ពោធិ៍សាត់ៈ ក្រុមមន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​អូរសោម​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ប្រទះឃើញ​គំនរ​សាច់សត្វ​ខ្ទីង ១ ​ក្បាល​ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ស្ថិត​ក្នុង​ស្រុក​វាលវែង​ដែល​មាន​ស្លាកស្នាម​ជាប់អន្ទាក់​របស់​ព្រានព្រៃ​។

លោក វ៉ាយ សារីម ប្រធាន​កង​ល្បាត​នៃ​ស្នាក់ការ​បរិស្ថាន​អូរសោម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ថា​ ក្នុង​អំឡុងពេល​ចុះ​ល្បាត​ព្រៃ​ ២ ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ២២-២៣ ​ខែ​មិថុនា ក្រុមការងារ​របស់​លោក​ដែល​មាន​ការចូលរួម​ពី​ក្រុម​បរិស្ថាន​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance) ​បាន​ប្រទះ​ឃើញ​គំនរ​សាច់សត្វ​ខ្ទីង​ដ៏កម្រ​ ១ ​ក្បាល ​នៅ​ចំណុច​ឫស្សីជ្រំ​ស្ថិត​ក្នុង​ភូមិ​ឆាយលូក ឃុំ​អូរសោម ស្រុក​វាលវែង​។ «​យើង​បាន​ប្រទះឃើញ​សត្វ​ខ្ទីង​នេះ​នៅ​រសៀល​ថ្ងៃទី​ ២៣ ខែមិថុនា​។ វា​ត្រូវបាន​ជន​ប្រព្រឹត្ត​បទល្មើស​ពន្លះ​យក​សាច់​អស់​មួយ​ភាគ​ធំ​ និង​កាត់​យក​ស្នែង​ទាំង​គូ​។ សំណាក​សាច់ ស្បែក គ្រោងឆ្អឹង ក្បាល ស្មងជើង​ និង​គ្រឿងក្នុង​ដែល​ជនសង្ស័យ​បាន​បន្សល់ទុក​នៅ​កន្លែង​កើតហេតុ​មាន​ទម្ងន់​សរុប​ ២៨០ ​គីឡូក្រាម​»​។

លោក​ សារីម បន្ថែមថា​៖ «​នៅជាប់​ស្មងជើង​នៃ​សំណាក​សត្វខ្ទីង​នោះ យើង​បាន​រកឃើញ​ខ្សែ​អន្ទាក់ ដែល​ធ្វើ​ពី​ខ្សែហ្វ្រាំងកង់​ដែល​បញ្ជាក់ថា សត្វ​ខ្ទីង​ដ៏កម្រ​ ១ ​ក្បាល​នេះ​បាន​ជាប់អន្ទាក់​ក្រុម​ប្រមាញ់​សត្វព្រៃ​»​។

ក្រុម​ល្បាត​បាន​ប្រមូល​សាច់សត្វ​ខ្ទីង​នេះ​ដុត​កម្ទេចចោល​នៅ​នឹង​កន្លែង ហើយ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។

នេះ​គឺជា​សត្វខ្ទីង​ទី ២ ​ហើយ​ដែល​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​រយៈពេល​ ២ ​ខែ​ចុង​ក្រោយនេះ​។ កាលពី​ខែ​ឧសភា​ក្រុម​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ព្រះរកា បាន​ប្រទះឃើញ​សត្វ​ខ្ទីង​ពេញវ័យ​ ១ ​ក្បាល​ អាយុ​ប្រហែល​ ៥ ​ឆ្នាំ​ត្រូវ​បាន​ព្រាន​បាញ់សម្លាប់ ដោយ​បន្សល់​ទុក​តែ​ក្បាល​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះរកា​ក្នុង​ខេត្តព្រះវិហារ​។ សត្វខ្ទីង​ជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា​ជា​ប្រភេទ​សត្វព្រៃ​ងាយ​រងគ្រោះថ្នាក់​ជា​សកល​នៅ​ឆ្នាំ ១៩៨៦​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​សត្វខ្ទីង​ ១ ​ក្បាល​នេះ​ និង​បាន​ថ្កោលទោស​ចំពោះ​ក្រុម​ជនល្មើស​ដែល​តែង​លួច​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វព្រៃ និង​បរបាញ់​សត្វព្រៃ​ដ៏កម្រ​បែបនេះ​។

លោក​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​អន្ទាក់​ និង​កាំភ្លើង​កែច្នៃ គឺជា​ឃាតករ​លាក់​មុខ​សម្លាប់​សត្វព្រៃ​នៅ​កម្ពុជា​ជា​រៀងរាល់​ថ្ងៃ​ដែល​ចាំបាច់​ត្រូវ​ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ជា​ប្រចាំ និង​ហាមឃាត់​ការយក​នូវ​​ឧបករណ៍​ទាំងនេះ​ចូល​ក្នុង​តំបន់​ការពារ​ធម្មជាតិ​»៕