
លោកស្រី ប៊ុន រ៉ានី នាពេលកន្លងមក។ រូបថត កាកបាទក្រហមកម្ពុជា
ភ្នំពេញៈ ក្នុងស្ថានភាពជំងឺកូវីដ ១៩ កំពុងរាតត្បាតនេះ ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ និងលើកទឹកចិត្តប្រជាពលរដ្ឋនៅលើសកលលោកចូលរួមដោយស្ម័គ្រចិត្តរួមកម្លាំងសាមគ្គីភាព ចែករំលែកក្តីស្រលាញ់ និងស្នាមញញឹមក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្នា។
លោកស្រី ប៊ុន រ៉ានី បានធ្វើការអំពាវនាវនេះនៅក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ ២០២០ ក្រោមប្រធានបទ «ស្ម័គ្រចិត្តរួមគ្នា យើងអាចធ្វើបាន» ដែលកាកបាទក្រហមកម្ពុជាជាសមាជិកទី ៨៥ របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមមានការគាំទ្រយ៉ាងមោះមុតចំពោះប្រធានបទនៅឆ្នាំនេះ។
តាមរយៈសារលិខិតកាលពីថ្ងៃទី ៥ ធ្នូ លោកស្រីថ្លែងថា៖ «ក្នុងបរិបទកូវីដ ១៩ អ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដែលជាអ្នកមានបទពិសោធជ្រៅជ្រះក្នុងការងារគ្រោះមហន្តរាយ គឺពុំបាននឿយណាយឡើយក្នុងការបន្តស្ម័គ្រចិត្តចូលរួមជួយដោយការខិតខំប្រឹងប្រែងជួយដល់សហគមន៍ងាយរងគ្រោះទាំងឡាយ»។
លោកស្រីថា នៅគ្រប់ទីកន្លែង អ្នកស្ម័គ្រចិត្តបាននិងកំពុងបំពេញការងាររបស់ខ្លួនដោយក្តីមេត្តា ករុណា មុទិតា ឧបេក្ខា និងប្រកបដោយក្តីក្លាហានដើម្បីជម្នះបានរាល់ផលប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួនផង ដល់ក្រុមគ្រួសារផង ដល់សហគមន៍ផង។ សម្ទុះនៃការចូលរួមដោយស្ម័គ្រចិត្តនៅក្នុងគ្រប់ស្រទាប់នៃកងកម្លាំងរបស់រដ្ឋបាលថ្នាក់ជាតិថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ សប្បុរជន វិស័យឯកជន មន្ត្រីរាជការ ចលនាយុវជន។ល។
លោកស្រី ប៊ុន រ៉ានី ថ្លែងថា៖ «ជាការពិតណាស់ ដោយសារស្មារតីសាមគ្គីភាព និងឆន្ទៈខ្ពស់ក្នុងការស្ម័គ្រចិត្តរបស់បងប្អូនរួមជាតិនេះហើយ ទើបប្រទេសកម្ពុជាយើងសម្រេចបានជោគជ័យក្នុងគ្រោះមហន្តរាយទឹកជំនន់កន្លងមក និងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នេះ។ ខ្ញុំក៏សូមកោតសរសើរចំពោះវីរគ្រូពេទ្យកម្ពុជា បុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលជាទ័ពជួរមុខដ៏សកម្មមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់សោះឡើយដើម្បីកម្ពុជា»។
លោកស្រីក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់លើកកម្ពស់អនាម័យ អនុវត្តវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាលក្នុងការបង្ការពីការរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) ក្នុងឆ្នាំ ១៩៨៥ ដើម្បីទទួលស្គាល់នូវការចូលរួមចំណែកដ៏មានតម្លៃរបស់អ្នកស្ម័គ្រចិត្តក្នុងការជួយដល់ការអភិវឌ្ឍអន្តរជាតិនៅជុំវិញពិភពលោក។
ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះដែរ លោក Pablo Kang អគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលើកឡើងដែរថាការទទួលស្គាល់តម្លៃរបស់អ្នកស្ម័គ្រចិត្តអន្តរជាតិដែលពោរពេញដោយជំនាញនៅឆ្នាំ ២០២០ នេះ ពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។
លោកថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៤ ធ្នូ ថា៖ «ផលប៉ះពាល់នៃជំងឺកូវីដ ១៩ ទៅលើសហគមន៍នៅកម្ពុជា ពិតជាមានទំហំធំ ហើយទោះបីជាឆ្នាំនេះជាឆ្នាំដែលអ្នកស្ម័គ្រចិត្តអូស្ត្រាលី និងអង្គការដែលពួកគេជួយបានជួបនូវការលំបាកច្រើន ប៉ុន្តែពួកគេនៅតែរកឃើញវិធីដោះស្រាយជានិច្ច»។
ចាប់តាំងពីឆ្នាំ ១៩៨៤ មក អ្នកស្ម័គ្រចិត្តអន្តរជាតិដែលមានជំនាញបានជួយគាំទ្រការអភិវឌ្ឍនៅកម្ពុជាដោយចូលរួមជាមួយអង្គការក្នុងស្រុករាប់រយអង្គការ ជួយពួកគេឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់គេតាមរយៈកម្មវិធីស្ម័គ្រចិត្តអូស្ត្រាលីដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។
បើតាមស្ថានទូតដដែលនេះអ្នកស្ម័គ្រចិត្តអូស្ត្រាលីបានវិលត្រឡប់ទៅកាន់អូស្ត្រាលីវិញកាលពីដើមឆ្នាំ ដោយសារតែមានផលប៉ះពាល់ពីជំងឺកូវីដ ១៩។ ប៉ុន្តែទោះបីជាយ៉ាងណា កម្មវិធីស្ម័គ្រចិត្តអូស្ត្រាលីបានបន្តគាំទ្រអង្គការដៃគូនៅកម្ពុជារហូតពេញ ១ ឆ្នាំ ២០២០ នេះតាមរយៈកម្មវិធីស្ម័គ្រចិត្តពីចម្ងាយថ្មីមួយ៕