ស្ទឹងត្រែងៈ ​កូន​ផ្សោត​ថ្មី​ ១ ​ទៀត ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​តំបន់​អន្លង់​សត្វ​ផ្សោត​ត្បូងខ្លា ក្នុង​ភូមិ​កោះជ្រឹម ឃុំ​អូរម្រះ ស្រុក​សៀមបូក ​ខេត្ត​ស្ទឹងត្រែង​។ ​នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​កម្ពុជា​ (WWF-Cambodia) ​ពី​ថ្ងៃ​ចន្ទ​។

កូន​ផ្សោត​នោះ​ត្រូវ​បាន​ក្រុម​ឆ្មាំ​ទន្លេ​ប្រចាំ​ប៉ុស្តិ៍​កោះ​ជ្រឹម​ប្រទះ​ឃើញ​កាលពី​ល្ងាច​ថ្ងៃទី​ ១៧ ​ខែ​​វិច្ឆិកា​ឆ្នាំនេះ គ្រា​ដែល​វា​កំពុង​ហែល​លេង​ជាមួយ​មេ​ និង​ផ្សោត​ជំទង់​ ៤ ​ក្បាល​ផ្សេងទៀត​។ ​ក្រោយពី​ទទួល​បាន​ដំណឹង​នេះ​នៅ​ព្រឹក​ថ្ងៃទី​ ២០ ខែ​វិច្ឆិកា ក្រុមការងារ​នៃ WWF-Cambodia និង​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង​បាន​ចុះ​ទៅ​ពិនិត្យ​អង្កេត​កូន​ផ្សោត​នោះ និង​បាន​ថតរូប​ទាំង​កូន​ និង​មេ​វា ទុក​ជា​ភ័ស្តុតាង​ផងដែរ ។

បើតាម​កំណត់ត្រា​របស់​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គការ WWF-Cambodia កូន​ផ្សោត​ដែល​បាន​ប្រទះឃើញ​ថ្មី​នេះ​គឺ​​ជា​កូន​ផ្សោត​ទី​ ១២ ​ហើយ​ដែល​​បានកើត​ក្នុង​ឆ្នាំ​នេះ​ចាប់ពី​ខែ​មករា​រហូត​ដល់​ខែ​វិច្ឆិកា​នេះ​​ក្នុងនោះ​កូន​ផ្សោត​ ៦ ​ក្បាល​ត្រូវ​បាន​កត់ត្រា​ថា​បាន​កើត​នៅ​ខេត្ត​​ស្ទឹងត្រែង​ និង​កូន​ផ្សោត​ ៦ ​ក្បាល​​ទៀត​កើត​នៅ​ខេត្តក្រចេះ ។

លោក ស៊ុំ នីរ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ស្ទឹងត្រែង​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​វត្តមាន​របស់​កូន​ផ្សោត​ថ្មី​នេះ​នឹង​ក្លាយជា​ការរួមចំណែក​សំខាន់​មួយទៀត​ក្នុង​វិស័យ​ទេសចរណ៍​តាម​ដង​ទន្លេមេគង្គ​»​។

សត្វ​ផ្សោត​ក្នុង​ទន្លេមេគង្គ​កម្ពុជា​​បច្ចុប្បន្ន​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ជាង​ ១១០ ​ក្បាល​ ដែល​​កើនឡើង​ប្រមាណ​ ៣០ ​ក្បាល ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥ ដែល​បាន​រកឃើញ​នៅ​សេសសល់​ប្រមាណ​ ៨០ ​ក្បាល ។

លោក អេង ជាសាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​ថ្លែងថា កំណើន​ផ្សោត​ថ្មី​នេះ​គឺជា​លទ្ធផល​នៃ​ការ​ខំប្រឹងប្រែង​រួមគ្នា​រវាង​ក្រុម​ឆ្មាំ​ទន្លេ អង្គការ​ WWF-Cambodia និង​ភាគី​ពាក់ព័ន្ធ រួមទាំង​សហគមន៍​នេសាទ​ផងដែរ​ក្នុង​ការការពារ និង​អភិរក្ស​សត្វ​ផ្សោត​។

លោក​បាន​បញ្ជាក់ថា​៖ «​សត្វផ្សោត​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​ និង​ខេត្តស្ទឹងត្រែង​នាពេល​បច្ចុប្បន្ន​បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ក៏​ដូច​សហគមន៍​នេសាទ​ឲ្យ​ចូលរួម​ការពារ​សត្វ​ផ្សោត​ទាំងអស់​គ្នា​ដើម្បី​បង្កើន​សត្វ​ផ្សោត​ឲ្យ​បាន​កាន់តែច្រើន​ក្នុង​ទន្លេមេគង្គ​របស់​កម្ពុជា​៕