ភ្នំពេញៈ លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន បាន​ត្រឡប់​មក​មាតុភូមិ​វិញ​ កាល​ពី​ថ្ងៃ​អា​​ទិត្យ​ម្សិល​មិញ ក្រោយ​ពេល​លោក​​បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​កំពូល​នៃ ប្រទេស​ហុងគ្រី ដែល​​​ប្រទេស​ជា​សមាជិក​សហភាព​អឺ​រ៉ុប​មួយ​នេះបាន​គាំទ្រ​កម្ពុជា​​ ដើម្បី​ឲ្យ​​សភា​សហ​ភាព​អឺរ៉ុប​ ផ្តល់​​យុត្តិ​ធម៌​​ដល់​​រដ្ឋាភិបាល​កម្ពុជាលើ​រឿង​ EBA និង​បន្ទាប់​ពី​លោក​បាន​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៃ​សន្និសីទ CIC​A នៅ​ប្រទេស​ តាហ្ស៊ីគីស្ថាន។

លោក​ ហ៊ុន សែន បាន​បំពេ​​ញ​ទស្សនកិច្ច​ទៅ​ប្រទេស​ហុង​គ្រី កាល​ពី​ថ្ងៃទី​ ១៤ ខែ​​ មិថុនា ដោយ​លោក​បាន​ជួប​ពិភាក្សា​ការងារ​ ជាមួយ​ថ្នាក់​ដឹក​នាំ​ហុងគ្រី រួមមាន​ប្រធានាធិបតី Janos Ad​er នាយករដ្ឋ​មន្ត្រី Viktor Orba''n និង​ប្រធាន​សភា​លោក Laszlo Kover។

ក្នុង​ជំនួប​ជា​មួយ​ថ្នាក់​ដឹកនាំ​ហុងគ្រី មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​និង​អនុស្សរណៈ​ចំនួន ​៣ រួម​មាន​ ១-កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច ២-កម្ម​វិធី​ផ្លាស់​ប្តូរ​វិស័យ​អប់រំរវាង​ក្រសួ​ង​​អប់រំ​ យុវ​ជន​ និង​កីឡា ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ក្រសួង​ធន​ធាន​មនុស្ស​ហុង​គ្រី សម្រាប់​ឆ្នាំ ២០២០-២០២១ និង​ឆ្នាំ ​២០២២ និង​ ៣-​អនុស្សរណៈ​ នៃ​ការ​យោគ​យល់​គ្នាស្តីពី​កិច្ច​សហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស ទេស​ចរណ៍ រវាង​វិទ្យា​ស្ថាន​ជាតិ​ទេសច​រណ៍​កម្ពុជាជា​មួយ​សាក​ល​វិទ្យា​ល័​យ Milton Friedman University នៃ​ប្រទេស​ហុងគ្រី។

ក្រៅ​ពី​កិច្ច​ព្រមព្រៀង​ទ្វេភាគី ថ្នាក់​ដឹកនាំ​ទាំង​ ៣ ​រូប​ នៃ​ប្រទេ​ស​ហុង​គ្រី​ បាន​គាំទ្រ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប EBA។ យោង​តាម​ព័ត៌មា​ន​​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ប្រធាន​សភា​ហុង​គ្រី Laszlo Kover​ និង​ប្រធានា​​​​​ធិបតី Janos Ader បាន​គាំ​ទ្រ​កម្ពុជា​ដើម្បី​ឲ្យ​​សភា​អឺរ៉ុប​ផ្ដល់​​យុត្តិធម៌​ដល់​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​រឿង​ការ​ដក EBA។

ស្រដៀង​គ្នា​នេះ នាយក​រដ្ឋ​មន្ត្រី​​ហុងគ្រី លោក Viktor Orba''n បាន​ថ្លែង​ថា​ បញ្ហា​ EBA «វា​គឺ​ជា​រឿង​ខ្វែង​គំនិត​គ្នា​រវាង​សហភាពអឺរ៉ុប និង​​កម្ពុជា ផ្ទុយ​ទៅ​វិញ​ហុង​គ្រីតែង​តែឈរ​ និង​គាំទ្រ​កម្ពុជា​ជា​និច្ច ពិសេសទៅ​ទៀត​នោះ ហុង​​​គ្រី​ មិន​​គាំទ្រ​បញ្ហា​នយោបាយ និ​ង​​​​បញ្ហា​ពាណិជ្ជកម្ម សេដ្ឋកិច្ច មាន​ភាព​ច្របូក​ច្របល់​គ្នា​នោះ​ទេ»។

ទំព័រ​ហ្វេស​ប៊ុក​ លោក ហ៊ុន សែន បាន​ដក​ស្រង់​សម្ដី​លោក Viktor Orba''n ដែល​ថ្លែង​៖ «សូម​សម្តេច​ទុក​ចិត្ត​ចំពោះ​​ហុងគ្រី ក្នុង​ការ​តស៊ូមតិ​​ជាមួយ​​នឹង​សហ​ភាពអឺរ៉ុប ទាក់​ទិន​ទៅ​នឹង​បញ្ហា EBA នេះ»។

នាយក​រដ្ឋ​មន្ត្រី​ហុង​គ្រី បន្ត​ថា មាន​ក្រុមហ៊ុន​របស់​ប្រទេស​ ហុង​គ្រី កំពុង​មាន​ចំណាប់​អារម្មណ៍​​វិនិយោគ​នៅ​កម្ពុជា ដែល​ក្នុង​នោះ​ ធនាគារ​អាហរ័ណ នីហរ័ណហុងគ្រីនិ​ង​ផ្តល់​ប្រាក់​កម្ចី​ដល់​​បណ្តា​ក្រុមហ៊ុន​ទាំ​ង​​នោះធ្វើការ​វិនិយោគ​ក្នុង​ប្រទេស ​កម្ពុជា។

តប​តាម​ការ​អញ្ជើញ​របស់​ថា្នក់​ដឹក​​នាំ​ហុងគ្រី លោក ហ៊ុន សែន នឹង​​ទៅ​​ប្រទេស​ ហុង​គ្រី ​ម្ដង​ទៀត​ នៅ​ខែ​តុលា​ខាង​មុខនេះដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូ​ល​​​មួយ​នៅ​ក្នុង​ប្រទេស​នេះ។

បន្ទាប់​ពី​បាន​ជួប​ពិភាក្សាការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ហុងគ្រី លោក​ ហ៊ុន សែន បាន​ទៅចូលរួមកិច្ច​ប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​អន្តរសកម្ម​ និង​វិធានការ​កសាង​ទំនុក​ចិត្ត​អាស៊ី ហៅ​កាត់​ថា CICA ដែល​មានការ​ចូលរួម​ពី​​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋ​សមាជិក​ ២៧ ​ប្រទេ​​ស រួម​ទាំង​ប្រទេស​ឃ្លាំ​មើល​ផង។

ក្នុង​​កិច្ច​ប្រជុំ​ CICA នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន កាល​ពី​ថ្ងៃ​សៅរ៍​ លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ ដោយ​បាន​លើក​ឡើង​​ពី​បញ្ហា​សន្តិសុខ និង​ការ​គំរាម​កំហែង​ថ្មី រួម​ទាំង​​​អំពីសង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន ដែល​លោក​ចាត់​ទុក​ថា​ ជា​សង្គ្រាម​ត្រជាក់​ថ្មី។

លោក​ក៏​បាន​ថ្លែង​អំពី​ការ​ជ្រៀត​ជ្រែ​ក​ ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត ដែល​ជា​លទ្ធផល​​​គឺ​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​​ មាន​ភាព​ប្រសើ​រឡើ​​ង​ទេផ្ទុយ​ទៅ​វិញ​​កា​រជ្រៀត​ជ្រែក​ បាន​​​ធ្វើ​​ឲ្យ​ប្រទេស​ទាំង​នោះ ​រង​ការ​បំផ្លិ​​ច​បំផ្លា​ញ​ និង​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​​ទៅវិញ។​

​លោក​​​​ថ្លែង​ថា៖ «ការ​ជ្រៀត​​ជ្រែក​លើ​​ប្រទេស​លីប៊ី អុីរ៉ាក់ និង​ស៊ីរី បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃក្នុង​ប្រទេស អធិបតេយ្យ​មិន​បាន​ធ្វើ​ឲ្យ​សភាព​ការណ៍​​មាន​ភាព​ប្រសើរ​ជាង​មុន​នោះ​ទេ ក្រៅ​ពី​ការ​បន្សល់​ទុក​នូវ​សោក​នាដកម្ម​ដ៏​ឈឺ​ចាប់​របស់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ និង​ការ​បំផ្លិច​បំផ្លាញ ព្រម​ទាំង​ការ​បន្ត​ហែក​ហួរ​ដោយសារ​សង្គ្រាម​ស៊ីវិល»។

លោក​បន្ត​ថា៖ «ជាង​នេះ​ទៅ​ទៀត​ ភាព​អាត្មា​និយ​មក្នុង​​ការ​ប្រកួត​ប្រជែង​អំណាច​ និង​ឥទ្ធិពល​ដែល​មិន​បាន​គិត​គូរ​ពី​ផល​ប្រយោជន៍រួម​ តាម​រយៈ​មធ្យោ​បាយ​ដាក់​ទណ្ឌកម្ម​ ឬ​គំនាប​សេដ្ឋកិច្ច​ ឬ​ការ​ដក​ហូត​នូវ​ការ​អនុ​​គ្រោះ​​ពន្ធ​និង​នយោបាយ​គាំ​ពារ​និយ​ម​ បាន​និង​កំពុង​គំរាម​ដល់​ស្ថិរភាព​ និង​ដំណើរ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជា​ច្រើន»។

លោក ហ៊ុន សែន​​បន្ត​ថា កម្ពុ​ជា​កំពុង​ស្វែង​រកកាលានុវត្តភាព​ពាណិជ្ជ​​កម្ម​ និង​ការ​វិនិយោគ​បន្ថែម​ទៀត​ជា​មួយ​ប្រទេស​ជា​សមាជិក​របស់​ CICA ទាំង​អស់ជា​ពិសេស​សម្រាប់​សហ​គ្រាស​ធុន​តូច​និង​មធ្យម។

លោប​ន្ត​​ថា ប្រទេ​ស​​សមាជិក CICA គួរ​ធ្វើ​ការ​កាន់​តែ​ជិតស្និទ្ធ​ ជាមួយ​គម្រោង​គំនិត​ផ្ដួច​ផ្ដើម​ខ្សែក្រវាត់​ និង​ផ្លូវ ដែល​ផ្ដល់​ឱ​កាស​ដ៏​ល្អ​ សម្រាប់​ប្រទេស​សមាជិក​ CICA ដើ​ម្បី​​ពន្លឿន​ការ​ត​ភ្ជាប់​តំបន់ និង​ពង្រឹង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ និង​ឡូជីស្ទិក។

លោក ហ៊ុន សែន ក៏​បាន​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​មេដឹកនាំ​នៃ​ប្រទេ​ស​​សមាជិក CICA មួយចំនួន​ដូចជា​ប្រធា​​នាធិបតីប្រទេស​តួកគី ប្រទេស​ កៀគីស្ថាន តាជីគីស្ថាន ដើម្បី​ពិភាក្សា​ការងារ​ និង​ពង្រឹង​ទំនាក់​ទំនង។

លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា​ ​ថ្លែង​ថា ការ​លើក​ឡើង​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ហុងគ្រី​រឿង​ EBA បង្ហាញ​ពី​សន្ដាន​ចិត្ត​ល្អ​របស់​ហុង​គ្រី​ មក​លើ​កម្ពុជា ប៉ុន្តែ​លោក​ថា ហុងគ្រីអាច​ជួយ​កម្ពុជា​បាន​​​ឬ​មិន​បា​ន​ អាស្រ័យ​លើ​ធម្មនុញ្ញ​របស់​សហភាព​អឺរ៉ុប ថា​ តើ​ប្រទេស​សមាជិក​មាន​អំណា​ច​ប៉ុនណាក្នុង​ការ​បដិសេធ​លើ​សេចក្តី​សម្រេច​ណាមួយ។

លោក​ថ្លែង​ថា៖ «សន្ដាន​ចិត្ត​ប្រទេស​ហុងគ្រី គឺ​មាន​ភាពស្និទ្ធ​ស្នាល​រាប់​អាន​កម្ពុជា​។ យើង​ឃើញ​ថា នៅ​ពេល​ថ្មីៗ​នេះ នៅ​ពេល​អាមេរិក​មាន​រឿង​ជាមួយ​ Huawei ហុងគ្រី​ចាប់​ដៃ​ជាមួយ​ Huawei។ វា​ជា​ស្ថានភាព​នយោបាយ​មួយ​ ដែល​ហុងគ្រី​ ចង់​ចង​សម្ព័ន្ធ​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន»។

លោក​បន្ត​ថា កម្ពុ​ជា​ត្រូវ​ត្រៀម​ខ្លួន​ ធ្វើ​ឲ្យ​មាន​សមត្ថភាពនិ​ង​លទ្ធភាព គឺ​បង្ហាញ​ភាពរឹង​មាំ​ចំពោះ​សហភាព​អឺរ៉ុ​ប និង​ជំហរ​ថា​​ កម្ពុជា​មិន​ចង់ឲ្យ​បាត់​បង់​ EBA ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ​ កម្ពុជា​មិន​អាច​ទទួល​យ​ក​អ្វី​ដែល​ប៉ះពាល់​ដល់​អធិប​តេយ្យភាព​របស់​ខ្លួន​ឡើយ។ លោក​បាន​ចោទ​ជា​សំណួរ​​ថា បើ​គិត​ពី​ស្ថានភាព​​សិទ្ធិ​​មនុស្ស​នៅ​កម្ពុជា ហេតុ​អ្វី​ EBA ត្រូវ​បាន​ផ្ដល់​ទៅ​ប្រទេស​ មីយ៉ាន់ម៉ា និង​ប្រទេស​ ឡាវ។

ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន​ រឿង​ជ្រៀត​ជ្រែក​លើ​ប្រទេ​ស​ផ្សេង​ទៀតលោក​ សុខ ទូច ​ថ្លែង​ថា ការ​​ផ្លាស់​ប្ដូរ​របប​នៅក្នុង​ប្រទេស​ទាំង​នោះ​ មិន​បាន​ជោគ​ជ័យ​ដោយ​សារ​តែ​ប្រទេ​ស​ទាំង​នោះ​ មាន​វប្បធម៌​ ប្រពៃ​ណី​​របស់​គេ​យូរ​មក​ហើយ ដូច្នេះ​ប្រជា​ធិបតេយ្យ ​មិន​អាច​ត្រូវ​បាន​លើក​យក​ទៅដាក់​ភ្លាមៗ​ហើយ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​ថា ប្រពៃណី​មួយចំនួន​ក្នុង​ប្រទេស​ទាំង​នេះ ​មាន​ភាព​ផ្ទុយ​ពី​សិទ្ធិ​មនុស្ស​។

លោក​ថ្លែង​ថា៖ «អ៊ី​ចឹង​បើ​យើង​ចង់​កែ​ប្រែ​តែ​មួយ​ភ្លែត​ឲ្យ​វា​ដើរ​ដូច​អឺរ៉ុប​នោះ វា​ជា​ការ​លំបាក ។ វា​មិន​មែន​លូក​ដៃជ្រៀត​ជ្រែក​ទេ គឺ​ជា​ការ​ធ្វើ​ដោយ​យល់​សុបិន ព្រោះ​វា​មិន​អាច​បើក​ភ្នែក​ភ្លាម​ឲ្យ​ដូច​អាមេរិក​ទេ​ ដរាប​ណា​យើង​មិន​បាន​កែប្រែ​ទម្លាប់»៕