ភ្នំពេញៈ គណៈប្រតិភូគណៈកម្មការសហភាពអឺរ៉ុបប្រមាណ ១០ រូបបានជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាច្រើននៅក្រសួងមហាផ្ទៃកាលពីរសៀលម្សិលមិញពាក់ព័ន្ធនឹងបេសកកម្មស្វែងរកការពិត ដើម្បីសម្រេចទៅលើថា តើត្រូវព្យួរ ឬត្រូវបន្តកម្មវិធី «ការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ» ពីប្រទេសកម្ពុជា?
បើយោងតាមមន្ត្រីរដ្ឋាភិបាលជំនួបចុងក្រោយរបស់ពួកគេនឹងធ្វើឡើងជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្រសួងការបរទេស។
លោក កត្តា អ៊ន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថ្លែងកាលពីម្សិលមិញថាចាប់តាំងពីដំណើរទស្សនកិច្ចមកកម្ពុជាប្រតិភូនៃគណៈកម្មការសហភាពអឺរ៉ុបប្រមាណ ១០ នាក់បានទៅធ្វើទស្សនកិច្ចនៅខេត្តកោះកុង និងកំពង់ស្ពឺដោយបានជួបជាមួយក្រុមហ៊ុនមួយចំនួន និងអមដំណើរដោយមន្ត្រីអង្គការសង្គមស៊ីវិលផង។
លោកថ្លែងថា៖ «យើងមានចំនួន ១៥ ចំណុចដែលជាបញ្ហាពាក់ព័ន្ធ។ ១៥ ចំណុចនេះមានពាក់ព័ន្ធនឹងក្រសួងស្ថាប័នចំនួន ៨ ដូចជាក្រសួងការបរទេស មហាផ្ទៃ ការងារ កិច្ចការនារី និងដែនដីជាដើម ហើយយើងនឹងជួបសំណេះសំណាលទៅតាមរបៀបវារៈនីមួយៗ»។
ក្រោយពេលកិច្ចប្រជុំនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលជាច្រើនបានបដិសេធធ្វើអត្ថាធិប្បាយអំពីកិច្ចប្រជុំនេះ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងប្រាប់តាមអ៊ីមែលកាលពីថ្ងៃចន្ទថា បេសកកម្មនេះធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាជ្ញាធរកម្ពុជាស្ថិតក្រោមកម្មវិធី «ការអនុគ្រោះពន្ធ លើទំនិញទាំងអស់លើកលែងតែសព្វាវុធ»។
លោកថ្លែងថា៖ «បេសកកម្មនេះនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនទៀតរួមទាំងសង្គមស៊ីវិល សហជីពពាណិជ្ជកម្ម ម្ចាស់សហគ្រាស និងតំណាងសហគមន៍អន្តរជាតិដើម្បីស្វែងយល់បន្ថែមទៀតអំពីស្ថានការណ៍នៅកម្ពុជាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារនៅកម្ពុជា»។
លោកបន្ថែមថា៖ «គោលបំណងនៃបេសកកម្មនេះគឺដើម្បីប្រមូលព័ត៌មាន ដើម្បីបញ្ជូលទៅក្នុងការពិចារណា និងធ្វើការសម្រេចនៅក្នុងគណៈកម្មការសហភាពអឺរ៉ុប និងនៅក្នុងគណៈកម្មការសេវាកម្មវិធានការការទូតរបស់សហភាពអឺរ៉ុបហៅកាត់ថា (EEAS)។
កាលពីខែមុនប្រតិភូកម្ពុជាមួយក្រុមដឹកនាំដោយលោក សុក ស៊ីផាន់ណា ដែលជាទីប្រឹក្សារាជរដ្ឋាភិបាលបានធ្វើដំណើរទៅសហភាពអឺរ៉ុបក្នុងទីក្រុងប្រ៊ុចសែល ដើម្បីពន្យល់អំពីស្ថានការណ៍កម្ពុជាបច្ចុប្បន្ន និងស្នើកុំឲ្យសហភាពអឺរ៉ុបព្យួរ «ការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ»។
យោងតាមលិខិតដែលផ្សាយដោយក្រសួងការបរទេសប្រតិភូកម្ពុជាបានពន្យល់ថា កម្ពុជាធ្លាប់បានទទួលរងការដាក់ទណ្ឌកម្មពីឆ្នាំ ១៩៧៩ ដល់ ១៩៩១ ដែលឥទ្ធិពលនៃទណ្ឌកម្មនោះក៏នៅមានផលប៉ះពាល់ដល់ស្ថានភាពកម្ពុជាបច្ចុប្បន្នផងដែរ។
ឯកសារដដែលបានសរសេរថា៖ «ការព្យួរការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធដោយសារតែរដ្ឋាភិបាលសម្រេចចិត្តការពារលើស្ថាប័នរបស់ខ្លួនប្រឆាំងនឹងការប៉ុនប៉ងប្តូររបបតាមរបៀបមួយដែលមិនមានលក្ខណៈប្រជាធិបតេយ្យនោះនឹងមិនអាចប្តូរឆន្ទៈរបស់អាជ្ញាធរកម្ពុជាក្នុងការផ្ដល់អាទិភាពលើការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឡើយ»។
ឯកសារប្រតិភូកម្ពុជាក៏បានចោទសួរជាសំណួរថា បើសិនជាត្រូវព្យួរ «ការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ» ពីកម្ពុជាហេតុអ្វីបានជាគោលការណ៍នេះមិនត្រូវបានធ្វើលើប្រទេសផ្សេងទៀតដែលមានការគាបសង្កត់ជារៀងរាល់ថ្ងៃ?
ទោះយ៉ាងណាក្រោយកិច្ចប្រជុំនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញលោក សុក ស៊ីផាន់ណា បដិសេធធ្វើអត្ថាធិប្បាយដោយនិយាយថា៖ «អត់ទេ កិច្ចការនេះជាការសម្ងាត់» ហើយក៏បានចូលទៅក្នុងឡាន។
ទោះបីយ៉ាងណាលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងកាលពីម្សិលមិញថា ការជួបប្រជុំជាមួយប្រតិភូនៃគណៈកម្មការសហភាពអឺរ៉ុបគឺដើម្បីពន្យល់ពីកិច្ចការពាក់ព័ន្ធនឹងសិទ្ធិការងារសិទ្ធិមនុស្ស និងនយោបាយក្នុងនាមភាពជាដៃគូ។
លោកថ្លែងថា៖ «ចំណុចទាំងនេះកំពុងឆ្លើយឆ្លងពន្យល់គ្នាទៅវិញទៅមក។ មិនទាន់មានការសម្រេចអ្វីទេ។ មិនមានការផ្ដាច់ប្រព័ន្ធការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធគឺគេអាចព្យួរ ឬ អាចបន្តទៅមុខទៀត។ ក្នុងសាច់រឿងហ្នឹងកម្ពុជាសហការជាមួយ EU ជាដៃគូអភិវឌ្ឍន៍។ យើងអត់មែនជាសត្រូវជាមួយគ្នាផង ប៉ុន្តែចំណុចខ្លះ EU ត្រូវឲ្យយើងពន្យល់ប្រាប់ឲ្យក្បោះក្បាយអំពីអ្វីដែល EU បានដឹងតាមសារព័ត៌មាន និងតាមរបាយការណ៍តាមអង្គការផ្សេងទៀត»។
លោកថ្លែងបន្តថា៖ «នេះជាអ្វីដែលឈរលើភាពជាដៃគូពីព្រោះ EU មិនមែនជាអ្នកដាក់អាណានិគមលើកម្ពុជាទេ។ អ្វីដែលសំខាន់ជាងគេគឺយើងជាដៃគូអភិវឌ្ឍន៍ ដូច្នេះយើងមានគំនិតដូចគ្នាគឺការអភិវឌ្ឍប្រទេសទាំងសេដ្ឋកិច្ចទាំងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ យើងមានគោលដៅដូចគ្នា ដូច្នេះអ្វីដែលយល់គ្នាមិនច្បាស់យើងត្រូវពន្យល់ និងជជែកគ្នាតទៅទៀត»។
កាលពីចុងឆ្នាំ ២០១៧ ឯកសារបែកធ្លាយរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាកម្ពុជានឹងខាតបង់ប្រាក់ចំនួន ៦៧៦ លានដុល្លារក្នុងករណីដែលសហភាពអឺរ៉ុបព្យួរ «ការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ» ដែលចំនួនទឹកប្រាក់នេះគិតចេញពីតម្លៃនាំចេញសរុប ៦,២ ពាន់លានដុល្លារតួលេខឆ្នាំ ២០១៦។
ស្របពេលជាមួយគ្នានេះសហជីពចំនួន ៥ កាលពីម្សិលមិញបានស្នើសុំសហភាពអឺរ៉ុប កុំឲ្យព្យួរប្រព័ន្ធ «ការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ» នេះដោយពួកគេបានលើកឡើងថា ការព្យួរ EBA នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាជនខ្មែរចំនួន ៣ លាននាក់។
ជាមួយគ្នានេះកាលពីរសៀលថ្ងៃម្សិលមិញលោកស្រី តែ ចន្ទមនោ ភរិយាលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានចូលជួបជាមួយបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុបនៅទីស្នាក់ការប្រតិភូសហគមន៍ប្រចាំកម្ពុជា។ នេះបើតាមលោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ដែលបានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកកាលពីល្ងាចម្សិលមិញ។
លោក ចន្ថា បានបញ្ជាក់ថា៖ «បេសកកម្មស្វែងរកការពិតបានសម្តែងការព្រួយបារម្ភអំពីការបន្តឃុំខ្លួន ឯកឧត្តម កឹម សុខា និងបន្តទាមទារឲ្យមានការដោះលែងរូបលោកជាបន្ទាន់»។
លោ កឹម សុខា នៅពេលនេះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំជាប់ព្រំដែនកម្ពុជា-វៀតណាម៕