ក្រចេះ៖ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​សត្វព្រៃ​នៃ​មន្ទីរ និង​ក្រសួង​បរិស្ថាន បាន​សម្ដែង​ភាព​រីករាយ​ជាមួយ​វត្តមាន​នៃ​សត្វ​រមាំង (Rucervus eldii) ដែល​ត្រូវ​បាន​បង្ហាញ​វត្តមាន​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​ត្រូវ​បាន​ដាក់​បង្កប់​ពង្រាយ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ម្សិលមិញ។

លោក ដួង ឆាយសាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃ​នេះ​ថា ហ្វូង​សត្វ​រមាំង ៧ ក្បាល ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​បាន​ដាក់​បង្កប់​ពង្រាយ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​សំបូរ។

លោក​ថ្លែង​ថា៖ «យើង​រំភើប​រីករាយ​ណាស់ នៅ​ពេល​ទទួល​បាន​រូបភាព​នៃ​ហ្វូង​សត្វ​រមាំង​ទាំង​នោះ​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ ដែល​ក្រុម​ការងារ​យើង​បាន​ធ្វើ​ការ​រួម​គ្នា ជាមួយ​អ្នក​ជំនាញ​ការ​សត្វ​ព្រៃ​នៃ​ក្រសួង​បរិស្ថាន និង WWF។ រូបភាព​ទាំង​នោះ បង្ហាញ​ថា សត្វព្រៃ​ប្រភេទ​នេះ កំពុង​មាន​លទ្ធភាព​បន្ត​ពូជ​នៅ​ក្នុង​តំបន់​ការពារ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ»។

បើ​តាម​លោក​ ឆាយសាវុធ ការ​សិក្សា​ស្រាវជ្រាវ​តាម​ដាន​សត្វ​ព្រៃ​ដោយ​ប្រើ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ក្នុង​តំបន់​ដែន​ជម្រក​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​អ្នក​ជំនាញ​ស្រាវជ្រាវ​ក្នុង​អំឡុង​ត្រីមាស​ទី១ ឆ្នាំ ២០២១ នេះ និង​ដោយ​មាន​ការ​ចូលរួម​ផង​ដែរ ពី​ប្រជាជន​មូលដ្ឋាន​នៃ​ក្រុម​ល្បាត​សហគមន៍​ដែល​រស់នៅ​ក្បែរ​តំបន់​នៃ​ដែន​ជម្រក។

លោក​បាន​បន្ថែម​ថា ក្រុម​ការងារ​បាន​ពង្រាយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅ​តាម​ទីតាំង​សំខាន់ៗ​ចំនួន ១១ កន្លែង ដែល​ជា​ទីជម្រក​របស់​សត្វ​រមាំង​នៅ​ក្នុង​ដែន​ជម្រក ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ៥០ ០៩៣ ហិកតា ហើយ​មាន​ភូមិសាស្រ្ត​ស្ថិត​នៅ​តាម​បណ្តាយ​ដង​ទន្លេ​មេគង្គ។

កំណត់ត្រា​នៃ​សត្វ​រមាំង​នាពេល​នេះ​បាន​ផ្តល់​ជា​ព័ត៌មាន​ និង​ចំណេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​សំខាន់​បន្ថែម​ទៀត​ដល់​កំណត់ត្រា​ដំបូង​បង្អស់​នៃ​សត្វ​នេះ​នៅ​ក្នុង​ដែន​ជម្រក​កាល​ពី​ឆ្នាំ ២០២០ ដើម្បី​រួម​ចំណែក​គាំទ្រ​ដល់​ការ​រស់រាន​មាន​ជីវិត​តទៅ​អនាគត​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ សម្រាប់​សត្វ​ប្រភេទ​រងគ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​មួយ​នេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា នេះ​គឺ​ជា​ដំណឹង​ដ៏​ល្អ​​សម្រាប់​កម្ពុជា​ដែល​ប្រភេទ​សត្វ​រមាំង​នៅ​មាន​វត្តមាន​តាម​តំបន់​ការពារ​ធម្មជាតិ​នានា។ វត្តមាន​សត្វ​ព្រៃ​ជា​ច្រើន​ក្នុង​នោះ រួមទាំង​ប្រភេទ​សត្វ​កម្រ​នៅ​លើ​ពិភព​លោក​ត្រូវ​បាន​រក​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សត្វ​រមាំង​ដែលប្រទះឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​ខេត្ត​ក្រចេះ តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ។ រូបថត WWF Cambodia

លោក​បាន​គូស​បញ្ជាក់​ថា៖ «ដោយសារ​តែ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ យើង​មាន​ពេលវេលា​គ្រប់គ្រាន់​រួម​នឹង​ធនធាន​ដែល​មាន​ក្នុង​ការ​គិតគូរ​ពី​ផែនការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ»។

បើ​តាម​លោក ភក្ត្រា ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ ប្រភេទ​សត្វ​មួយ​ចំនួន​រួម​នឹង​ប្រភេទ​សត្វ​កម្រ​ត្រូវ​បាន​ការពារ និង​អភិរក្ស ប្រភេទ​សត្វ​ខ្លះ​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ប្រភេទ​សត្វ​ខ្លះ​នៅ​មាន​ចំនួន​ថេរ និង​ប្រភេទ​សត្វ​មួយ​ចំនួន​ទៀត នៅ​តែ​បន្ត​រង​ការ​គំរាម​កំហែង។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ជា​រួម យើង​មាន​មោទនភាព​ដែល​បាន​ចូលរួម​ក្នុង​ការ​អភិរក្ស​ថែរក្សា​សត្វព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ បញ្ហា​ចម្បង​ដែល​ជា​កត្តា​គំរាមកំហែង​លើ​សត្វ​ព្រៃ គឺ​អន្ទាក់​ការ​បរ​បាញ់​ដោយ​កាំភ្លើង​កែច្នៃ»។

យោង​តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ​អន្ទាក់​ជិត ៥ ម៉ឺន ត្រូវ​បាន​ដោះ​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ ហើយ​សម្រាប់​រយៈពេល ៣ ខែ ​ដើម​ឆ្នាំ ២០២១ អន្ទាក់​ជាង ១១ ០០០ ត្រូវ​បាន​ដោះ​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ។

ទន្ទឹម​នឹង​នេះ លោក​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វព្រៃ ការ​ប្រើប្រាស់​ផលិតផល​ពី​សត្វ​ព្រៃ ការ​ជួញដូរ​សត្វព្រៃ ដែល​សុទ្ធ​សឹង​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ឱ្យ​នៅ​ស្ថិតស្ថេរ​សម្រាប់​អនាគត ៕