ក្រចេះ: សត្វ​ផ្សោត​ញី​វ័យ​ចំណាស់​ ១ ​ក្បាល ​ត្រូវ​បាន​ប្រជានេសាទ​ក្នុង​សហគមន៍​ភូមិ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ​ប្រទះឃើញ​ងាប់​អណ្ដែត​ទឹក កាលពី​ព្រឹក​ថ្ងៃទី​ ២២ ខែ ធ្នូ ឆ្នាំ​ ២០២០ នៅ​ចំណុច​ព្រែកខ្សោរ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥០០ ​ម៉ែត្រ​ ពី​អន្លង់ផ្សោត​កាំពី​។

លោក ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ផ្សោត​ញី​ ១ ​ក្បាល​នោះ​ មាន​ទម្ងន់​ ២០១ ​គីឡូក្រាម និង​មាន​ប្រវែង​ ២,៣ ​ម៉ែត្រ​។ វា​ជា​ផ្សោត​ដែលមាន​លេខ​សម្គាល់ (ID-95) រស់នៅក្នុង​តំបន់​អន្លង់ផ្សោត​កាំពី​។ លោក​បញ្ជាក់ថា​៖ «​តាម​ការពិនិត្យ​ភាពជាក់ស្តែង ផ្សោត​នេះ​ស្លាប់​ដោយសារ​ភាព​ចាស់ជរា​របស់​វា ព្រោះ​ធ្មេញ​របស់​វា​បាន​សឹក​រេច​អស់​ទាំង​លើ​ទាំងក្រោម ហើយ​នៅលើ​ដងខ្លួន និង​កន្ទុយ​របស់​វា ក៏​ពុំមាន​ស្នាម​ជាំ​ ឬ​ដាច់​រលាត់​នោះឡើយ​»​។

បើតាម​លោក​ ពន្លក ក្រោយ​ពិនិត្យ និង​វាស់វែង​រួច​ក្រុមការងារ​បានសម្រេច​វះកាត់ ដើម្បី​យក​សំណាក​របស់​វា​រក្សាទុក​នៅក្នុង​ស្នាក់ការ អង្គការ WWF-Cambodia សាខា​ខេត្តក្រចេះ​។

ប្រជានេសាទ​ក្នុង​សហគមន៍​សំបុក​លោក សៅ ស៊ីនឿន បាន​ប្រទះឃើញ​សពសត្វ​ផ្សោត​នេះ​អណ្តែត​ទឹក​ភ្លឹមៗ​នៅ​កណ្តាល​ទន្លេ​នៅ​ចំណុច​ព្រែកខ្សោរ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥០០ ​ម៉ែត្រ ​ពី​អន្លង់​ផ្សោត​កាំពី​កាលពី​ថ្ងៃទី​ ២២ ​ខែធ្នូ​។

លោក​ថា​៖ «​ខ្ញុំ​ពិតជា​សោកស្ដាយ​ជាខ្លាំង នៅពេល​ប្រទះឃើញ​សពសត្វ​ផ្សោត​ញី​ ១ ​ក្បាល​នោះ​។ វា​ទំនង​ជា​ទើបនឹង​ងាប់​កាលពី​យប់​ថ្ងៃទី​ ២១ ខែ ធ្នូ​ ឆ្នាំ​ ២០២០ ព្រោះ​សព​របស់​វា​នៅ​ស្រស់​ល្អ​ដូចជា​ផ្សោត​ធម្មតា និង​គ្មាន​ស្លាកស្នាម​អ្វី​ទាំងអស់​»​។ ភ្លាមៗ​នោះ​លោក ស៊ីនឿន បាន​រាយការណ៍​ប្រាប់​ឆ្មាំ​ទន្លេ​នៅក្នុង​តំបន់​នោះ​។

លោក ទេព អស្នារិទ្ធ ប្រធាន​កិច្ចការ​សាធារណៈ និង​ជា​អ្នក​នាំពាក្យ WWF-Cambodia ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​ពិនិត្យ​សាកសព​ផ្សោត​ញី​ ១ ​ក្បាល​នេះ​រួច មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​សន្និដ្ឋាន​រួមគ្នា​ថា ផ្សោត​នេះ​មាន​អាយុ​ចន្លោះ​ពី​ ២៧ ​ឆ្នាំ ទៅ​ ៣០ ​ឆ្នាំ​ ហើយ​ការងាប់​របស់​វា​គឺ​ដោយសារ​តែ «​វ័យចាស់​ជរា​»​។

សត្វផ្សោត​ទន្លេមេគង្គ ​គឺជា​ប្រភេទ​សត្វ​កម្រ​មួយ​នៅលើ​ពិភពលោក ដែល​មាន​អង្គការ​ជាច្រើន​បាននិង​កំពុង​ចូលរួម​អភិរក្ស​ក្នុង​នោះ​អង្គការ WWF បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការចូលរួម​អភិរក្ស​សត្វ​ផ្សោត​នេះ​។

ការសិក្សា​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​ ក្រុម​មន្ត្រី​ជំនាញ​បាន​រកឃើញ​ផ្សោត​មេពូជ​ចំនួន​ ៨៩ ​ក្បាល ​កំពុង​រស់នៅ​ក្នុង​ដង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​ចាប់ពី​ខេត្តក្រចេះ​ដល់​ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំប្រទល់​ដែន​ប្រទេស​ឡាវ​។ នេះ​បើតាម​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ធនធាន​ជលផល​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល​កាលពី​ម្សិលមិញ​។ លោក​ថ្លែងថា​៖ «​បើ​រាប់បញ្ចូល​ទាំង​ចំនួន​កូន​ផ្សោត​ដែល​ទើប​កើត​ថ្មី គឺមាន​ចំនួន​ចន្លោះ​ពី​ ១២០-១៣០ ​ក្បាល​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​»​។

ចំនួន​ផ្សោត​មេពូជ​នៅក្នុង​ឆ្នាំនេះ​បាន​ធ្លាក់ចុះ​ចំនួន​ ៣ ​ក្បាល ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៧ ​ដែល​បាន​រកឃើញ​ដល់​ ៩២ ​ក្បាល​។ ប៉ុន្តែ​ការធ្លាក់ចុះ​នេះ ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​ផ្នែក​អភិរក្ស​សត្វ​ផ្សោត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ សន្និដ្ឋានថា ដោយសារ​មាន​ការចល័ត​ចេញពី​តំបន់​ដែល​ពួកវា​ធ្លាប់​រស់នៅ ទៅកាន់​កន្លែង​ផ្សេងៗ​ទៀត ព្រោះ​គ្មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា ពួកវា​ត្រូវបាន​ងាប់ ដោយសារ​ឧប្បត្តិ​ហេតុអ្វី​ឡើយ​៕

វីដេអូ៖