
ប្រធានកាកបាទក្រហមកម្ពុជាលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទៅសួរសុខទុក្ខស្រ្តីដែលបានសម្រាលកូនរួច នៅខណ:ពេលមិនទាន់ផ្ទុះកូវីដ។ រូបភាព cpp website
ភ្នំពេញៈ ប្រធានកាកបាទក្រហមកម្ពុជាលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ឱ្យប្រុងប្រយ័ត្នកុំឱ្យមានការឆ្លងមេរោគកូវីដ១៩ ឱ្យសោះក្នុងកាលៈទេសៈនេះ និងត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលពិភពលោកប្រារព្ធទិវាឆ្មបអន្តរជាតិ និងទិវាឆ្មបជាតិរួមគ្នានៅកម្ពុជា ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ក្រោមប្រធានបទ “ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប»។
នៅក្នុងសេចក្ដីអំពាវនាវដែលចុះហត្ថលេខាដោយប្រធានកាកបាទក្រហមកម្ពុជាលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ចុះថ្ងៃទី ២៧ មេសាបានឱ្យដឹងថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមជំងឺរាតត្បាតកូវីដ១៩ ដូចបណ្តាប្រទេសដទៃ គឺស្ថានភាពក្មួយៗពេលកំពុងមានផ្ទៃពោះ មានភាពងាយស្រួលក្នុងការឆ្លងមេរោគណាស់ ហេតុនេះត្រូវប្រុងប្រយ័ត្នឱ្យមែនទែន។
លោកស្រីបានបញ្ជាក់ថា៖ «ត្រូវទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានការលូតលាស់របស់អ្នក និងកូនក្នុងផ្ទៃ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងត្រូវតាមដានពិនិត្យសុខភាព ទាំងមាតាទាំងទារកក្រោយសម្រាលរួច ដោយបំបៅដោះទារក និងចិញ្ចឹមកូនតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
លោកស្រីបានបន្ថែមថា៖ «ក្នុងករណីក្មួយៗរស់នៅក្នុងតំបន់មានការបិទខ្ទប់ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ សូមទាក់ទងទៅឆ្មបជំនាញដែលបានពិនិត្យផ្ទៃពោះលើកមុន ដើម្បីពិគ្រោះយោបល់អំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន និងទារកក្នុងផ្ទៃ ស្ថានភាពឈឺពោះសម្រាលកូន ឬការណែនាំអំពីការថែទាំក្រោយសម្រាល»។
បន្ថែមពីនេះ លោកស្រី ក្រើនរំឭកដល់ស្រី្តកំពុងមានផ្ទៃពោះត្រូវទាក់ទងជាបន្ទាន់ទៅមន្ទីរពេទ្យ/គ្រូពេទ្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ/ឆ្មបជំនាញ ប្រសិនជាមានអាការក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម និងចៀសវាងដាច់ខាតទៅទីកន្លែងដែលមានមនុស្សច្រើន និងកន្លែងបិទជិតគ្មានខ្យល់ចេញចូលជាដើម។
លោកស្រី ប៊ុន រ៉ានី សង្ឃឹមថា ការវិនិយោគលើការងារឆ្មបនៅកម្ពុជានឹងនៅតែបន្តធ្វើដើម្បីកម្ពុជារឹងមាំនាពេលអនាគត ហើយលោកស្រីបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍឱ្យមានការគាំទ្រវិនិយោគជាបន្តលើការបង្កើនសមត្ថភាព ផ្នែកការងារឆ្មបកម្រិតសកល។
ទិវាឆ្មបជាតិ-អន្តរជាតិរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលដែលសម្រេចបានក្នុងពេលកន្លងមក ព្រមទាំងលើកកម្ពស់ការយល់ដឹងក្នុងចំណោមឆ្មបជំនាញទាំងអស់ ទូទាំងសកលលោកអំពីបញ្ហាប្រឈមចំពោះមុខនាពេលបច្ចុប្បន្ន និងការងារឆ្មបដែលត្រូវបំពេញ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ប្រធានបទសម្រាប់ទិវាឆ្មបអន្តរជាតិឆ្នាំនេះ “ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប Follow the Data: Invest in Midwives” ត្រូវបានជ្រើសយកតាមការសិក្សាថ្មីមួយដែលធ្វើឡើងរួមគ្នារវាងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) សមាគមឆ្មបអន្តរជាតិ (ICM) និងអង្គការសុខភាព ពិភពលោក (WHO) នៅក្នុងប្រទេសដែលមានអត្រាមរណភាពមាតា និងទារកដែលទើបនឹងកើតច្រើនជាងគេចំនួន ៨៨ ប្រទេស។
តាមរបាយការណ៍ដែលបានលើកឡើងក្នុងសេចក្តីអំពាវនាវនេះឱ្យដឹងថា ប្រសិនបើប្រទេសទាំងអស់អាចសម្រេចបានអត្រាគ្របដណ្ដប់ជាសកលលើការផ្តល់អន្តរាគមន៍ចាំបាច់ និងសេវាថែទាំពេញលេញដោយឆ្មបជំនាញជូនស្ត្រី និងទារកទើបកើត នោះនៅឆ្នាំ ២០៣៥ ពិភពលោកនឹងអាចកាត់បន្ថយការស្លាប់របស់មាតាបាន ៦៧% កាត់បន្ថយការស្លាប់របស់ទារកបាន ៦៤% និងកាត់បន្ថយ ការស្លាប់កូនក្នុងផ្ទៃបាន ៦៥%។ ប៉ុន្តែប្រសិនបើគ្មានការយកចិត្តទុកដាក់ទេ ការសម្រេចជាសកលនេះបានត្រឹមតែ ២% ប៉ុណ្ណោះក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយអាចធ្វើឱ្យមាតា និងទារកស្លាប់ប្រមាណជា ៥៥២ ០០០ នាក់ បន្ថែមលើចំនួនអ្នកស្លាប់នាពេលបច្ចុប្បន្ន។
ការសិក្សាក៏បានបង្ហាញច្បាស់ថា ឆ្មបជំនាញដែលទទួលបានការបណ្ដុះបណ្ដាលពេញលេញ គោរពខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តត្រឹមត្រូវតាមស្តង់ដាកម្រិតសកលគឺជាជនគន្លឹះដែលជាអ្នករួមចំណែកសំខាន់ក្នុងការសង្គ្រោះជីវិតស្ត្រី និងទារក៕