
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បញ្ចុកអាហារទារក។ រូបថត CRC
ភ្នំពេញៈ ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានជំរុញ និងលើកទឹកចិត្តទៅដល់គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវទទួលបានការពិនិត្យថែទាំ ចាប់ពីពេលពពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនរួច ដែលជាយុទ្ធសាស្ត្រសំខាន់មួយរបស់រាជរដ្ឋាភិបាលលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសកលនៅកម្ពុជា។
លោកស្រី ប៊ុន រ៉ានី បានលើកឡើងបែបនេះក្នុងសារលិខិតរបស់លោកស្រីផ្ញើជូនជនរួមជាតិទាំងអស់អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១។
យោងតាមសារដដែលនេះលោកស្រីបានឱ្យដឹងថា ថ្វីដ្បិតតែឆ្នាំ ២០២០ កន្លងទៅ និងរហូតមកទល់ពេលនេះប្រទេសកម្ពុជាមានការរំខានញាំញីពីមេរោគកូវីដ១៩មែនពិត ក៏ប្រជាជនទាំងអស់រស់នៅជាធម្មតាតាមបែបគន្លងថ្មីដោយសារតែប្រទេសជាតិមានសន្តិភាព និងស្ថិរភាពនយោបាយ។
លោកស្រី ប៊ុន រ៉ានី ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារបានមានប្រសាសន៍ថា៖ «ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំនៃគ្រួសារដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាពជាយុទ្ធសាស្ត្រសំខាន់មួយរបស់កម្ពុជាក្នុងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សេវាសុខាភិបាលជាសកលនៅកម្ពុជា»។
លោកស្រីបន្ថែមថា៖ «ដូចនេះ យើងទាំងអស់គ្នាត្រូវតែរួមចំណែកជួយរាជរដ្ឋាភិបាលបន្ថែមទៀត ឆ្ពោះទៅអនាគតដ៏រុងរឿងនាពេលខាងមុខ»។
យោងតាមរបាយការណ៍ជាតិនៃលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៩ បានបង្ហាញពីអត្រាមរណភាពទារក និងកុមារនៅកម្ពុជា បើប្រៀបធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅក្នុងតំបន់ អត្រាមរណភាពរបស់ទារក គឺមិនមានអត្រាខ្ពស់ប៉ុន្មានឡើយ ប៉ុន្តែមានលក្ខណៈល្អប្រសើរឡើងច្រើន បើធៀបនឹងឆ្នាំកន្លងទៅ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៩ បានថ្លែងកាលពីខែមុនថា ក្រោមគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ពិភពលោកបានចាប់ផ្តើមនូវរបៀបវារៈថ្មីមួយសម្រាប់អភិវឌ្ឍន៍ដើម្បីសម្រេចគោលដៅឆ្នាំ ២០៣០។
គោលដៅថ្មីនេះបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងគោលបំណងកាត់បន្ថយអត្រាមរណភាពទារកឱ្យបានយ៉ាងហោចណាស់ទាបជាង ១២ នាក់ក្នុង ១ ០០០ កំណើតរស់ និងអត្រាមរណភាពកុមារអាយុក្រោម ៥ ឆ្នាំឱ្យបានយ៉ាងហោចណាស់ទាបជាង ២៥ នាក់ក្នុង ១ ០០០ កំណើតរស់។
លោក ស ខេង បានបន្តថា តាមលទ្ធផលជំរឿន អត្រាមរណភាពទារក និងកុមារ នៅកម្ពុជាបានធ្លាក់ចុះគួរកត់សម្គាល់ គឺពី ២៦ នាក់មក ១៨ នាក់ (ទារក) និងកុមារពី ៤៤ នាក់ មក ២៨ នាក់ (ក្រោមអាយុ ៥ ឆ្នាំ) សម្រាប់ឆ្នាំ ២០០៨ និងឆ្នាំ ២០១៩។
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា៖ «នេះបញ្ជាក់ពីកត្តាជាច្រើនដែលបានបកស្រាយអំពីភាពផ្សេងគ្នានៃការទទួលបានការសិក្សាអប់រំរបស់មាតាបិតា ការទទួលបានសេវាសុខាភិបាលសាធារណៈ ការអនុវត្តអនាម័យត្រូវបានកែលម្អនៅកម្ពុជា»។
ជាមួយគ្នានេះ លោកស្រី ប៊ុន រ៉ានី បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការថែទាំសុខភាពម្តាយ និងកូនដោយស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន ៤ ដងតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ។
លោកស្រី ប៊ុន រ៉ានី បានថ្លែងថា ស្ត្រីទាំងអស់ត្រូវពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជំងឺ ១១ មុខតាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ ឆ្នាំ។
លោកស្រី ប៊ុន រ៉ានី បានលើកឡើងថា៖ «ខ្ញុំសូមអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់»។ លោកស្រីក៏បានអំពាវនាវទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតា ទារក និងកុមារនៅកម្ពុជាផងដែរ៕