ភ្នំពេញៈ ប្រទេស​ចំនួន​ ៤៥ ​នៅ​ក្នុង​ពិភពលោក​ដែល​ធ្វើការ​នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​ដល់​ប្រទេស​កម្ពុជា ទៅលើ​អ្វី​ដែល​ពួកគេ​បាន​ចង្អុល​ចរិត​លក្ខណៈ​ដែល​បាន​ធ្វើឲ្យ​រឹត​តែ​ខ្លាំង​ឡើង​ក្នុង​ការ​បង្ក្រាប​ទៅលើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​ ៣៧ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃ​ពុធ​។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​ត្រូវ​បាន​ថ្លែង​ដោយ​ប្រទេស​នូវែលសេឡង់ តំណាង​ឲ្យ​ប្រទេស​ចំនួន​ ៤៤ ​ទៀត​នោះ​បាន​លើក​នូវ​ការព្រួយបារម្ភ​របស់​ពួកគេ​ទៅលើ​បញ្ហា​នៃ​ការចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​លោក កឹម សុខា និង​ការបង្ខំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​ការកាត់បន្ថយ​នូវ​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​​ទូទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។

សេចក្តី​ថ្លែងការណ៍​សរសេរ​ថា​៖ «​ដោយសារ​យើង​ជិត​ដល់​ពេល​បោះឆ្នោត​សកល​ថ្ងៃទី ២៩ ខែ​កក្កដា​ឆ្នាំ​នេះ​អ្វី​ដែល​យើង​មាន​សុទិដ្ឋិនិយម​កាលពី​មុន​មក គឺ​ត្រូវបាន​ជំនួស​ដោយ​ការព្រួយបារម្ភ​ដ៏ខ្លាំង​អំពី​ការធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ នូវ​សិទ្ធិ​ស៊ីវិល និង​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​»​។

សេចក្ដី​ថ្លែងការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា​ក្រុម​ប្រទេស​ទាំង​នោះ​បាន​មើល​ឃើញ​ថា​ដំណើរការ​បោះឆ្នោត​មួយ​ដែល​បាន​កាត់ផ្តាច់​បក្ស​ប្រឆាំង​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ទៅ​ហើយ​នោះ​គឺ​មិន​អាច​ចាត់​ទុក​ថា ស្រប​ច្បាប់​ និង​ពិតប្រាកដ​ទេ​។

ប្រទេស​ទាំង ៤៤ មាន​ដូចជា​ប្រទេស កាណាដា ប្រទេស​អាល្លឺម៉ង់ ប្រទេស​បារាំង ប្រទេស​ហូឡង់ ប្រទេស​ស៊ុយអែត សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ជាដើម​។ មិនមាន​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ចូលរួម​ក្នុង​ការចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​កម្ពុជា​នោះ​ទេ​។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​ថ្លែង​ទៀត​ថា​៖ «​យើង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោសនយោបាយ​ជាបន្ទាន់​រួម​ទាំង​លោក កឹម សុខា​។ យើង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​មាន​វិធានការ​ចាំបាច់​ដែល​ខាន​មិន​បាន មុន​ពេល​ដែល​សភាពការណ៍​យឺត​ពេល​ដើម្បី​ធ្វើឲ្យ​ប្រាកដប្រជា​ថា ការបោះឆ្នោត​ឆ្នាំ​ ២០១៨ សេរី និង​យុត្តិធម៌ គួរ​ឲ្យ​ជឿ​បាន​។ ជាពិសេស​យើង​ជំរុញ​ឲ្យ​ការបោះឆ្នោត​ធ្វើ​ឡើង​ក្នុង​បរិយាកាស​សន្តិភាព​ និង​គ្មាន​ការគំរាម​កំហែង និង​ទប់​ការប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ជា​ឧបករណ៍​នយោបាយ​​ប្រឆាំង​នឹង​បក្សប្រឆាំង សង្គម​ស៊ីវិល និង​កាសែត​»​។

ភ្លាមៗ​នោះ​ដែរ​តំណាង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ហ្សឺណែវ លោក ឯកអគ្គរាជទូត ណី សំអុល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ទាំងអស់​នោះ​ដោយ​ចាត់ទុក​ថា ជា​ឧបករណ៍​នយោបាយ​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។

លោក សំអុល ថ្លែង​ថា​៖ «​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន​ពី​មុន​មក​ទាល់តែ​សោះ ថ្ងៃនេះ​វា​បាន​កើតឡើង​ហើយ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​កំពុង​ត្រូវ​បាន​គេ​ប្រើ​ជា​រូបភាព​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​។ រដ្ឋាភិបាល​មួយ​ចំនួន​ប្រើប្រាស់​ក្រុមប្រឹក្សា​នេះ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​នានា រួម​បញ្ចូល​ទាំង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។ បណ្ដា​ពួក​ប្រទេស​ទាំង​នោះ​បាន​រំលោភបំពាន​ដោយ​គ្មាន​ស្ទាក់ស្ទើរ​សោះ​ឡើយ​ចំពោះ​បទដ្ឋាន ការអនុវត្ត និង​គោលការណ៍​នៃ​ក្រុមប្រឹក្សា​នេះ​»​។

លោក សំអុល ថ្លែង​បន្ត​ថា​៖ «​ហេតុ​ដូច្នេះ​ហើយ​កម្ពុជា​សូម​ធ្វើការ​ច្រាន​ចោល​ទាំង​ស្រុង​នូវ​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​ចរិត​នយោបាយ​បែប​នេះ​ដែល​បង្កប់​ទៅ​ដោយ​បំណង​អាក្រក់​ដើម្បី​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការថែរក្សា​ការពារ​ច្បាប់ និង​សណ្ដាប់ធ្នាប់ និង​ក្នុង​ការលើក​កម្ពស់​សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​»​។

លោក សំអុល បាន​អះអាង​ផង​ដែរ​ថា​ប្រតិភូ​កម្ពុជា​សូម​ប្រឆាំង​ដាច់​អហង្ការ​រាល់​កិច្ច​ប៉ុនប៉ង​ខុស​បែបបទ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ការ​ពិភាក្សា​អន្តរ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​នៅ​មុន​កិច្ចប្រជុំ​ទៀងទាត់​ក្នុង​ខែ​មិថុនា ដែល​សកម្មភាព​នេះ​វា​​រំលោភបំពាន​សេចក្ដី​សម្រេច​លេខ ៣៦/៣២ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​មុន​។ ហេតុ​នេះ​គំនិត​នេះ​ត្រូវ​បាន​គេ​ស្នើ​ឡើង​ក្រោម​ហេតុផល គឺ​ដោយសារ​តែ​ប្រទេស​កម្ពុជា​នឹង​មាន​ការរៀបចំ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​នេះ​ហើយ​ក៏​ព្រោះ​តែ​ពួកគេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របប​ពួកគេ​មាន​បេក្ខជន​ដែល​ពួកគេ​បាន​សន្មត​ជាមុន​ដើម្បី​ថា​ជា​អ្នក​ឈ្នះ នេះ​គ្រាន់តែ​ជា​ការ​រៀបរាប់​ខ្លះៗ​ប៉ុណ្ណោះ​។

លោក សំអុល ថ្លែង​ថា​៖ «​ហេតុ​ដូច្នេះ​ពួកគេ​គ្មាន​ការអៀនខ្មាស​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ច​ចូល​ទៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ទេ​»​។

លោក អ៊ូ ចាន់រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សេចក្ដី​ថ្លែងការណ៍​រួម​នៃ​បណ្ដា​ប្រទេស​ទាំងនោះ​គឺជា​សញ្ញា​មួយ​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា​ដើរ​ត្រឡប់​មក​លើ​ផ្លូវ​លទ្ធិប្រជាធិបតេយ្យ​វិញ​ក្រោយ​ពី​បាន​ធ្វើឲ្យ​ដើរ​ថយ​ក្រោយ​។

លោក ចាន់រ័ត្ន បាន​ថ្លែង​ថា​៖ «​យើង​យល់ឃើញ​ថា​នេះ​ជា​ការ​ប្រឹងប្រែង​របស់​បណ្ដា​ប្រទេស​នៅក្នុង​សហគមន៍​អន្តរជាតិ​ដើម្បី​ជំរុញ​ឲ្យ​មេដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច​វិល​ទៅ​លើ​ផ្លូវ​ត្រឹមត្រូវ​នៃ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​បើ​មេដឹកនាំ​នៃ​គណបក្ស​កាន់​អំណាច​គ្មាន​ឆន្ទៈ​នយោបាយ​ដើម្បី​គិត​ពី​មុខមាត់​របស់​ប្រទេស​ជាតិ​ក្នុង​ឆាក​អន្តរជាតិ​ទេ ការជំរុញ​ពី​បណ្ដា​ប្រទេស​ទាំង​នោះ​ក៏​គ្មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​ដែរ​»៕

រាយការណ៍​បន្ថែមៈ វង្ស សុខេង និង ឆាយ ច័ន្ទនីដា