ភ្នំពេញៈ គណៈប្រតិភូជប៉ុនប្រចាំអង្គការសហប្រជាជាតិបានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងសម័យប្រជុំលើកទី ៣៨ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដោយបង្ហាញក្តីបារម្ភចំពោះស្ថានការណ៍បច្ចុប្បន្ននៅកម្ពុជា និងជំរុញឲ្យមានការសន្ទនាគ្នារវាងភាគីពាក់ព័ន្ធក្នុងស្រុកដើម្បីរកដំណោះស្រាយ។
គណៈប្រតិភូជប៉ុនបានថ្លែងថា ប្រទេសជប៉ុនមើលឃើញមានការរីកចម្រើនពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក ប៉ុន្តែខ្លួនមានការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្នក្រោយពេលគណបក្សប្រឆាំងធំមួយរបស់កម្ពុជាត្រូវបានរំលាយ។
គណៈប្រតិភូជប៉ុនបានថ្លែងថា៖ «ដើម្បីដោះស្រាយបញ្ហានេះ ជប៉ុនជឿជាក់ថា វាជារឿងចាំបាច់មួយសម្រាប់ភាគីពាក់ព័ន្ធទាំងអស់រួមទាំងបក្សកាន់អំណាច ក៏ដូចជាគណបក្សប្រឆាំងក្នុងការដាក់វិធានការវិន័យ និងលើកកម្ពស់កិច្ចសន្ទនារវាងប្រជាជននៅក្នុងប្រទេសកម្ពុជា»។
ប្រតិភូនៃប្រទេសជប៉ុនថ្លែងថា៖ «ដូច្នេះរដ្ឋាភិបាលជប៉ុនស្នើឲ្យគ្រប់ភាគីទាំងអស់ប្រឹងប្រែងខ្លាំងបំផុតដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្ន។ មានពេលវេលានៅសល់តិចណាស់រហូតដល់ថ្ងៃបោះឆ្នោតដែលនឹងមកដល់នៅចុងខែនេះ។ យើងស្នើឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដោយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាថា ការបោះឆ្នោតជាតិនឹងត្រូវបានធ្វើឡើងដោយលក្ខណៈត្រឹមត្រូវដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ»។
បើទោះបីជាថ្លែងយ៉ាងដូច្នេះក្តី គណៈប្រតិភូដដែលបានថ្លែងថា ជប៉ុននឹងបន្តផ្តល់ជំនួយចាំបាច់ដល់ប្រទេសកម្ពុជា។ លោកស្រីដែលតំណាងឲ្យប្រតិភូបានថ្លែងថា ជប៉ុនបានចូលរួមក្នុងការពង្រឹងនីតិរដ្ឋកម្ពុជាតាមរយៈការផ្ដល់ជំនួយដល់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា និងចូលរួមក្នុងដំណើរការសាលាក្តីខ្មែរក្រហម។
ប្រតិភូថ្លែងថា៖ «យើងនឹងបន្តយ៉ាងសកម្មក្នុងការចូលរួមវិភាគទានដើម្បីការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា»។
ការលើកឡើងរបស់គណៈប្រតិភូជប៉ុន និងគណៈប្រតិភូនៃប្រទេសផ្សេងទៀតត្រូវបានឆ្លើយតបដោយលោក ណី សំអុល ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិដោយលោកបានថ្លែងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជាទាំងផ្នែកលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចហើយថា ការរំលាយគណបក្សប្រឆាំងគឺជាបញ្ហាផ្លូវច្បាប់ដែលមិនអាចប្តឹងជំទាស់បាន ហើយរដ្ឋាភិបាលកម្ពុជាមិនមានតួនាទីក្នុងការអន្តរាគមន៍ទៅលើសេចក្តីសម្រេចរបស់តុលាការកំពូលទេ។
លោកបានអះអាងថាឆ្លងតាមការបោះឆ្នោតកាលពីពេលមុនកម្ពុជាធ្លាប់ទទួលរងការធ្វើបុរេវិនិច្ឆ័យដោយលម្អៀង និងការបដិសេធមិនទទួលស្គាល់ចំពោះដំណើរការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត។ លោកថ្លែងថា៖ «គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលការបដិសេធ និងភាពលម្អៀងនេះបានក្លាយទៅជាប្រពៃណីនៃការអនុវត្តនយោបាយ និងយុទ្ធសាស្ត្រទាមទាររបស់គណបក្សប្រឆាំង និងបក្ខពួករបស់គេ»។
លោក ណី សំអុល ក៏បានស្នើឲ្យអំពាវនាវដល់សហគមន៍អន្តរជាតិដែលសម្តែងការព្រួយបារម្ភនោះឲ្យផ្ដល់ការគាំទ្រ និងផ្ដល់ជំនួយដល់ គ.ជ.ប និងដល់ដំណើរការបោះឆ្នោតទាំងមូលក៏ដូចជាបញ្ជូនអ្នកសង្កេតការណ៍មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។
ស្របពេលជាមួយគ្នានេះគណៈកម្មាធិការមួយរបស់សហភាពអឺរ៉ុបបានបញ្ជូនប្រតិភូមួយក្រុមមកកម្ពុជាដើម្បីវាយតម្លៃថាតើកម្ពុជាបានគោរពតាមកាតព្វកិច្ចដែលមានចែងក្នុងផែនការអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ឬអត់? ប្រតិភូនេះបំពេញបេសកកម្ម «ស្វែងរកការពិត» រយៈពេល ៧ ថ្ងៃពីថ្ងៃ ៥ ដល់ថ្ងៃទី ១១ ខែកក្កដានេះ។
ទោះយ៉ាងណា ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចទាក់ទងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាពាក់ព័ន្ធនឹងកិច្ចការរបស់ប្រតិភូស្វែងរកការពិតនេះនៅឡើយទេ ចំណែកលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរកាលពីម្សិលមិញ។
លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា វិធានការដែលប្រទេសជប៉ុនត្រូវធ្វើនាពេលនេះគឺដកជំនួយពីប្រព័ន្ធ និងដំណើរការបោះឆ្នោតនៅកម្ពុជាទាំងស្រុងដោយលោកស្រីអះអាងថាប្រព័ន្ធនឹងដំណើរការបោះឆ្នោតនាពេលបច្ចុប្បន្ននេះមិនមានភាពប្រជាធិបតេយ្យ ហើយមិនបានបញ្ចូលពលរដ្ឋកម្ពុជាជាងពាក់កណ្ដាលប្រទេស។
លោកស្រីថ្លែងថា៖ «កម្ពុជាមិនអាចត្រូវបានចាប់ជាចំណាប់ខ្មាំងទេ ពីព្រោះគណបក្សកាន់អំណាចមិនបានធ្វើបដិភាគទានអ្វីសោះ ហើយផ្ទុយទៅវិញបានបង្កើតច្បាប់ និងបទបញ្ជា ហើយរហូតដល់មានការធ្វើវិសោធនកម្ម និងរំលោភលើរដ្ឋធម្មនុញ្ញ ដើម្បីបន្តកាន់អំណាច»។
លោក ជាម ចន្នី អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀតបានថ្លែងកោតសរសើរដល់ប្រទេសជប៉ុនក្នុងបំណងដែលចង់ឲ្យមានការសន្ទនារវាងគណបក្សធំៗទាំង២។ ទោះយ៉ាងណាលោកថា ជប៉ុនមិនទាន់បង្ហាញជំហរច្បាស់លាស់អំពីស្ថានការណ៍នៅកម្ពុជាទេ ដោយបន្តការគាំទ្រដល់ គ.ជ.ប។ លោកសង្ឃឹមថាជប៉ុននឹងបង្ហាញជំហរច្បាស់មួយនៅនាទីចុងក្រោយនៃការបោះឆ្នោតនេះ។
លោក ចន្នី ថ្លែងថា៖ «ជប៉ុនទាមទារឲ្យមានការជជែកគ្នាជាបញ្ហាល្អមួយត្រង់ថា យើងមានសង្ឃឹមថាប្រទេសជប៉ុនលោកនឹងបង្ហាញជំហរពិតប្រាកដនៅនាទីចុងក្រោយនៃការបោះឆ្នោតនេះ។ អ៊ីចឹងប្រទេសជប៉ុនអត់ចង់ដកខ្លួនចេញផុតទេ ព្រោះលោកចង់ជាអ្នកដឹកនាំចង់ជាមេអណ្ដើកទាក់ទាញឲ្យភាគីសងខាងចូលជួបគ្នា។ ខ្ញុំមើលឃើញថា ជប៉ុននឹងមិនប្រកាន់ជំហរដូចរាល់ថ្ងៃទេ ច្បាស់ជាប្រកាសនៅនាទីចុងក្រោយយ៉ាងច្បាស់លាស់របស់ជប៉ុន»។ «ប្រសិនបើរដ្ឋាភិបាលនៅរឹងត្អឹងមិនដោះស្រាយដល់ស្ថានភាពបច្ចុប្បន្នទេអាមេរិក និងសហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធនាំចេញ»៕