ភ្នំពេញៈ មន្ត្រីជំនាញ ប្រមាណជាង ១០ នាក់ មកពីអាជ្ញាធរមីន ក្រសួងសេដ្ឋកិច្ចប្រទេសផ្ដល់ជំនួយ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ជួបប្រជុំគ្នាកាលពីម្សិលមិញ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយបានពិភាក្សាពីគម្រោងបោសសម្អាតមីនតាមផែនការដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៥ ជាឆ្នាំដែលកំណត់គោលដៅកម្ពុជាគ្មានគ្រាប់មីន ហើយគ្រោងនឹងចំណាយថវិកា ២០ លានដុល្លារសហរដ្ឋអាមេរិក។
លោក លី ធុជ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មន្ត្រីដែលចូលរួមក្នុងកិច្ចប្រជុំនោះមានតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងស្ថានទូតនៃប្រទេសផ្តល់ជំនួយពីប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ និងដៃគូអភិវឌ្ឍន៍ដូចជា អង្គការ UNDP និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េ (KOICA)។
លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានថ្លែងនៅក្នុងសុន្ទរកថារបស់លោកបានឱ្យដឹងថា៖ «ការប្ដេជ្ញាចិត្ដរបស់សហគមន៍ម្ចាស់ជំនួយទាំងអស់ចំពោះកម្ពុជាគឺសំខាន់បំផុតក្នុងកាលៈទេសៈនេះ។ យើងទាំងអស់គ្នាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង និងគោលដៅរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវកម្ពុជាដែលគ្មានមីននៅឆ្នាំ ២០២៥។ ជាមួយនឹងសមិទ្ធផលទាំងនេះ យើងជឿជាក់ថា ពេលវេលាកំណត់ក្នុងឆ្នាំ ២០២៥ គឺស្ថិតនៅក្នុងលទ្ធផលដែលយើងរំពឹងទុករួចទៅហើយ»។
លោក លី ធុជ អះអាងថា បើទោះមានការរីករាលដាល ជំងឺកូវីដ ១៩ កំពុងរីករាលដាលនៅក្នុងសកលលោក រួមទាំងកម្ពុជាក្ដី ប៉ុន្តែការបោសសម្អាតមីននៅកម្ពុជាបានអនុវត្ដដោយជោគជ័យ និងសុវត្ថិភាព ដោយនៅតែទទួលបានការគាំទ្រពីសហគមន៍ប្រទេសផ្ដល់ជំនួយ ហើយចាប់តាំងពីឆ្នាំ ២០០៦ មកត្រឹមខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានប្រមាណ ២៥២ គីឡូម៉ែត្រក្រឡាក្នុងនោះពលរដ្ឋជាង ១ លាននាក់បានទទួលផល។
លោកបានថ្លែងថា៖ «ទោះបីមានជំងឺកូវីដ ១៩ ដ៏កាចសាហាវនេះក៏រាជរដ្ឋាភិបាលយើងមិនបានបន្ថយនូវឆន្ទៈក៏ដូចជា ធនធានដើម្បីបោសសម្អាតមីនជូនបងប្អូនប្រជាពលរដ្ឋនូវតំបន់ដាច់ស្រយាលដែរ (ហើយ) ប្រទេសសហគមន៍ផ្ដល់ជំនួយ ក៏មិនបានដកខ្លួនថយ ឬក៏កាត់បន្ថយការប្ដូរផ្ដាច់របស់គាត់ក្នុងការបោសសម្អាតមីននៅកម្ពុជាដែរ»។
លោកថ្លែងថា៖ «ខ្ញុំចាត់ទុកអង្គការ UNDP គឺជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ជាមួយអាជ្ញាធរមីនដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកការគាំទ្រដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលទាំងផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេសចាប់តាំងពីដំណើរការក្នុងឆ្នាំ ២០០៦។ ការគាំទ្ររួមគ្នារបស់ម្ចាស់ជំនួយ និងអង្គការ UNDP ត្រូវបានវាយតម្លៃខ្ពស់ដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសសហគមន៍ដែលរស់នៅក្នុងតំបន់រងគ្រោះដោយសារគ្រាប់មីន»។
លោក និគ ប៊ែរេសហ្វដ តំណាង UNDP ប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំនេះ ដោយបានអបអរសាទរចំពោះអាជ្ញាធរមីនដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ UNDP ក្នុងការអនុវត្តដោយជោគជ័យនូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលក្នុងរយៈពេលជាង ១៥ ឆ្នាំកន្លងមក។
ទន្ទឹមគ្នានេះដែរ តំណាងប្រទេសអូស្ត្រាលី លោក ដាវីដ ប្លុច លេខាទី១ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាក៏បានសម្ដែងនូវការគាំទ្រដំណើរការនៃការអនុវត្តគម្រោង និងជឿជាក់លើសមត្ថភាពរបស់អាជ្ញាធរមីន និងការសម្របសម្រួលពី UNDP ក្នុងការអនុវត្តគម្រោងដំណាក់កាលទី ៤ រហូតដល់ឆ្នាំ ២០២៥ ដោយជោគជ័យតាមផែនការដែលបានគ្រោងទុក។
លោក ដាវីដ ថ្លែងថា៖ «អូស្ត្រាលីនឹងជួយគម្រោងសម្រាប់ដំណាក់កាលទី ៤ បន្តទៀត ទោះបីជាពិភពលោកកំពុងបង្វែរថវិកាមួយចំនួនប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ក៏ដោយ»។
ជាមួយគ្នានេះដែរ លោក អ៊ីលាត កឹតតុន លេខាទី ១ ស្ថានទូតប្រទេសនូវែលសេឡង់ ប្រចាំនៅប្រទេសថៃ ដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញបានសម្ដែងនូវការពេញចិត្តចំពោះការចូលរួមថវិកាសម្រាប់បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី ៤។ ខណៈលោក រ៉ូ យុនជុន នាយកប្រចាំប្រទេសនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA នៅកម្ពុជាបានបញ្ជាក់ពីការចូលរួមថវិកាចំនួន ១០ លានដុល្លារ។
លោកថ្លែងថា៖ «ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូសំខាន់បំផុតរបស់រដ្ឋាភិបាលកូរ៉េ ហើយ KOICA បានអនុវត្តគម្រោងជាច្រើនក្នុងវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ជនបទជាមួយកម្ពុជា»។ អាជ្ញាធរមីនក៏មានការគាំទ្រពីប្រទេសម្ចាស់ជំនួយដទៃទៀតដូចជា សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន ន័រវែស ចិន កាណាដា អាល្លឺម៉ង់ ស្វ៊ីស អៀរឡង់ និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ៕