ភ្នំពេញៈ សហគមន៍​អន្តរជាតិ​បាន​ប្រកាស​បន្ត​ផ្តល់ជំនួយ​ដល់​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល​ទី ៤ (២០២០-២០២៥) ជា​បន្តទៀត​ក្នុង​ទំហំ​ទឹកប្រាក់​សរុប ២០ ​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ការអនុវត្ដ​គម្រោង​នេះ​ចាប់​តាំងពី​ឆ្នាំ​ ២០០៦ មកដល់​ត្រឹម​ខែ​មីនា ឆ្នាំ ២០២០ បាន​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ចំនួន​ ២៤៤ ​គីឡូម៉ែត​ក្រឡា​។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តីពី «​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​ ៤» ដែល​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ពី​ម្សិលមិញ​។

កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​នេះ ដឹកនាំ​ដោយ​លោក លី ធុជ អនុប្រធាន​ទី ១ អាជ្ញាធរ​មីន និង​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​ប្រទេស​ផ្តល់​ជំនួយ​ក្នុង​គម្រោង​នេះ រួមមាន ប្រទេស​អូស្ត្រាលី ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​សាធារណរដ្ឋ​កូរ៉េ (KOICA) ប្រទេស​នូវែលសេឡង់ និង UNDP​។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ពង្រឹង​ប្រសិទ្ធភាព​ប្រកប​ដោយ​តម្លាភាព គណនេយ្យភាព និង​ក៏​រៀបចំ​ផែនការ​សកម្មភាព​ការងារ​បោសសម្អាត​មីន​សម្រាប់​ឆ្នាំ ២០២១ ផងដែរ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​សហគមន៍​ផ្តល់ជំនួយ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​វិស័យ​សកម្មភាព​មីន តាមរយៈ​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​ ៤​។ គម្រោង​នេះ​មាន​រយៈពេល​ ៦ ​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២០-២០២៥ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ ២០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​»​។

គម្រោង​នេះ​ផ្តោត​សំខាន់​ទៅលើ​លទ្ធផល​ធំៗ​ចំនួន ៣ គឺ ទី​ ១ ការបោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ផ្តល់​ដី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទី​ ២ ​គាំទ្រ​សកម្មភាព​កិច្ចសង្គ្រោះ​ជនពិការ ការអប់រំ​យល់ដឹង​អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​ការបញ្ជ្រាប​យេនឌ័រ និង​ទី​ ៣ ពង្រឹង​សមត្ថភាព​ថ្នាក់ជាតិ​។

លោក លី ធុជ ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា​ចំពោះ​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល អាជ្ញាធរ​មីន​បាន​បោសសម្អាត​មីន​ចេញពី​ផ្ទៃដី​បាន ២៤៤ ​គីឡូម៉ែត​ក្រឡា គិត​ចាប់ពី​ឆ្នាំ ២០០៦ មក​ត្រឹម​ខែ មីនា ឆ្នាំ​ ២០២០​។ ដោយឡែក​គិតពី​ឆ្នាំ​ ១៩៩២ ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ​ ២០២០ ផ្ទៃដី​ចំនួន ២ ០៤៣ ​គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​បោសសម្អាត​ដោយ​ប្រតិបត្តិករ​ជាតិ អន្តរជាតិ​ក្នុង​នោះ​រកឃើញ និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ១ ០៨៨ ៦៧៧ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៥ ៣៦១ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២ ៨៥៨ ០៧១ ​គ្រាប់​។

លោក​បន្ថែមថា ចំណែក​ក្នុង​ឆមាស​ទី ១ ឆ្នាំ​ ២០២០ ​នេះ ប្រតិបត្តិករ​ចំនួន​ ៧ រួមមាន កងយោធពល​ខេមរភូមិន្ទ មជ្ឈមណ្ឌល សកម្មភាពមីន​កម្ពុជា (CMAC) អង្គការ​ហាល់ឡូត្រាស (Halo Trust) អង្គការ​ម៉ែក (MAG) អង្គការ​អិនភីអេ (NPA) អង្គការ​អាប៉ូប៉ូ (APOPO) និង​អង្គការ​ដោះមីន​កម្ពុជា​ (CSHD) ​បាន​ធ្វើការ​បោសសម្អាត​មីន​សម្រេច​បាន​ផ្ទៃដី ៦៣ ​គីឡូម៉ែត្រ​ក្រឡា រកឃើញ និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស ៧ ៨៥៥ ​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ១៧៥ ​គ្រាប់ និង​​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២៥ ៤៤០ គ្រាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​អត្រា​គ្រោះថ្នាក់​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​មាន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៣៨ នាក់​ក្នុង​នោះ​គ្រោះថ្នាក់​ដោយសារ​មីន ១៧ នាក់ និង​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២១ ​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ មាន​ជនរងគ្រោះ ៦២ ​នាក់​គឺ​ថយចុះ ៣៩%»​។

លោក លី ធុជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល និង​បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ដល់​ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍ ដែល​បាន​ចូលរួម​ចំណែក​ផ្តល់​ថវិកា​ជំនួយ និង​បច្ចេកទេស​នៅក្នុង​គម្រោង​នេះ​។ លោក​បាន​សន្យា​ក្នុង​នាម​អាជ្ញាធរ​មីន​ថា នឹង​ប្រើប្រាស់​ជំនួយ​ប្រកប​ដោយ​តម្លាភាព ប្រសិទ្ធភាព​ស្រប​តាម​​នីតិវិធី និង​ផែនការ​សកម្មភាព​ដែល​បាន​ឯកភាពគ្នា​ជាមួយ​ម្ចាស់ជំនួយ​។

លោក Nick Beresford តំណាង​និវេសនដ្ឋាន UNDP ប្រចាំ​កម្ពុជា​បាន​សាទរ ចំពោះ​អាជ្ញាធរ​មីន​ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ទាំង ៣ ​ដំណាក់កាល​កន្លងមក ហើយ​ក៏​បានបង្ហាញ​ពី​ការគាំទ្រ​យ៉ាង​មុតមាំ​បន្ត​រួមគ្នា​អនុវត្ត​គម្រោង​សម្រាប់​ដំណាក់កាល​ទី​ ៤ ​នេះ​ថែមទៀត​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​ប្រទេស​នូវែលសេឡង់ និង​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​ចូលរួម​ចំណែក​គាំទ្រ​គម្រោង​ដំណាក់កាល​ទី​ ៤ ​នេះ​បន្ថែម​ទៀត​»​។

លោក Ryan Tierney លេខា​ទី​ ១ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​មើល​ឃើញ​ថា ដំណើការ​នៃ​ការអនុវត្ត​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល ធ្វើឡើង​ទៅតាម​នីតិវិធី​ប្រកប​ទៅ​ដោយ​តម្លាភាព និង​ទទួល​បាន​លទ្ធផល​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ លោក​ថ្លែងថា​៖ «​អូស្ត្រាលី​នឹង​ជួយ​គម្រោង​សម្រាប់​ដំណាក់កាល​ទី​ ៤ បន្តទៀត​ទោះបី​ជា​ពិភពលោក​កំពុង​បង្វែរ​​ថវិកា​មួយ​ចំនួន​ទៅ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ក៏ដោយ​»​។

លោក Rho Hyunjun នាយក​ប្រចាំ​ប្រទេស​នៃ​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ (KOICA) នៅ​កម្ពុជា​ក៏​បាន​ថ្លែង​អំពី​ការចូលរួម​ជាមួយ​គម្រោង​បោសសម្អាត​មីន​ដំណាក់កាល​ទី ៤ ដោយ​ផ្តល់​ជា​ថវិកា​ប្រមាណ​ ១០ ​លាន​ដុល្លារ​បន្តទៀត​។

លោក​ថ្លែង​ទៀតថា​៖ «​តំណាង​ភ្នាក់ងារ KOICA នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្លែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​មីន​ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ចូលរួម​វគ្គបណ្តុះបណ្តាល​រៀបចំ​ដោយ KOICA ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ ជាមួយ​នឹង​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។

យោងតាម​សេចក្ដី​ប្រកាស​ដដែល អង្គប្រជុំ​កាលពី​ម្សិលមិញ​បាន​ឯកភាព​គ្នា​លើ​ចំណុច​ធំៗ​មួយចំនួន​រួមមាន ឯកភាព​លើ​​ចំណុច​ទាំង​ ៥ ​ដែល​អាជ្ញាធរ​មីន​និង UNDP រៀបចំ​សកម្មភាព​ឆ្លើយតប​នឹង​ការពង្រឹង​សមត្ថភាព​ជាតិ ដើម្បី​បន្ត​គ្រប់គ្រង​ការបោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បន្ទាប់ពី​ឆ្នាំ ២០២៥​។

សេចក្តី​ប្រកាស​ដដែល​បាន​បន្តថា ​ប្រទេស​ម្ចាស់ជំនួយ​គាំទ្រ​លើ ៧ ​ចំណុច​គឺ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន បន្ត​សកម្មភាព​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​គម្រោង​ចាប់ពី​ឆ្នាំ ២០២១ តទៅ​។ ប្រទេស​ម្ចាស់ជំនួយ​គាំទ្រ​ឲ្យ​មាន​ទស្សនកិច្ច​រួមគ្នា ចុះ​ពិនិត្យ​ប្រតិបត្តិការ​បោសសម្អាត​មីន និង​ការចុះ​សម្ភាស​អ្នកទទួលផល​ពី​ដី​បោសសម្អាត​មីន​ក្នុង​គម្រោង​ផងដែរ​៕