ឧត្តរមានជ័យ/ព្រះវិហារ: សហគមន៍សង្ឃរុក្ខាវ័ន្ដ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យបានប្រទះឃើញខ្មោចសត្វប្រើសញី-ឈ្មោល ២ ក្បាល ឈ្លូស ១ ក្បាល និងសត្វសំពោចក្រអូប ១ ក្បាល ដែលបានស្អុយរលួយនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ដ ដោយសង្ស័យមានគេលួចបាញ់សម្លាប់ ខណៈសត្វខ្ទីងចំនួន ២ ក្បាលត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ព្រះតេជគុណ ប៊ុន សាលួត ប្រធានសហគមន៍ការពារព្រៃសង្ឃរុក្ខាវ័ន្ដមានសង្ឃដីកាកាលពីម្សិលមិញថា ព្រះអង្គបានដឹកនាំប្រជាសហគមន៍ជិត ១០ អង្គ-នាក់ បានចុះល្បាតនៅក្នុងព្រៃសង្ឃរុក្ខាវ័ន្ដកាលពីថ្ងៃទី ២ ខែមីនា ហើយបានប្រទះឃើញខ្មោចសត្វព្រៃចំនួន ៤ ក្បាល។
ក្នុងនោះមានសត្វប្រើសញី-ឈ្មោល ២ ក្បាលក្នុង ១ ក្បាល មានទម្ងន់ចន្លោះពី ១៥០ ទៅ ១៧០ គីឡូក្រាម ឈ្លូស ១ ក្បាល ទម្ងន់ជាង ១០ គីឡូក្រាម និងសត្វសំពោចក្រអូប ១ ក្បាល មានទម្ងន់ជិត ៣ គីឡូក្រាមដែរ។
ព្រះអង្គមានសង្ឃដីកាបន្តថា ក្រុមការងារបានទៅដល់ចំណុចព្រំប្រទល់ជាប់ភូមិបាក់នឹមក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យស្រាប់តែប្រទះឃើញសត្វប្រើស ១ ក្បាលបានងាប់ ដោយការប្រមាញ់របស់ព្រាន។
បន្ទាប់មកក្រុមការងាររបស់ព្រះអង្គបានបន្តដំណើរមកដល់ចំណុចព្រំប្រទល់ ភូមិទំនប់ថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យហើយបានឃើញសត្វប្រើសឈ្មោល ១ ក្បាលទៀត ក៏បានងាប់ដោយស្នាដៃព្រានផងដែរ។ បើតាមការសន្និដ្ឋានការងាប់សត្វទាំង ២ ក្បាលនេះប្រហែល ២ សប្តាហ៍កន្លងមកហើយ។
ព្រះអង្គបានបញ្ជាក់ថា៖ «បទល្មើសនៅតំបន់ការពារព្រៃសង្ឃរុក្ខាវ័ន្ដសព្វថ្ងៃនេះ មិនមានការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្ដែមានតែបទល្មើសបាញ់សត្វព្រៃដោយក្រុមជនសង្ស័យបានប្រើកាំភ្លើងកែច្នៃសម្រាប់បាញ់សត្វព្រៃ ដាក់អន្ទាក់ និងឆក់។ ឧបករណ៍ទាំងនេះកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃនៅតំបន់យើងនេះ។ អាត្មាសូមអំពាវនាវឲ្យជួយការពារអភិរក្សជីវចម្រុះ យើងគួរស្រណោះជីវិតរូបគេ ជីវិតរូបយើង អ្នកណាក៏ចង់រស់ដែរ អ្នកណាក៏ចង់ជួបជុំគ្រួសារដែរ»។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានថ្លែងពីម្សិលមិញថា តំបន់ព្រៃការពារសង្ឃរុក្ខាវ័ន្ដនេះត្រូវបានមន្ត្រីជំនាញសហការជាមួយសហគមន៍សង្ឃរុក្ខាវ័ន្ដការពារយ៉ាងតឹងរ៉ឹង ប៉ុន្ដែជនល្មើសតែងតែលួចចូលព្រៃនៅពេលយប់ ដែលធ្វើឲ្យមានការពិបាកដល់ក្រុមអ្នកការពារព្រៃឈើទាំងអស់នេះ។
លោកបានបន្តថា សព្វថ្ងៃនេះមន្ទីរបរិស្ថានបានរៀបចំឲ្យមានប៉ុស្ដិ៍ដាក់យាមប្រចាំការចំនួន ៣ ច្រក ប្រចាំតាមច្រកធំៗនៃព្រៃរុក្ខាវ័ន្តនេះដោយមានមន្ត្រីចល័តគ្នាប្រចាំការនៅពេលថ្ងៃ និងចល័តយាមនៅពេលយប់ជាញឹកញាប់ដែរប៉ុន្ដែក្រុមជនល្មើសនៅតែឆ្លៀតចូលដាក់អន្ទាក់សត្វក្នុងព្រៃនោះបានទៀត។
លោកបញ្ជាក់ថា៖ «មន្ត្រីជំនាញយើងធ្វើការជាមួយប្រជាសហគមន៍ទាំងអស់ដែលសកម្មការពារព្រៃឈើ និងសត្វព្រៃ ហើយមន្ត្រីបរិស្ថានខេត្តបានឧបត្ថមថវិកាខ្លះទៅសហគមន៍ការពារព្រៃឈើសង្ឃរុក្ខាវ័ន្តគឺក្នុង ១ ឆ្នាំ ២ ម៉ឺនដុល្លារដែរ ដើម្បីទ្រទ្រង់សកម្មភាពចុះល្បាតព្រៃ។ យើងនឹងនៅតែបន្តការងារនេះបន្ថែមទៀត ដើម្បីឲ្យព្រៃឈើ និងសត្វព្រៃនៅគង់វង្សយូរអង្វែង»។
ករណីស្រដៀងគ្នានេះដែរ មន្ត្រីមគ្គុទេសក៍ទេសចរម្នាក់ និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានប្រទះឃើញសត្វខ្ទីងចំនួន ២ ក្បាល ខណៈដែលភ្ញៀវបរទេសទាំងនោះបានមកទស្សនាដែនជម្រកសត្វព្រៃឆែប ស្ថិតក្នុងខេត្តព្រះវិហារ។
លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានថ្លែងពីម្សិលមិញថា មគ្គុទេសក៍ទេសចរនៃមជ្ឈមណ្ឌល សំ វាសនា (Sam Veasna Center) លោក ស៊ាន ម៉ាឌី ដែលជាអ្នកដឹកនាំភ្ញៀវទេសចរបរទេសមួយក្រុមទៅទស្សនាដែនជម្រកសត្វព្រៃឆែបស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារស្រាប់តែបានប្រទះឃើញសត្វខ្ទីងចំនួន ២ ក្បាលដែលកំពុងរកចំណីក្បែរផ្លូវចូលក្នុងតំបន់ដែនជម្រកសត្វព្រៃឆែប។
លោក កែន សិរីរដ្ឋា បន្តថា សត្វខ្ទីងជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយដែនជម្រកសត្វព្រៃឆែបគឺជាទីជម្រកដ៏សំខាន់របស់ពួកវា។ បន្ទាប់ពីប្រទះឃើញសត្វខ្ទីងទាំង ២ ក្បាលនេះ មន្ត្រីជំនាញអង្គការ WCS និងមន្ត្រីបរិស្ថានបានសហការគ្នា រកវិធានការភ្លាមៗ ដើម្បីតាមដានសកម្មភាពរស់នៅ និងការបំផ្លាស់ទីរបស់សត្វខ្ទីងនេះក្នុងការងាយស្រួលការពារសត្វនេះ។
លោកបញ្ជាក់ថា៖ «សត្វខ្ទីងនេះកន្លងមក យើងមិនដែលប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែបនេះទេ។ (បន្ទាប់ពីមន្ត្រីមគ្គុទេសក៍ទេសចរបានប្រទះឃើញវា) យើងក៏បានចាត់មន្ត្រីជំនាញឲ្យឃ្លាំមើលជាប្រចាំដែរ ពីព្រោះយើងមានការព្រួយបារម្ភពីការយាយីរបស់ជនល្មើស»៕