ភ្នំពេញៈ នាវាចម្បាំងដែលលិចនៅទន្លេមេគង្គស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសមង្គ្រាម ក្នុងអំឡុងទសវត្សរ៍ ៧០ នឹងត្រូវបញ្ចប់ទាំងស្រុងនៃការស្រង់ចេញពីក្នុងទឹកនៅដើមខែមេសាខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី ២២ ខែមីនា ស្តីអំពីនីតិវិធីស្រង់នាវាចម្បាំងដែលមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន។
លោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹកបានប្រើ រយៈពេលជាង ៤ ខែ ក្នុងការប្រមូល និងស្រង់គ្រាប់យុទ្ធភណ្ឌមកលើគោកជាបន្តបន្ទាប់។
ចាប់ពីខែតុលា ឆ្នាំ ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ ២០២១ នេះ ក្រុមប្រតិបត្តិករជំនាញ ប្រមូលគ្រាប់យុទ្ធភណ្ឌសរុបបានចំនួន ១៥ ២៨២ គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន ៦ និងសម្ភារសឹកមួយចំនួនផ្សេងទៀតចេញពីនាវាចម្បាំងដែលលិចនៅក្នុងទន្លេមេគង្គនេះ។
លោក នាង ផាត បន្តថា នាវាចម្បាំងលិចក្នុងទន្លេនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នាកាលពីសម័យសង្គ្រាម។ តាមការគ្រោងទុកនៅចុងខែមីនានេះ កម្លាំងជំនាញនឹងស្រង់គ្រាប់យុទ្ធភណ្ឌក្នុងនាវាចម្បាំងរួចរាល់ និងនៅសប្តាហ៍ទី១ ខែ មេសា ឆ្នាំ ២០២១ នឹងបញ្ចប់ទាំងស្រុងនៃការស្រង់នាវាមកដាក់នៅលើគោក៕