The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​ ៤ នឹង​ពិភាក្សា​ពី​គម្រោង​សង់​ទំនប់​ដន​សាហុង​នៅ​ចុង​ឆ្នាំ​នេះ

ប្រទេស​ ៤ នឹង​ពិភាក្សា​ពី​គម្រោង​សង់​ទំនប់​ដន​សាហុង​នៅ​ចុង​ឆ្នាំ​នេះ

ក្រុម​សកម្ម​ជន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​សង់​ទំនប់​ដន​សាហុង​​។ រូបថត ហេង ជីវ័ន
ក្រុម​សកម្ម​ជន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​សង់​ទំនប់​ ដន​សាហុង​​។ ហេង ជីវ័ន

ប្រទេស​ ៤ នឹង​ពិភាក្សា​ពី​គម្រោង​សង់​ទំនប់​ដន​សាហុង​នៅ​ចុង​ឆ្នាំ​នេះ

ភ្នំពេញៈ ក្នុង​ជំនួប​ពិសេស​ ដែល​រៀប​ចំ​ឡើង​នៅ​ឡាវ កាល​ពី​ថ្ងៃ​ពុធ​ ប្រទេស​នៅ​តាម​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​ក្រោម​ចំនួន ៤ បាន​លើក​យក​គម្រោង​ទំនប់​វារី​អគ្គិសនី Don Sahong ទៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​ខ្ពស់ នៅ​ចុង​ឆ្នាំ​នេះ។

សេចក្តី​ប្រកាស​មួយ ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្ម​ការ​ទន្លេ​មេគង្គ ដែល​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល ដែល​ត្រួត​ពិនិត្យ​លើ​ផ្លូវ​ទឹក​រួម​នេះ បាន​ឲ្យ​ដឹង​ថា៖ «ផ្អែក​លើ​ទស្សនៈ​ផ្សេង​ៗ​របស់​សមាជិក គណៈកម្មា​ធិការ​ចម្រុះ​​បាន​សម្រេច​បញ្ជូន​បញ្ហា​នេះ ទៅ​ក្រុម​ប្រឹក្សា [គណៈ​កម្ម​ការ​ទន្លេ​មេគង្គ] ​ដែល​ជា​ស្ថាប័ន​អភិបាល​ថ្នាក់​ខ្ពស់​បំផុត ដែល​មាន​សមាជិក​ជា​រដ្ឋ​មន្រ្តី​ធនធាន​ទឹក និង​បរិស្ថាន»។

កិច្ច​ពិភាក្សា​ថ្នាក់​តំបន់​បាន​​បញ្ចប់​កាល​ពី​ម្សិល​មិញ ប៉ុន្តែ កម្ពុជា ថៃ និង​វៀតណាម​បាន​ស្នើ​សុំ​ឲ្យ​ឡាវ បន្ថែម​រយៈពេល​ពិគ្រោះ​យោបល់ ​៦​ខែ​ជា​មុន។

តំណាង​ពី​កម្ពុជា​បាន​សម្តែង​ពី​ក្តី​កង្វល់​ម្តង​ទៀត​អំពី​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​សិក្សា​បច្ចុប្បន្ន​ពី​ទំនប់ ដែល​រួម​បញ្ចូល​ផល​ប៉ះ​ពាល់​ពី​ទំនប់​ជា​ច្រើន​និង​ពី​របៀប​ដែល​ជីវភាព​របស់​អ្នក​នេសាទ​ក្នុង​ស្រុក​នៅ​ខ្សែ​ទឹក​ខាង​ក្រោម នឹង​ទទួល​រង​ផល​ប៉ះពាល់។

លោក តែ ណាវុធ អគ្គ​លេខាធិការ​នៃ​គណៈកម្មា​ធិការ​​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ថ្លែង​ថា៖ «​កម្ពុជា​មើល​ឃើញ​នូវ​ភាព​ចាំ​បាច់​ត្រូវ​មានការ​សិក្សា​គ្រប់​ជ្រុង​ជ្រោយ​បន្ថែម​ទៀត​លើ​ផល​ប៉ះពាល់​ឆ្លង​កាត់​ព្រំ​ដែន​មក​លើ​កម្ពុជា និង​តំបន់​ខ្សែ​ទឹក​ក្រោម មុន​ពេល​ឈាន​ដល់​ការ​អនុវត្ត​គម្រោង»។

ខណៈ​ដែល​កម្ពុជា​មិន​បាន​បញ្ជាក់​ថា​តើ ​រយៈពេល​ពិគ្រោះ​យោបល់ គួរ​បន្ត​រយៈពេល​ប៉ុន្មាន ថៃ​​បាន​ស្នើ​សុំ​ឡាវ ពន្យារ​ពេល ៦ ខែ​ទៀត មុន​ពេល​សាង​សង់ ហើយ​វៀតណាម ​បាន​ស្នើ​សុំ​រយៈពេល​ដល់​ដាច់​ឆ្នាំ​នេះ។

ទន្ទឹម​នឹង​នេះ ប្រតិភូ​ឡាវ មាន​ទស្សនៈ​ផ្សេង​ពី​គម្រោង និង​ជំហាន​បន្ទាប់ ដោយ​ទទូច​ថា ​ខ្លួន​បាន​បំពេញ​លក្ខ​ខណ្ឌ​តម្រូវ​ទាំង​អស់​ហើយ ហើយ​ឥឡូវ​នេះ ត្រៀមជា​ស្រេច​ក្នុង​ការ​អនុវត្ត​សិទិ្ធ​អធិបតេយ្យ​របស់​ខ្លួន ដើម្បី​អភិវឌ្ឍ​ធនធាន​ធម្មជាតិ។

កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​មាន​ការ​ជំទាស់​ពី​​ប្រទេស​ជិត​ខាង​នៅ​ខ្សែ​ទឹក​ខាង​ក្រោម និង​ការ​មានះ​របស់​ឡាវ ​គឺ​ជា​ស្ថានការណ៍​ដែល​ធ្លាប់​កើត​មាន​​កន្លង​មក​ហើយ។

កាល​ពី ៤ ឆ្នាំ​មុន គណៈ​កម្មការ​អន្តរ​ប្រទេស​នេះ បាន​ឈាន​ដល់​​សេចក្តី​សន្និដ្ឋាន​ដូច​គ្នា​ចំពោះ​ការ​ពិគ្រោះ​យោបល់​ជា​មុន​ទាក់​ទង​នឹង​ទំនប់​ សាយ៉ាប៊ូរី។ ក្នុង​ខែ មេសា ឆ្នាំ ២០១១ គណៈកម្ម​ការ​ទន្លេ​មេគង្គ​ បាន​រក​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា ​ប្រទេស​មេគង្គ​ទាំង ៤ ពុំ​មាន​ការ​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ ហើយ​បាន​បញ្ជូន​បញ្ហា​នេះ​ទៅ​ថ្នាក់​ខ្ពស់។ ប៉ុន្តែ កិច្ច​ពិភាក្សា​ថ្នាក់​រដ្ឋ​មន្រ្តី​មិន​ដែល​កើត​ឡើង​ទេ ហើយ​ឡាវ​បាន​បន្ត​ជាមួយ​នឹង​ការ​សាង​សង់។

លោក Marc Goichot អ្នក​ឯកទេស​វារី​អគ្គិសនី ​នៃ​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភព​លោក បាន​ថ្លែង​ថា៖ «នេះ​គឺជា​ការ​រំឭក​ឡើង​វិញ​ពី​សេនារីយោ​នៃ​ទំនប់ សាយ៉ាប៊ូរី ប៉ុន្តែ ​មាន​ចំណុច​ខុស​គ្នា​មួយ​ចំនួន។ ក្នុង​ប្រទេស​ទាំង ៣ សំឡេង​របស់​អ្នក​រង​គ្រោះ និង​សង្គម​ស៊ីវិល កាន់​តែ​ខ្លាំង​ឡើង»។

ថា​តើការ​ប្រឆាំង​រួម​គ្នា​នឹង​ផ្លាស់​ប្តូរ​ដំណើរ​ការ​នៃ​ទំនប់ Don Sahong ឲ្យ​ខុស​ពី​ទំនប់​សាយ៉ាប៊ូរី​ឬ​អត់? នៅ​មិន​ទាន់​មើល​ឃើញ​នៅ​ឡើយ​ទេ។

លោក​ស្រី Ame​Trandem អ្នក​សម្រប​សម្រួល​ប្រចាំ​អាស៊ី​អាគ្នេយ៍​ឲ្យ​អង្គការ​ទន្លេ​អន្តរជាតិ បាន​ថ្លែង​ថា៖ «ខណៈ​ដែល​សហ​ប្រតិបតិ្តការ គឺជា​ដំណើរ​ការ​ទៅ​វិញ​ទៅ​មក ឡាវ មាន​​កាតព្វ​កិច្ច​សីលធម៌​ត្រូវ​គោរព​តាម​សំណើ​របស់​ប្រទេស​ជិត​ខាង។ ដោយ​មាន​វិវាទ​រវាង​ប្រទេស​ទន្លេ​មេគង្គ​ទាំង ៤ កំពុង​បន្ត វា​ចាំ​បាច់​ដែល​សកម្មភាព​សាង​សង់​ទាំង​អស់​ត្រូវ​បញ្ឈប់​ភ្លាមៗ»៕ TK

អត្ថបទគួរចាប់អារម្មណ៍