ភ្នំពេញៈ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា គ្រោងដឹកនាំគណៈប្រតិភូទៅកាន់ ប្រទេសបារាំង ដើម្បីទៅប្រមូលឯកសារពាក់ព័ន្ធនឹងទឹកដីខ្មែរកម្ពុជាក្រោម ជាភ័ស្តុតាងដាក់បន្ទុកឲ្យវៀតណាម សុំទោសចំពោះការកាឡៃប្រវត្តិសាស្រ្ត ដែលថា ទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់វៀតណាមជាយូរលង់ណាស់មកហើយនោះ។
ក្រោយកិច្ចប្រជុំជាមួយសមាជិករបស់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ លោក ថាច់ សេដ្ឋា បានឲ្យដឹងថា គម្រោងចេញទៅ ប្រទេសបារាំង ដើម្បីធ្វើការស្រាវជ្រាវពីប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោមនេះ គឺស្របតាមការឆ្លើយតបរបស់ស្ថានទូតបារាំង ជុំវិញញត្តិដែលក្រុមបាតុករបានដាក់កាលពីថ្ងៃ ទី៦ ខែតុលា កន្លងទៅ។
លោកថ្លែងថា៖ «លិខិតឆ្លើយតបរបស់ស្ថានទូតបារាំង ចុះកាលពីថ្ងៃ ទី១៣ ខែតុលា គឺបានជូនដំណឹងដល់បាតុករឲ្យចាត់តាំងតំណាងទៅ ប្រទេសបារាំង យកឯកសារ និងមានភ្ជាប់លេខកូដ និងបណ្ណាល័យផងដែរ។ ប៉ុន្តែដោយសារ យើងមានបញ្ហាថវិកា ទើបបានជាយើងពន្យារពេល។ យើងគ្រោងនឹងបង្កើតមូលនិធិដើម្បីទ្រទ្រង់ដំណើរការការងារនេះ។»
លោក ថាច់ សេដ្ឋា បន្តឲ្យដឹងថា ក្រុមការងាររបស់លោកដែលមានមកពីក្រុមសមាគមចំនួន ១៣ សម្រេចចាត់តាំងតំណាងសមាជិក ១០ រូបដើម្បីរៀបចំពាក្យស្នើសុំទិដ្ឋាការឆ្លងដែន (VISA) ទៅកាន់ ប្រទេសបារាំង។
លោកបានបន្តថា៖ «យើងនឹងផ្ញើឈ្មោះទាំងនេះទៅតែអាស្រ័យលើស្ថានទូតបារាំង អាចកំណត់មនុស្សទៅប៉ុន្មាននាក់ នោះយើងនឹងទៅប៉ុណ្ណឹង ព្រោះនេះជាប្រវត្តិសាស្ត្រលើក ទី១ ហើយដែលយើងមានឱកាសទៅសិក្សា ដើម្បីបញ្ជាក់ការពិតនៃប្រវត្តិខ្មែរក្រោម»។
លោក ថាច់ សេដ្ឋា ឲ្យដឹងទៀតថា ក្រោយពីប្រមូលផ្តុំ សិក្សាឯកសារពាក់ព័ន្ធទាំងនោះ លោកសង្ឃឹមថា បញ្ញវន្តខ្មែរទាំងអស់នឹងរួមចំណែកធ្វើការវិភាគលើបញ្ហានេះ។
តបនឹងរឿងនេះ អ្នកនាំពាក្យស្ថានទូតបារាំង ប្រចាំកម្ពុជា លោក Nicolas Baudoin បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា៖ «យើងបានទទួលយកញត្តិ និងបានឆ្លើយតបដោយជម្រាបពួកគេថា ជុំវិញបញ្ហានេះគាត់ (ថាច់ សេដ្ឋា) អាចមកធ្វើការទាក់ទងជាមួយនឹងបណ្ណាល័យឯកសារបរទេស ក្នុងក្រុង Aix-ex-Provence។ ពួកគេ នឹងមិនទទួលបានឯកសារអ្វីពីយើងនោះទេ»។
ក្រោយការលើកឡើងថា ទឹកដីខ្មែរកម្ពុជាក្រោមជាដីរបស់វៀតណាម តាំងពីយូរយារមកហើយ អតីតអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង បានបដិសេធការសុំទោសជាសាធារណៈ បើទោះជាការលើកឡើងនេះបានបង្កឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ និងព្រះសង្ឃរាប់រយអង្គផ្ទុះការតវ៉ាចំនួន ៤ លើកនៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជាក្តី។
កន្លងទៅលោក ត្រឹង វ៉ាន់ថុង នៅតែប្រកាន់ជំហរគាត់ដដែល ដោយលើកឡើងថា ទឹកដីវៀតណាមភាគខាងត្បូង ឬទឹកដី ណាំបូ ដែលកម្ពុជាហៅថា «ដីកម្ពុជាក្រោម» នោះ ជាទឹកដីរបស់ ប្រទេសវៀតណាម ដោយផ្អែកតាមច្បាប់អន្តរជាតិ ហើយពេលដែលបារាំងចូលមកកាន់កាប់ឥណ្ឌូចិន គឺបារាំង មិនបានកាត់ដីកម្ពុជាទៅឲ្យខាង វៀតណាម ហើយក៏មិនបានកាត់ទឹកដីវៀតណាមឲ្យមកកម្ពុជាដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សៀវភៅប្រវត្តិសាស្ត្រជាច្រើនបានសរសេរថា អាណានិគមបារាំង ទើបតែកាត់ទឹកដីកម្ពុជាក្រោមមាន ២១ ខេត្ត-ក្រុង ទៅឲ្យអាជ្ញាធរវៀតណាម ត្រួតត្រាកាលពីថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ១៩៤៩៕