
លោក ទៀ បាញ់ និងប្រតិភូសភាអាមេរិកនៅក្នុងជំនួបកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០។ រូបថត ហ្វេសប៊ុកលោក ទៀ បាញ់
ភ្នំពេញៈ នៅក្នុងជំនួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជាកាលពីថ្ងៃទី ២២ ខែមករា គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិកបានគូសបញ្ជាក់ពីការបន្តលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជាឲ្យបានកាន់តែល្អប្រសើរ ប៉ុន្តែបានសម្តែងការព្រួយបារម្ភចំពោះដំណើរការសវនាការលើលោក កឹម សុខា។
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិកចំនួន ៣ រូបដែលក្នុងនោះ រួមមានលោក Seth Wilbur Moulton និងលោក James Edward Banks ទាំង ២ រូបគឺជាសមាជិកគណៈកម្មាធិការកិច្ចការយោធា និងលោក Ronald Gene Estes សមាជិកគណៈកម្មាធិការត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើថវិកាជាតិរួម និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក ផាទ្រីក ម័រហ្វី បានចូលជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកាលពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធបន្ទាប់ពីជំនួបថា ភាគីទាំង ២ បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
លោកថា តំណាងរាស្ត្រសហរដ្ឋអាមេរិកទាំងនេះបញ្ជាក់ថា មិនត្រឹមតែរដ្ឋាភិបាលអាមេរិកទេគឺទាំងសភាអាមេរិកក៏មានចេតនាយ៉ាងខ្លាំងក្នុងការលើកស្ទួយទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា។ លោកបន្តថា ភាគីទាំង ២ ក៏បានពិភាក្សាអំពីដំណើរការកាត់ក្តីលោក កឹម សុខា ផងដែរ ដោយលោក ប្រាក់ សុខុន បានប្រាប់ទៅភាគីសហរដ្ឋអាមេរិកថា ការប្រព្រឹត្តទៅនៃសវនាការកាត់ក្តីលោក កឹម សុខា គឺធ្វើឡើងដោយមានតម្លាភាព។

ជំនួបរវាងមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ និងប្រតិភូសភាសហរដ្ឋអាមេរិកពីថ្ងៃទី ២២ ខែមករា។ រូបថត សហការី
លោកបញ្ជាក់ថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រព្រឹត្តទៅនៃសវនាការនេះប្រព្រឹត្តទៅដោយតម្លាភាពច្បាស់លាស់ ជាពិសេសដោយមានការចូលរួម ៥៨ រូបដែលជាតំណាងពីក្រុមស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល សារព័ត៌មាន និងគណបក្សនយោបាយ»។
អ្នកនាំពាក្យក្រសួងការបរទេសបានបន្តទៀតថា ទាក់ទងបញ្ហាមួយចំនួនគឺសហរដ្ឋអាមេរិកបានលើកឡើងអំពីពាក្យចចាមអារ៉ាមដែលថានឹងមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះគឺលោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា នេះគ្រាន់តែពាក្យចចាមអារ៉ាមទេ ហើយកម្ពុជាមានសិទ្ធិក្នុងការការពារអធិបតេយ្យភាព បូរណភាពរបស់ខ្លួន គឺកម្ពុជាមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសណានៅលើទឹកដីកម្ពុជានោះទេ គឺកម្ពុជាគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន។
បើតាមលោក កុយ គួង ចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយកម្ពុជា គឺកម្ពុជាសម្តែងនូវបំណងរឹងមាំច្បាស់លាស់ក្នុងការធ្វើឲ្យមានទំនាក់ទំនងល្អ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំទី ១ ក្នុងប្រទេសអាស៊ានដែលបានឆ្លើយតបជាវិជ្ជមានចំពោះលោកប្រធានាធិបតីអាមេរិក ដែលអញ្ជើញថ្នាក់ដឹកនាំអាស៊ានទាំងអស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកដែលគ្រោងធ្វើនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ ខាងមុខ។
លោកបានបញ្ជាក់ថា៖ «កន្លងមកមានការចោទប្រកាន់ថា អ៊ីចេះ ថាអ៊ីចុះ លោកឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា យើងគឺមិនមានចេតនាចាត់ទុកប្រទេសណាមួយជាសត្រូវទេ គឺមានចេតនាបង្កើតមិត្តពង្រីកមិត្ត និងរក្សាមិត្ត។ ដូច្នេះយើងខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អនេះជាមួយបណ្តាប្រទេសទាំងអស់នៅលើសកលលោក»។
បន្ទាប់ពីជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ក្រុមគណៈប្រតិភូសហរដ្ឋអាមេរិកទាំងនេះក៏បានទៅជួបលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។ លោក ទៀ បាញ់ និងលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញដោយសារទូរស័ព្ទពួកលោកពុំមានអ្នកទទួល។
ប៉ុន្តែបើតាមការចុះផ្សាយរបស់សារព័ត៌មាន ហ្វ្រេសញូវនៅក្នុងជំនួបនេះ ប្រតិភូសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះការកាត់ទោសលោក កឹម សុខា ថាធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែ លោក ទៀ បាញ់ បានលើកឡើងថារឿងនេះវាស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការដែលតុលាការជាអ្នកសម្រេចតាមច្បាប់ ហើយចំពោះរឿងប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សគឺគ្មានអ្វីប៉ះពាល់នោះទេ។ «ចំពោះរឿងប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សគឺគ្មានអ្វីប៉ះពាល់នោះទេដោយប្រជាជននៅតែចេញធ្វើបុណ្យទាន ធ្វើដំណើរទៅទីផ្សេងៗ និងធ្វើសកម្មភាពផ្សេងៗដោយគ្មានការបង្ខិតបង្ខំ ភ័យខ្លាចអ្វីនោះទេ»។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកក៏មិនអាចទាក់ទងសុំការបញ្ជាក់លើបញ្ហានេះដែរកាលពីម្សិលមិញ ប៉ុន្តែបើយោងតាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកបានដកស្រង់សម្តីរបស់គណៈប្រតិភូសភាអាមេរិកមកបង្ហោះកាលពីថ្ងៃពុធថា៖ «យើងជឿជាក់លើកម្ពុជាមានភាពរីកចម្រើន ប្រជាធិបតេយ្យ និងអធិបតេយ្យភាព ហើយយើងនឹងចែករំលែកអ្វីដែលយើងបានរៀនសូត្រនៅទីនេះជាមួយសមាជិកសភារបស់យើង និងជាមួយអ្នកដឹកនាំផ្នែកប្រតិបត្តិ នៅក្រុងវ៉ាស៊ីនតោនឌីស៊ី»៕