ភ្នំពេញៈ ប្រទេស​​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន​ ៧៣​ បាន​ផ្ដល់​មតិយោបល់​និ​ង​អនុសាសន៍​ដល់​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ​៣២​ នៃ​ក្រុម​ការងារ​កិច្ច​ប្រជុំ​ពិនិត្យ​តាម​កា​ល​​​កំណត់​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ UN ហៅ​កាត់​ UPR ដោយ​ប្រទេស​​ទាំង​នេះ​បាន​ផ្ដល់​អនុសាសន៍​ចំនួន​ ២០២ ​ចំណុច​ ដើម្បី​ឲ្យ​កម្ពុជា​​ធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​​​ត្រូវ​បើក​ការ​ពិភាក្សា​ក្នុង​ចំណោម​តួអង្គ​នយោ​បាយ​​ដើម្បី​បង្រួប​បង្រួម​ពល​រដ្ឋ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​។​

ប៉ុន្តែ​ប្រតិភូ​កម្ពុជា​បាន​ថ្លែង​ថា ប្រតិភូ​ដែល​ផ្ដល់​អនុសា​ស​ន៍​​មួយ​​ចំនួន​យក​អាទិភាព​លើ​សិទ្ធិ​ស៊ីវិល ​និង​នយោបាយ ធំជាង​សិទ្ធិ​សេដ្ឋកិច្ច សង្គម​ និង​វប្បធម៌ និង​មាន​របៀប​វារៈ​នយោបាយ។

បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ត្រូវ​បាន​លើក​យក​មក​ពិនិត្យ​ក្នុង​ជុំ​ទី​ ៣ ​នៃ​​កិច្ច​ប្រជុំ​ UPR សម្រាប់​កម្ពុជាកាល​ពី​ថ្ងៃ​ពុធ​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស ​ស្វ៊ីស។ កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ២ ​ដង​រួច​ហើយ ​សម្រា​ប់​កម្ពុជា គឺនៅ​ឆ្នាំ​ ២០០៩ និង​ ២០១៤។

គណៈ​កម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​នឹង​យក​អនុសាសន៍​ទាំង​ ២០២ ចំណុ​ច​​នេះមក​​ពិនិត្យ​ និង​ពិភាក្សា និង​ពិគ្រោះយោបល់​​ជាមួយ​ស្ថាប័​ន​​ពាក់​ព័ន្ធ ទាំង​រដ្ឋ​ និង​សង្គម​ស៊ីវិល ​ដើម្បី​កំណត់​ថា​ អនុសា​សន៍​ណា​ខ្លះ​ត្រូវ​ទទួល​យក ហើយអនុសាសន៍​ណា​ខ្លះ​ត្រូវ​បដិសេធដើម្បី​ឆ្លើយ​តប​​ជា​ផ្លូវ​ការ​ ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​ ៤១ នៅ​ខែ​កក្កដា ខាង​មុខ នៅ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អ.ស.ប។

ក្នុង​កិច្ច​​ពិភាក្សា​កាល​ពី​​ម្សិល​មិញ ប្រទេស​មួយ​ចំនួន​​បាន​បង្ហា​ញ​ក្តី​បារម្ភ​ និង​ផ្តល់​​អនុសា​សន៍​ប្រហាក់​ប្រហែល​គ្នា។ ពួក​គេ​បាន​បង្ហាញ​ក្តី​បារម្ភ​​ និង​ស្នើ​ឲ្យ​ដោះលែង​លោក កឹម សុខា ដក​បម្រាម​ហាម​ធ្វើ​នយោបាយ​សម្រាប់​​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ ១១​៨​ រូបបញ្ចប់​ការងារ​ភ្ជាប់​ដោយ​បំណុល បើក​​ផ្លូវ​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​​បើក​ដំណើរ​ការ​ឡើង​វិញ បើក​លំហ​សម្រាប់​សង្គម​ស៊ីវិល សហជីព​ការងារ​ដក​ប្រកាស​អន្តរក្រសួង​អំពី​ការ​គ្រប់​គ្រង​​ប្រព័ន្ធ​អ៊ីន​​ធឺណិត និង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លីជា​ដើម។ ប្រទេស​​ទាំង​នោះ​រួម​មាន អាមេរិក កាណាដា ស្វ៊ីស ស៊ុយអែត អូទ្រីស បារាំង អាល្លឺម៉ង់ អូស្ត្រាលី ចក្រ​​ភព​អង់គ្លេស ប៊ែលហ្ស៊ិក និង​ជប៉ុន។

លោក Ken Okaniwa ប្រតិភូ​តំណាង​ប្រទេស ​ជប៉ុន ​បាន​លើក​អនុសាសន៍​ ២ ​ចំណុច​ដែល​រួម​មាន​ការ​ធ្វើ​​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ បង្កើត​ប្រព័ន្ធ​យុត្តិធម៌​ ដែល​ឯករាជ្យ​ ដែល​ពលរដ្ឋ​ជឿជាក់​ និង​ប្រើ​ប្រាស់​បាន។ លោក​ស្នើ​ឲ្យ​យក​គំរូ​តាម​​សាលាក្តី​កា​ត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ECCC។

លោក​ក៏​បាន​ផ្ដល់​អនុសាសន៍​​ ឲ្យ​កម្ពុជា​លើក​កម្ពស់​ការ​ពិភាក្សា​​ ក្នុង​ចំណោម​តួអង្គ​នយោបាយ​ទាំងអស់ សេរីភាព​និង​សិទ្ធិ​​របស់​ពល​រដ្ឋ និង​ដំណើ​រការ​ប្រកប​​ដោយ​លទ្ធិ​ប្រជា​ធិប​តេយ្យ ដើម្បី​បង្រួប​បង្រួប​ពលរដ្ឋ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ។

លោក Ken Okaniwa ថ្លែង​ថា៖ «ក្នុង​ដំណើរ​ការ​នេះ​ ត្រូវ​មាន​ការ​ធានា​នូវ​បរិយាកាស​មួយដែល​តួ​អង្គ​នយោបាយ​ទាំង​អស់​ សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ផ្សេងៗ​ទៀត ​ត្រូវ​បាន​គោរព ហើយ​សកម្មភាព​របស់​ពួក​គេ​មិន​ត្រូវ​បាន​រឹតត្បិត»។

លោក​ក៏​ស្វាគមន៍​ដល់​ការ​បន្ត​​ឲ្យ​មាន​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បន្ត​ថា៖ «យើង​ក៏ចង់​ឃើញ​មាន​សកម្មភាព​ជាក់​ស្ដែង​ត្រូវ​​បាន​ធ្វើ ដោយ​ផ្អែក​លើ​សេចក្តី​ថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ថ្មីៗ​នេះ លើ​វិធានការ​បន្ត​ដើម្បី​ពង្រឹង​លំហ​ប្រជាធិបតេយ្យ​ និង​នយោបាយ ដើម្បី​ឲ្យ​លទ្ធិ​ប្រជា​ធិប​តេ​យ្យ​នៅ​កម្ពុជា​ លូត​លាស់​ឥត​ឈប់»។

វីដេអូ

ទោះ​យ៉ាង​ណា​ មាន​ប្រទេស​ជា​ច្រើ​ន​ទៀត​ បា​ន​​កោត​សរសើរ​ និង​ផ្ដល់​អនុសាសន៍​ដោយ​មិន​ភ្ជាប់​នឹង​សិទ្ធិ​នយោ​បាយ​ ដោយ​បាន​ផ្ដោត​ការ​យក​ចិត្ត​​ទុក​ដាក់​លើ​ការ​កែ​លម្អ​សិទ្ធិ​ផ្នែក​សង្គ​ម សេដ្ឋកិច្ច សុខភាព និង​អប់​រំ​ជា​ដើម។ ប្រទេស​ទាំង​នេះ ​រួម​មាន​ចិន សិង្ហបុរី និង​រុស្ស៊ី ជា​ដើម។

លោក Yu Jianhua ប្រតិភូ​តំណា​ង​ប្រទេស​​ ចិន​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​សហ​គមន៍​អន្តរជាតិ​ គោរព​ឆន្ទៈ​​របស់​ប្រជា​ជ​ន​​ និង​រដ្ឋាភិបាល​កម្ពុជា។ លោក​បាន​ផ្ដល់​អនុសាសន៍ ​២​ យ៉ាង ​រួម​មាន​​​ពង្រឹង​វិស័យ​អប់រំ និង​ «​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ក្នុង​ការ​បន្ត​រក្សា​ស្ថិរភាព​សង្គ​ម លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ប្រកប​ដោយ​ស្ថិរភាព ដើម្បី​ធ្វើ​ឲ្យ​ស្ដង់​ដានៃ​ការ​រស់​នៅ​របស់​ពលរដ្ឋ​ មាន​ភាព​ប្រសើរ​ជា​ង​មុន និង​បន្ត​កាត់​បន្ថយ​ភាព​ក្រីក្រ»។

លោក​ស្រី Anastasia Bagdatieva ប្រតិភូ​តំណាង​ប្រទេស ​រុស្ស៊ី​ បា​ន​​ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ភាព​ក្រី​ក្រ​តោក​យ៉ាក ដោយ​បាន​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​វិស័យ​សុខាភិបាល​ និង​ការ​អប់​រំ។ ប៉ុន្តែ​លោក​ស្រី​និយាយ​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិប​ទ​​ដ៏​លំបាក​មួយ ​នៅ​ពេល​ដែល​​ខ្លួន ​ត្រូវ​បាន​​អំពាវ​នាវ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគ​ស្មាញ​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដុះ​បណ្ដា​ល​ផ្នែក​សិទ្ធិ​មនុស្ស។

លោក​ស្រីថ្លែង​ថា៖ «យើង​គាំទ្រ​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​​ដោយ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​។ នេះ​ជា​វិធីសាស្ត្រ​ត្រឹម​ត្រូវ​ ដែល​ទំនង​អាច​​ពន្លឿន​ដល់​ការ​ទទួល​បាន​លទ្ធផ​ល​ជាក់​ស្ដែង។ វា​ច្បាស់​ណាស់​ថា កម្ពុជា​ ត្រូវ​តែ​បន្ត​ប្រឹង​ប្រែង​ដើម្បី​សម្រេច​បាន​របៀប​វារៈ​ នៃ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​ឆ្នាំ​ ២០៣០»។

ជា​ការ​ឆ្លើយ​តប​ នឹង​ក្តី​បារម្ភ និង​អនុសាសន៍​ដែល​លើក​ឡើង លោក កែវ រ៉េមី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​​ថ្លែង​បក​ស្រាយ​ លើ​ចំណុច​ទាំងនោះ ជា​ពិសេស​លោក​បា​ន​ពន្យល់​អំពី​ករណី​លោក​ កឹម សុខា។

លោក​និយាយ​ថា បទ​ចោទ ​«ក្បត់​ជាតិ​»​ លើ​លោក​ កឹម សុខា ត្រូវ​បាន​ធ្វើ​ឡើង ​ដោយ​មាន​ភ័ស្តុតាង​ច្បាស់​លាស់ដែ​ល​​បញ្ជាក់​ថា លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ករ​ណី​ក្ប​ត់​ជាតិដោយ​មាន​ការ​គាំទ្រ​ពី​បរ​ទេ​ស​ក្នុង​គោល​បំណង ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដោយ​វិធី​សាស្ត្រ​ដែល​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ។ សក​ម្ម​​​ភាព​ល្មើស​ច្បាប់​ មិន​មែន​ជា​ការ​លើក​កម្ពុជា​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​វិទ្ធង្សនា។

លោក កែវ រ៉េមី ស្វាគមន៍​មិត្ត​បរទេស នៅ​សាល​ប្រជុំ​អង្គការ​សហ​ប្រ​​​ជាជាតិ​។ សហការី

លោកថ្លែង​ថា​៖​ «ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ ដែល​វិធាន​​ការ​ផ្លូវ​ច្បាប់​ដោយ​រដ្ឋ​ឯករាជ្យ​ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​រឿង​នយោបាយ​ក្រោ​ម​​បដា​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុ​ស្ស ដោយ​សារ​តែ​​រដ្ឋ​មួយ​ចំនួន​​យក​​ជា​​ផ​ល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបា​យ​​»។

លោក​ថា សកម្មភាព​របស់​លោក កឹម សុខា ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សន្តិ​សុខ​ជាតិ គំរាម​កំហែង​សន្តិភាព ដែល​ទាំង​នេះ​ ជា​ការ​បំពាន​ច្បាប់​ ស្ដីពី​គណ​​បក្ស​នយោបាយ​កម្ពុជា។

ចំពោះ​ការ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​ នៃ​សេរីភាព​សារព័ត៌មាន​វិញ លោក រ៉េមី ថ្លែង​ថា វា​គឺ​ជា​ការ​យល់​ខុស​ប៉ុណ្ណោះ។​ កម្ពុជា​ មាន​ប្រព័ន្ធ​ផ្សព្ធផ្សាយ​ផ្សាយ​បោះ​ពុម្ព​ ៨០០ អនឡាញ​ ៧០ ទូរទ​ស្ស​ន៍​ ២២​ វិទ្យុ ៣៣០ និង​សមាគមសារ​​ព័ត៌​មាន​ ៣៨។ ​វិទ្យុ​អាស៊ី​សេរី និង​វីអូអេ អាច​បើក​ការិយាល័យ​របស់​ខ្លួន​វិញ​បានហើយ​កាសែត​ខេមបូឌា ដេ​លី អាច​បើក​ដំណើរ​ការ​វិញបាន​ បើ​សិន​​ពួក​គេ​អាច​បង់​ពន្ធ​​ដែល​ជំពាក់​រដ្ឋ​។

លោក​បន្ត​​ថា៖ «កម្ពុជា​គឺ​ជា​ឋានសួគ៌​​សម្រាប់​ NGO។ អ្នក​អាច​ស្រមៃមើល​ថា កម្ពុជា​មាន​ចំនួន​ប្រជាជន​ ១៥ ​លា​ន​នាក់ ប៉ុន្តែ​កម្ពុជា ​គឺ​ជា​ទីលំនៅ​នៃ​ NG​O​ ជាង​ ៦ ០០០ ដែល​បាន​ចុះ​បញ្ជី និង​មាន​សហជីព​​ជាង​ ៤ ០០០»។

លោក ​រ៉េមី ​ក៏​បាន​រំឭក​ដែរ​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ មិន​មែន​ជា​សេរីភាព​ក្នុង​ការ​ជេរប្រមាថ បង្កើត​ព័ត៌មាន​ក្លែងក្លាយ ឬ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ ឬ​ក៏​បំផ្លាញ​ភាព​ត្រឹមត្រូវ​ របស់​អ្នក​ណា​ម្នាក់​ដែរ។ ការ​ប្រឆាំង​នឹង​ការ​ស្អប់​ខ្ពើម ភ័យ​ខ្លាច​ជន​បរទេស ​ក៏​ត្រូវ​បាន​ហាម​មិន​ឲ្យ​មាន​ដែរ​នៅ​ប្រទេស​អឺរ៉ុប។

លោក ណី សំអុល ឯកអគ្គ​រាជ​ទូត​តំណាង​អចិន្រៃ្ត​យ៍​កម្ពុជា ប្រចាំ​នៅ​​អង្គការ​សហ​ប្រជា​ជាតិ និងអង្គ​ការ​អន្ត​រ​ជាតិនានា ដែល​បាន​ចូល​រួម​ តំណាង​ឲ្យ​កម្ពុជា​ដែរ​នោះ បាន​ថ្លែង​ថា លោក​សង្កេត​ឃើញ​មាន​ប្រតិភូ​មួយ​​ចំនួន​ផ្ដល់​អាទិភាព​លើ​សិទ្ធិ​ស៊ីវិ​ល ​និង​នយោបាយ​ធំជាង​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ នៅ​ពេល​ពួក​គេ​ និយាយ​ពីបញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ប៉ុន្តែ​សិទ្ធិ​ទាំង​ ២ ក្រុម​នេះ ​មិន​គួរ​​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ខុស​គ្នា​នោះទេ។

លោក​ថា៖ ​«យើង​ស្ដាប់​រាល់​ក្តី​បារម្ភ​ដែល​បាន​លើក​ឡើង ប៉ុន្តែ​ក្ដី​បារម្ភ​ទាំង​នោះ​​គួរ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក។ ការ​សន្ទនា​ដែល​មាន​ការ​ជេរ​ប្រមាថ បន្ទា​​​ប​ប​ន្ថោក​ ឬ​ដោយ​យក​ជា​រឿង​នយោ​បាយ​ជា​ធម្មតា​មិន​ត្រូវ​បាន​ស្វាគមន៍​ទេ»។

លោក​បន្ត​ថា៖ ​«កិច្ច​ប្រជុំ​ជា​សកល​តាម​កាល​កំណត់​ UPR​ មិន​មែន​​ជា​វេទិកា​សម្រាប់​ឃោសនា​នយោ​បាយ​​ ដោយ​ក្រុម​ណា​ដើម្បី​បក្ស​ណា​មួយ ​ដោយ​កេង​ចំណេញ​លើ​អ្នក​ដទៃ​ឡើ​យ។ សិទ្ធិ​មនុស្ស​មិន​គួរ​ត្រូវ​បាន​យក​ជា​រឿង​នយោបាយ​ទេ។ វា​គួរ​តែ​ធ្វើ​ឡើង​ដោយ​លក្ខណៈ​យុត្តិធ​ម៌​ និង​មិន​លម្អៀង​»៕