មណ្ឌលគិរី: សត្វ​ទន្សោង​ ១ ​ហ្វូង ​ត្រូវបាន​ក្រុមការងារ​ស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) ​ប្រទះ​ឃើញ​កាលពី​ចុងខែ​មេសា​កន្លង​ទៅ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី ក៏ប៉ុន្តែ​មន្ត្រី និង​អ្នក​ជំនាញ​បានបង្ហាញ​ក្ដីបារម្ភ​ពី​ការតាមប្រមាញ់ និង​ការបាត់បង់​ព្រៃឈើ​ដែល​ជា​ជម្រក​របស់​សត្វព្រៃ​។

លោក ទេព អស្នារិទ្ធ ប្រធាន​កិច្ចការ​សាធារណៈ និង​គ្រប់គ្រង​ព័ត៌មាន​នៃ​អង្គការ​ (WWF) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការប្រទះ​ឃើញ​សត្វ​ទន្សោង​ ១ ​ហ្វូង​​នេះ​ គឺ​នៅពេល​ក្រុម​ការងារ​អង្គការ WWF កំពុង​ចុះ​តាមដាន និង​ប្រមូល​ព័ត៌មាន​ស្តីពី​សត្វព្រៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​កាលពី​ចុងខែ​មេសា ដែល​តំបន់​នេះ​ស្ថិតក្រោម​ការការពារ និង​គ្រប់គ្រង​ដោយ​មន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី និង​​មាន​ការគាំទ្រ​ពី​អង្គការ WWF​។

លោក​បន្តថា អ្នកវិទ្យាសាស្ត្រ​ខាង​សត្វព្រៃ​របស់​អង្គការ WWF បាន​អះអាង​ថា សត្វ​ទន្សោង​ទាំងនេះ​មាន​ប្រមាណ​ជិត​ ១០ ​ក្បាល​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ទន្សោង​វ័យ​ជំទង់​ ១ ​ក្បាល និង​ទន្សោង​បា​ធំ​ ១ ​ក្បាល​ផង​។

ភ្លាមៗ​នោះ​អ្នកវិទ្យាសាស្ត្រ​បាន​តាមដាន​សកម្មភាព​ហ្វូងសត្វ​ទន្សោង​រត់​ដែល​ទំនងជា​បណ្តាល​មកពី​ពួកវា​ផ្អើល​ហ្វូង​សត្វ​ដទៃទៀត ឬ​ដោយ​ផ្អើល​នឹង​វត្តមាន​របស់​អ្នកតាមដាន​ និង​ស្រាវជ្រាវ​សត្វព្រៃ​។

លោក ទេព អស្នារិទ្ធ បញ្ជាក់​ថា​៖ «​ការថត​បាន​នូវ​រូបភាព​វីដេអូ​ដោយ​ទូរស័ព្ទ​ដៃ​មួយ​នេះ​បាន​តម្រូវ​ឲ្យ​សមាជិក​ក្រុម​ស្រាវជ្រាវ​​អត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដើម្បី​ធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អាច​ផ្តិត​បាន​នូវ​ភ័ស្តុតាង​បញ្ជាក់​ពី​វត្តមាន​របស់​សត្វ​នេះ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​សម្បូរ​ដោយ​ប្រភេទ​ជីវចម្រុះ​របស់​កម្ពុជា​មួយ​នេះ​»​។

ក៏ប៉ុន្តែ​លោក អស្នារិទ្ធ បាន​អះអាង​ថា សត្វ​ទន្សោង​ទាំងនេះ​កំពុង​រង​ការគំរាមកំហែង​ពី​ការដាក់​អន្ទាក់ កាប់​ព្រៃឈើ ការកាប់​ទន្ទ្រាន​ដីព្រៃ​ជាដើម​។ ទោះ​ជា​យ៉ាងណា​​លោក​ថា មន្ត្រី​អង្គការ WWF និង​មន្ត្រី​បរិស្ថាន​នឹង​បន្ដ​សហការ​ការពារ​ធនធាន​ធម្មជាតិ​ទាំងនេះ​ដោយ​អំពាវនាវ​ឲ្យ​មាន​ការចូលរួម​បន្ថែម​ពី​សហគមន៍ និង​មជ្ឈដ្ឋាន​ទូទៅ​ផងដែរ​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​​ឧទ្យានុរក្ស​ប្រចាំ​តំបន់ភ្នំ​ព្រេច និង​មន្ត្រី​ជំនាញ​អង្គការ WWF បានរួម​គ្នា​ចុះ​ល្បាត និង​ស្រាវជ្រាវ​នៅក្នុង​តំបន់​នោះ ក៏​ប្រទះ​ឃើញ​ហ្វូង​សត្វ​ទន្សោង​កំពុង​រត់​ប្រដេញ​គ្នា​នៅក្នុង​ព្រៃភ្នំព្រេច​។ ក្រុមការងារ​កំពុង​បារម្ភ​ខ្លាច​មាន​ក្រុម​ព្រានព្រៃ​ដេញ​តាម​ប្រមាញ់​សត្វ​ទាំងនេះ​។

លោក​បន្តថា សត្វ​ទន្សោង​ទាំងនេះ​ជា​ប្រភេទ​សត្វព្រៃ​កម្រ​ដែល​ពិភពលោក បារម្ភ​ពី​ការ​ផុតពូជ​ពី​ផែនដី​។ ដោយ​ឡែក​កម្ពុជា​ក៏​កំពុង​មាន​បញ្ហា​ប្រឈម និង​គំរាមកំហែង​ពី​ការបាញ់​សម្លាប់​ដោយ​ព្រានព្រៃ ការកាប់​បំផ្លាញ​ព្រៃឈើ និង​ការកាប់​ទន្ទ្រាន​ដីព្រៃ​ដែល​ធ្វើឲ្យ​បាត់បង់​ទីជម្រក​របស់​សត្វព្រៃ​គ្រប់​ប្រភេទ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ​យើង​បាន​បង្កើន​ការការពារ​បន្ថែម​ទៀត​ក្រោយពី​លេច​វត្តមាន​សត្វ​ទន្សោង​ទាំងអស់​នេះ​។ ក្នុងនោះ​យើង​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​ប្រជាសហគមន៍​មូលដ្ឋាន​ជួយ​ការពារ​សត្វព្រៃ និង​ការពារ​ការកាប់​ទន្ទ្រាន​ព្រៃឈើ​»​។

តាម​របាយការណ៍​របស់​អង្គការ WWF បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ម្សិលមិញ​ថា សត្វ​ទន្សោង (Bos javanicus) ជា​ប្រភេទ​សត្វ​ស្ថិត​ក្នុង​អម្បូរ​គោ​សាទិស​មាន​មាឌធំ កម្លាំង​ខ្លាំង ហើយ​ធន់​នឹង​អាកាសធាតុ​។ សត្វ​នេះ​ទំនង​ជា​ពូជ​សត្វ​ដែល​ផ្តល់​ដើមកំណើត​ដល់​ពពួក​គោ​សាទិស​ស្រុក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

របាយការណ៍​ដដែល​ឲ្យ​ដឹងផង​ដែរ​ថា អ្នកវិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា សត្វ​ទន្សោង​ជា​សត្វ​ចំណី​មួយ​ប្រភេទ​ដ៏សំខាន់​របស់​សត្វ​ខ្លាធំ តែ​ថា​ចំនួន និង​ការរស់រាន​របស់​សត្វ​ទន្សោង​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយ​ការបរបាញ់ ការដាក់​អន្ទាក់ ការបាត់បង់​ទីជម្រក​ដែល​បណ្តាល​មកពី​ការកាប់ព្រៃ​ខុសច្បាប់ និង​ការទន្ទ្រាន​យក​ដីព្រៃ​៕