មណ្ឌល​គិរីៈ សត្វ​ដំរី​ព្រៃ​វ័យ​ចំណា​ស់​មួយ​ក្បាលត្រូវបាន​គេ​​ប្រទះឃើញ​​ត្រូវ​គេ​បាញ់​ងា​ប់​ នៅ​ចំណុ​ច​ចម្ការ​ស្វាយ​ចន្ទី​​រប​ស់​ប្រជា​ពល​រដ្ឋ​នៅ​ជាប់​ព្រៃ​ខ្មោច​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ស្ថិត​ក្នុង​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា។

សត្វ​ដំរី​ឈ្មោល​ដែល​​ត្រូវ​គេ​បាញ់​​ងា​ប់​​នេះត្រូវបាន​ប្រទះ​ឃើញ​កាលពី​ម្សិលមិញ ដែល​បើ​តាម​មន្ត្រី វា​​ត្រូវ​បាន​គេ​បាញ់​​​ងាប់​​ប្រមាណ​ ១០ ថ្ងៃ​មកហើយ នៅ​ចំណុច​ភូមិ​ស្រែ​ល្វី។ ដំរី​ព្រៃ​នេះមាន​កម្ពស់ ២,៧០ ម៉ែត្រ​ ប្រវែ​ង ៤,៥០ ​ម៉ែត្រ​ទទឹង ១,៥០ ម៉ែត្រ។

អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​​ឲ្យ​ដឹង​កាលពីយប់​មិញ​ថា ករណី​សត្វ​ដំរីព្រៃ​ដែល​គេ​ប្រទះ​ឃើញ​ងាប់​​នោះ​ ​គឺ​ជាដំរី​ឈ្មោល ដែល​​វា​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​ ក្នុង​គោល​បំណង​កាត់​យក​ភ្លុក។

បច្ចុប្បន្ន ​សមត្ថ​​កិច្ច​បាន​នាំខ្មោច​ដំរី​នោះ​ទៅ​កប់​ដើម្បីធ្វើ​កំណាយ​យក​គ្រោ​ង​​ឆ្អឹង​របស់​វា មក​រក្សា​ទុក សម្រាប់​ធ្វើ​ការ​សិក្សា​​ស្រាវ​ជ្រាវ​វិទ្យា​សា​ស្ត្រ អំពី​ប្រភេទ​ដំរី​នៅ​កម្ពុជា​នា​​ពេល​អនាគត។

លោក​បញ្ជាក់​ថា៖ «យោង​តាម​ការ​ពិនិត្យ​កោសល្យវិច័យ​ចុង​ក្រោយ​ទៅ​លើ​សាកសព​សត្វ​ដំរី​នោះ ​ដោ​យ​បាន​លើក​ផ្អៀង​មក​ពិនិត្យ​ផ្នែក​ម្ខាង​ទៀត​របស់​វា ​យើង​បាន​រក​ឃើញ​មាន​ស្នាម​ធ្លុះមួយ​កន្លែង​នៅ​ប្រមាណ​មួយ​ចំអាម​ពី​ភ្នែក ដែល​យើង​សន្និ​ដ្ឋាន​ថាជា​ស្នា​ម​​ធ្លុះ​ដោយ​គ្រាប់​កាំភ្លើង ​ដែល​ជន​ទុច្ចរិត​បាន​បាញ់​ ក្នុង​គោល​បំណង​ដើម្បី​កាត់​យក​ភ្លុក​។ ភ្លុក​​ទាំង​ ២ និង​ផ្នែក​ចុង​កន្ទុយ​របស់​វា​ត្រូវ​បាន​គេ​កាត់​យក»។

លោក​បាន​បន្ថែម​ថា៖ «ការសន្និដ្ឋាន​ជំហាន​ដំបូង ដែល​ថា​ដំរីនោះ​ងាប់​ដោយ​សារថ្នាំពុល​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ​ព្រោះ​ការ​ពិនិត្យ​ជំហាន​ដំបូង​បាន​តែ​ផ្នែក​ម្ខាង​ប៉ុណ្ណោះ»។

លោក​បន្ត​​ថា នៅពេល​នេះ ក្រុម​មន្ត្រី​ជំនាញ​​កំពុង​បន្ត​ធ្វើ​ការ​ពិនិត្យ​កោសល្យវិច័យ​បន្ថែម​ទៀត​ ដើម្បី​​ឈាន​ទៅ​ដល់​ការកំណត់​អត្ត​សញ្ញាណ​របស់​ជន​ល្មើស​ និង​ស្វែង​រក​ចាប់​ខ្លួន​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់។

លោក ឌិន ​ប៊ុនធឿន អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌ​ល​​គិរី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា ដំរី​​ដែល​ត្រូវ​បាន​គេ​បាញ់​ងាប់​នោះ ​វា​ចំណាស់​ដែរ​ហើយ​ពី​ព្រោះ​​​បាតជើង​វា ឡើង​សឹក។ បើ​តាម​លោក​ប៊ុន​ធឿន​ ក្រៅ​ពីការ​រង​គ្រោះ​​ដោយ​ការ​បាញ់​សម្លាប់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ក៏​រង​គ្រោះ​ដោយ​ការ​ប្រើថ្នាំ​គីមី​ដាក់​ដំណាំ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ។

លោក​បាន​អំពាវ​នាវ​សូម​ឲ្យ​ «ប្រជាជន​ទាំងអស់ អ្នកពាក់​ព័ន្ធ​យកចិត្តទុកដាក់​នឹង​សត្វ​ព្រៃ ជាពិសេស​ អ្នកដែល​ធ្វើ​ចម្ការ​ហ្នឹង គាត់​ប្រើ​ថ្នាំ​គីមី​ច្រើន​។ ណា​មួយ​ចម្ការ​គាត់​នៅជាប់​នឹង​ព្រៃ ពេលណា​រដូវ​ប្រមូល​ផល សត្វព្រៃ​អាច​ចូលមក​ស៊ី​ផ្លែ​ឈើ​​ទាំងនោះ ធ្វើ​ឲ្យ​ពុល។ អ៊ឹចឹង​សុំ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ កុំ​ប្រើប្រាស់​ថ្នាំ​គីមីច្រើន​ហួសហេតុ​ពេក ពេលខ្លះ​ហូរ​តាម​ទឹក​អី​ទៅ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សត្វ​ព្រៃ​ទេ ពួក​គាត់​​ម្ចាស់​ចម្ការ​ក៏​ប៉ះពាល់​ដែរ»។

បើ​តាម​ក្រុម​ជំនាញ​អភិរក្ស​សត្វព្រៃ របស់​អង្គការ WCS បានធ្វើ​ការ​ពិសោធ​ទៅ​លើ​ដាន​ជើង​ដំរី និង​ស្បែក​ដំរី​ដែល​ចាប់បាន​ដោយ​ប្រព័ន្ធ​កាមេរ៉ា​ស្វ័យ​ប្រវត្តិ​កាលពី​ឆ្នាំ ២០១០ បាន​ប៉ាន់​​ប្រមាណ​​ថា អាចមាន​ដំរីព្រៃ​រស់នៅ​ប្រមាណ​ពី ១២០ ទៅ ១៧០ ក្បាល​ នៅក្នុង​ដែន​អភិរក្ស​​សត្វ​ព្រៃ ខេត្ត​មណ្ឌលគិរី ខណៈ​ដែល​នៅ​ក្នុង​​រយៈពេល ៣ ឆ្នាំចុង​ក្រោយ​នេះ លោក ឌិន ​ប៊ុនធឿន បាន​កត់​សម្គាល់​ឃើញ​ថា មាន​សត្វ​ដំរី​ព្រៃ​ចំនួន ៣ ក្បាល​បាន​ងាប់​នៅ​ក្នុង​ព្រៃ​នៃ​​ខេត្ត​នេះ គឺ​ដោយ​សារ​តែ​ការ​បាញ់​សម្លាប់ និង​ដល់​វ័យ​ចាស់​ជរា៕