សៀមរាប: ក្រុម​អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិអប្សរា​បាន​ប្រទះឃើញ​រូប​ពុទ្ធបដិមា​ចំនួន​ ២១ ​អង្គ ​ដែល​បែកបាក់​កប់​ក្នុង​ដី​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត បន្ទាប់ពី​ធ្វើ​កំណាយ​ខណៈ​អាជ្ញាធរ​នេះ​ទទួល​បាន​បដិមា​ចំនួន​ ៦ ​ដុំ និង​ក្រឡ​ចំនួន​ ៤ ​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី​រក្សាទុក​ផងដែរ​។

លោក ស្រ៊ុន តិច ប្រធាន​គម្រោង​កំណាយ និង​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ចម្លាក់​រូប​ពុទ្ធបដិមា​ទាំង​ ២១ ​អង្គ​នោះ​មាន​ ១៤១ បំណែក​ដែល​កប់​ក្នុង​ដី​ជម្រៅ​ជិត​កន្លះ​ម៉ែត្រ នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត​។

លោក​ថា​៖ «​ការរកឃើញ​ដោយ​ចៃដន្យ​នេះ​ចាប់តាំងពី​ថ្ងៃទី​ ១១ ខែមេសា បន្ត​បន្ទាប់មក​។ ​ភាគច្រើន​ជា​រូប​ពុទ្ធបដិមា​ដែល​មួយចំនួន​បាក់បែក​ព្រះសិរ ដៃ ជើង និង​បំណែក​មួយចំនួន​ទៀត​។ ​បដិមា​ទាំងអស់​នេះ​ជា​បដិមា​ព្រះពុទ្ធ​ទ្រង់​អង្គុយ​ផង និង​ឈរ​ផង​»​។

លោក​បាន​បន្ថែមថា​៖ «​ក្នុងនោះ​មាន​កប់​ដី​លាយឡំ​ជាមួយ​សំណល់​សម័យ​ទំនើប​មាន​ន័យថា កប់​ដី​ប្រហែល​ក្នុង​ទសវត្សរ៍​ទី​ ៦០ ឬ​ ៧០ ព្រោះ​យើង​បាន​រកឃើញ​អំបែង​កែវ កណ្ដឹង​កង់ ថង់​ប្លាស្ទិក និង​សម្ភារ​ផ្សេងៗ​ទៀត​។ អ៊ីចឹង​ការកប់​រូប​ពុទ្ធបដិមា​ទាំងនេះ មិនមែន​ក្នុង​សម័យបុរាណ​ទេ​»​។

លោក អ៊ឹម សុខរិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បើ​ពិនិត្យ​​ពី​ទម្រង់​រូប​ពុទ្ធបដិមា​ទាំង​ ២១ ​អង្គ​នេះ គេ​មិន​ទាន់​អាច​សន្និដ្ឋាន​​បាន​ថា មាន​ប្រភព​មកពីណា​ខ្លះ​​ទេ​។ ប៉ុន្តែ​មនុស្ស​សម័យ​ទំនើប​​បាន​កប់​ទុក​ត្រឹមត្រូវ​ក្នុង​រណ្ដៅ​តែមួយ ដោយ​មាន​ទំហំ ប្រភេទ និង​ប្រភព​ផ្សេងៗ​គ្នា​ទាំងអស់ តែ​ក្រុមការងារ​គ្រោង​ធ្វើ​កំណាយ​ទៅ​ក្រោម​ជិត​ ១ ​ម៉ែត្រ​ទៀត ព្រោះ​សង្ស័យ​ថា នៅ​មាន​កប់​អ្វី​ទៀត​។

លោក​បញ្ជាក់ថា​៖ «​រូប​បដិមា​ទាំងនេះ​មាន​មនុស្ស​រៀបចំ​ទុកដាក់​ត្រឹមត្រូវ ព្រោះ​យើង​បាន​កត់សម្គាល់​តាមរយៈ​ស្រទាប់ដី សម្គាល់​លើ​សម្ភារ​ដែល​កប់​ជាប់​ក្នុង​រណ្ដៅ​នេះ​។ រូប​បដិមា​ទាំង ២១ ​អង្គ​នេះ​ភាគច្រើន​ជា​បំណែកៗ ហើយ​ខ្លះ​យើង​រក​មិនទាន់​ឃើញ​ព្រះសិរ និង​ខ្លះ​បាត់​ដៃ ឬ​ខ្លះ​បាត់​ជើង​»​។

ករណី​ស្រដៀង​គ្នា​នេះ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​នៅ​ថ្ងៃទី​ ១៥ ខែមេសា​បាន​ប្រគល់​វត្ថុ​បុរាណ​ធ្វើ​អំពី​ថ្មភក់​​ចំនួន ៦ ​ដុំ និង​ក្រឡ​ចំនួន​ ៤ ​ក្រឡ​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្តសៀមរាប និង​បាន​ប្រគល់​បន្តទៅ​ឲ្យ​អាជ្ញាធរ​ជាតិអប្សរា​ដើម្បី​រក្សាទុក​។

លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​សៀមរាប​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​បាន​ទទួល​វត្ថុ​បុរាណ​ទាំងនេះ​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ស្រុក​ជីក្រែង​ដើម្បី​យក​ទៅ​រក្សា​ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ​។

លោក​បន្តថា វត្ថុ​បុរាណ​ទាំងនេះ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​កាលពី​ថ្ងៃទី​ ១៦ មីនា ឆ្នាំ​នេះ​នៅ​ភូមិ​គំរូ ឃុំ​ពង្រលើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ហើយ​បានប្រគល់​ឲ្យ​មន្ត្រី​កងរាជ​អាវុធហត្ថ​ស្រុក​មុន​ពេល​​យក​មក​ប្រគល់​ជូន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បានប្រគល់​ជូនទៅ​អាជ្ញាធរ​ជាតិអប្សរា​យក​ទៅ​រក្សាទុក​នៅ​​សារមន្ទីរ ដើម្បី​ជួសជុល​ឡើងវិញ និង​ដាក់តាំង​បង្ហាញ​ឲ្យ​​សាធារណជន​ចូល​ទស្សនា​ក៏ដូចជា ទុក​ធ្វើ​ជា​ភ័ស្ដុតាង ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​»​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រូប​ចម្លាក់​បដិមា​ទាំង​ ៦ ​ដុំ និង​ក្រឡ​ចំនួន​ ៤ ​ទៀត​ត្រូវ​បាន​យក​ទៅ​​រក្សាទុក​នៅ​សារមន្ទីរ​ព្រះសីហនុ​​អង្គរ​រួចរាល់​ហើយ ដើម្បី​ឲ្យ​ក្រុម​អ្នក​អភិរក្ស​លាង​សម្អាត និង​ជួសជុល​មុន​នឹង​ដាក់តាំង​ឡើងវិញ​។

លោក​បាន​បន្តថា កន្លងមក​ពលរដ្ឋ​តែងតែ​ប្រទះឃើញ​រូប​បដិមា​ជាច្រើន ប៉ុន្ដែ​ពួកគាត់​បាន​ប្រគល់​មក​ឲ្យ​អាជ្ញាធរ និង​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិអប្សរា ដើម្បី​រក្សាទុក ជួសជុល និង​យកមក​ដាក់តាំង​នៅក្នុង​​ខេត្ត​សៀមរាប​ក្នុង​បំណង​បង្ហាញ​​សាធារណជន និង​អ្នក​ស្រាវជ្រាវ​ដែល​ចង់ដឹង​ចង់​ស្វែងយល់​​ពី​វត្ថុ​បុរាណ​ទាំងនោះ​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ដល់​ពលរដ្ឋ​យើង បើ​បាន​ជួបប្រទះ​នូវ​វត្ថុ​បុរាណ សូម​រក្សាទុក និង​យកទៅ​ប្រគល់ជូន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដើម្បី​យើង​អភិរក្ស​សម្រាប់​ទុក​ឲ្យ​ក្មេងៗ​​ជំនាន់​ក្រោយ​របស់​យើង​បាន​​ឃើញ និង​ស្គាល់​»៕