់​ហាងលក់​ទូរស័ព្ទ​មួយ​កន្លែង​ ដែល​លើក​ស្លាក​ Huawei​ យ៉ាង​ធំ​ នៅ​ពី​មុខ​ហាង​ជិត​ផ្សារ​អូ​ឡាំ​ពិ​ក​លោក​ ហេង​ អ៊ួ​ង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រសិន​បើ​អតិ​ថិ​ជន​ឈប់​ប្រើប្រាស់​ផលិតផល​ទាំង​នេះ​ មាន​តែ​ឈប់​លក់​ទូរស័ព្ទ​ប្រភេទ​នេះ​ដែរ។​

​​លោក ​អ៊ួង​​ ថ្លែង​ថា​៖ ​«​វា​គ្មាន​អ្វី​ខាត​បង់​ធំ​សម្រាប់​ខ្ញុំ​​នោះ​ទេ​ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​លក់​ដូរ​តូច​តាចប៉ុណ្ណោះ ​ការ​ខាត​បង់​យ៉ាង​ណា​នោះ​គឺ​ក្រុមហ៊ុន​នោះ​ផ្ទាល់​ទៅ​វិញ​ទេ»។​

​លោក ​ជី​ង ​ឡុង ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ម្នាក់​ទៀត​ បាន​និយាយ​ដែរ​ថា ​ទូរស័ព្ទ​ប្រភេទ​នេះ ​ហាក់​មិន​សូវ​ជា​ពេញ​និយម​ខ្លាំង​ណាស់​ណា​សម្រាប់​អ្នក​ប្រើ​នៅ​កម្ពុ​ជា​នោះ​ទេ ដូ​ច្នេះ​ក៏មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ​ដែរ។​

​លោក​ ឡុង​ ថ្លែង​​ថា៖​ «​បើ​វា​លែង​ប្រើ​ប្រព័ន្ធ ​Android​ ហើយ​អ្នក​ប្រើ​លែង​ប្រើ នោះ​យើង​ឈប់​លក់​ដែរ​ទៅ ។ បើ​ Android​ ផ្តាច់​ទំនាក់​ទំនង​ជាមួយ​បណ្តា​ទូរស័ព្ទ​ទាំង​អស់ ​ដូច​ជា​ Samsung Oppo Vivo​ អី​ហ្នឹង​ បាន​ខ្ញុំ​បារម្ភ ​តែ​ ១ អ៊ី​ចឹង មាន​អី ​ព្រោះ​លក់​មិន​សូវ​ដាច់​ដែរ»។​

ជា​មួយ​នឹង​ការ​លើក​ឡើ​ង​ទាំង​នេះ ​គេ​ហទំ​ព័រ​ដ៏​ធំ​របស់​ក្រុម​ហ៊ុន​ Huawei​ ដែ​ល​ជា​ក្រុម​ហ៊ុន​នាំ​ចូល ​និង​ចែក​ចាយ​នៅ​កម្ពុជា​ កាល​ពី​ម្សិល​មិញ​បាន​ចេញ​សេច​ក្តី​ប្រ​កាស​ព័ត៌មាន​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ថា​ ក្រុម​ហ៊ុន ​Huawei បាន​ចូល​រួម​ចំណែក​ក្នុង​ការ​អភិ​វឌ្ឍ ​និង​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​ប្រព័ន្ធ Android នៅ​ជុំវិញ​ពិពលោក។​ ​​

ក្រុម​ហ៊ុន​នេះ ​បន្ត​ថា​៖ ​«​ក្នុង​នាម​ជា​ដៃ​គូ​ដ៏​សំខាន់​នៅ​ក្នុង​ពិភព​លោក​របស់ Android​ យើង​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និ​ទ្ធលើ ​open-source platform ​ដើម្បី​អភិវឌ្ឍប្រព័ន្ធ​អេកូ​មួយ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ និង​ឧស្សាហកម្ម​នេះ»។​

​សេច​ក្តី​ប្រ​កាស​នោះ​បញ្ជាក់​ថា​៖ «​ក្រុម​ហ៊ុន​ Huawei នៅ​តែ​បន្ត​ផ្តល់​ការ Update​ ប្រព័ន្ធ​សុវត្ថិ​ភាព និង​សេវា​កម្ម​នា​នា​បន្ទាប់​ពី​ការ​លក់​ចំពោះ​អតិ​ថិ​ជន​ដែល​ប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ន Huawei, Honor​ និង​ថេ​ប្ល៊ិត​ ដែល​បាន​លក់​និង​នៅ​ក្នុង​ស្តុក​ទាំង​អស់​ទូទាំង​សកល​លោក​។​ យើង​នឹង​នៅ​តែ​បន្ត​រៀប​ចំ​ Ecosystem software ​ដែល​មាន​សុវត្ថិ​ភាព​ និង​មាន​និរន្ត​រភាព​ដើម្បី​ផ្តល់​នូវ​បទ​ពិសោធ​ដ៏​ល្អ​បំផុត​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​នៅ​ទូទាំង​សកល»។​

​លោក ​ង៉ែត ​ជូ​ ទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋ​កិច្ច​ និង​ការ​អភិ​វឌ្ឍ​នៃ​ក្រុម​ហ៊ុន EMC ​និយាយ​ថា​ ក្នុង​ដំណាក់​កាល​នេះ ​គឺ​ទើប​តែ​ចាប់​ផ្តើម​ប៉ុណ្ណោះ ​ដូច្នេះ​វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ជា​វិជ្ជ​មាន​មក​លើ​កម្ពុជា​នោះ​ទេ។​ ប៉ុន្តែ​បើ​បញ្ហា​នេះ​នៅ​បន្ត​ទៅ​មុខ​ទៀត​នោះ ​វា​នឹង​អាច​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​ធនធាន​តិច​តួច ​ក្នុង​ការ​ប្រើ​ប្រាស់​ ស្មា​ត​ហ្វូ​ន​ប្រភេទ​នេះ​ ខណៈ​នៅ​កម្ពុជា​ អ្នក​មាន​ធនធាន​ច្រើន​ គេ​មិន​ប្រើ​ប្រាស់​ប្រភេទ​ស្មាតហ្វូន​ប្រភេទ​នេះ​នោះ​ទេ។​

លោក​បញ្ជាក់​ថា​៖​ ​«​យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​យ៉ាង​ណា​​ទេ​។ ​គ្រាន់​តែ​ថា ការប្រើ​ប្រាស់​វាមាន​ច្រើន​គួរ​សម​សម្រាប់​អ្នក​មាន​ធនធាន​តិចតួច។ ​ម្យ៉ាង​ទៀត​ វា​ក៏​មិន​ទាន់​ធំដុំ​អ្វី​ដែរ​ ចំពោះ​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​ ក្នុង​ទំនាក់ទំនង​បច្ចេក​វិទ្យា​នេះ ​តែ​ឧ​ទាហរណ៍​ឈាន​ដល់​ការ​បញ្ឈប់​ការ​បញ្ជា​ទិញ​ទំនិញ​ធំៗ​របស់​ក្រុម​ហ៊ុន​ចិន ទៅ​ប្រទេស​អា​មេរិក មាន​ការ​ហាម​ឃាត់ ​ឬ​ដាក់​បន្ទុក​ពន្ធ​បន្ថែម​ នោះ​ទើប​បាន​ប៉ះ​ពាល់​មក​កម្ពុ​ជា​ ព្រោះ​ថា ​អ្នក​វិនិយោគ​យើង​ភាគ​ច្រើន​ ក្រុមហ៊ុន​ចិន»។

​លោក​ សុខ​ ពិសិដ្ឋ ​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ ជី​ហ្គៀ ​(G- Gear)​ ដែល​ជា​ក្រុម​ហ៊ុន​ដៃ​គូ​ជា​មួយ​ LG Electronics នៅ​កម្ពុជា​បាន​ថ្លែង​ដោយ​យោងតាម​របាយ​ការណ៍​រប​ស់ ​GfK​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​ ២០១៨​ ប្រជា​ជន​កម្ពុជា​ បាន​ចំណាយ​ប្រាក់​យ៉ាង​ហោច​ណាស់​ប្រមាណ​ ២៨២ លាន​ដុល្លារ​ស​ហ​រដ្ឋ​អា​មេរិក ក្នុង​​ការ​ទិញ​ទូរស័ព្ទ​ដៃ​គ្រប់​ប្រភេទ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរ​គម​នា​គ​ម​ន៍​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​ ២០១៨​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ទូរ​ស័ព្ទ​ចល័ត​សរុប​ជាង​ ១៩ លាន​ស៊ីមកាត ​(ត្រូវ​បាន​ប្រើ) ត្រូវ​នឹង​ ១១៨,៧០​ ភាគរយ​បើ​ធៀប​នឹង​ប្រជា​ជន​សរុប​។​ ​ខណៈ​អ្នក​ប្រើ​ប្រាស់​គណ​នី​ហ្វេស​ប៊ុក​នៅ​កម្ពុជា​ត្រឹម​ខែ​មក​រា ​ឆ្នាំ​ ២០១៨​ មាន​រហូត​ដល់​ប្រមាណ​ ៦,៨​ លាន​គណ​នី​។​ ​ចំ​ណែក​របាយ​ការណ៍​ផ្សព្វ​ផ្សាយ​នៅ​លើ​វេប​សាយ ​Greek​ in Cambodia​ ឲ្យ​ដឹង​ថា ​ស្ថិតិ​គណនី​នេះ​គឺ​មាន​ការ​កើន​ឡើង​ ៤១,៦៧​ ភាគរយ​ ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០១៧ ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​សរុប​តែ ៤​ លាន​ ៨ ​សែន​គណនី៕​