ភ្នំពេញៈ លោក ហង្ស ព្រីនយ៉ា ប្រធាន​ក្រុមហ៊ុន «​ឋាន​ព្រះឥន្ទ​» ​បាន​ចេញមុខ​បកស្រាយ និង​ស្នើ​ឲ្យ​អតិថិជន​ទុកពេល​ឲ្យ​លោក ៣ ​ខែ​ទៀត ដើម្បី​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ឡើងវិញ​ទើប​អាចមាន​លទ្ធភាព​ដោះស្រាយ​ការទាមទារ​របស់​អតិថិជន​បាន ប៉ុន្តែ​ជនរងគ្រោះ​មួយចំនួន​មិន​មាន​ជំនឿ​លើ​ការអះអាង​របស់​ម្ចាស់​ក្រុមហ៊ុន​នេះឡើយ​។

ការចេញមុខ​មក​បកស្រាយ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ជនរងគ្រោះ​មួយ​ចំនួន​បាន​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​ទំព័រ​ហ្វេសប៊ុក ហើយ​បាន​បង្ហោះ​ការទាមទារ និង​ទទូច​ឲ្យ​ប្រធាន​ក្រុមហ៊ុន​រូបនេះ​ចេញ​មុខ​ដោះស្រាយ និង​សង​ប្រាក់​ដែល​ពួកគេ​បាន​ដាក់​វិនិយោគ និង​ទិញ​ដីចម្ការ​របស់​ក្រុមហ៊ុន បន្ទាប់ពី​ក្រុមហ៊ុន បាន​បិទទ្វារ​ដោយសារ​អស់ប្រាក់​វិនិយោគ​។

លោក ហង្ស ព្រីនយ៉ា ឬ​មាន​ឈ្មោះ​មួយទៀត​ថា ឈី ចរិយា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​គ្មាន​ចេតនា​ចង់​គេចវេះ​ពី​ការទទួល​ខុសត្រូវ​ក្នុង​ការទូទាត់​សំណង​ដល់​អតិថិជន​របស់​លោក​នោះទេ​។ លោក​បន្ត​ថា ដោយសារ​តែ​មួយរយៈ​កន្លង​មក​នេះ​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​បាន​ព្យាយាម​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​លោក ទើប​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​ដំណើរការ​ធម្មតា​ជួបប្រទះ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ស្រប​ពេល​ដែល​លោក​ទទួលរង​នូវ​ការចោទប្រកាន់ ទាំង​គ្មាន​កំហុស​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​មាន​រឿង​អាស្រូវ​ក្នុង​ឆ្នាំ ២០១៩ ថា​ខ្ញុំ​លក់​ដី​ខ្យល់ ទាំង​ដែល​ខ្ញុំ​មាន​ដី​ពិតប្រាកដ​នោះ​បាន​ធ្វើឲ្យ​អតិថិជន​សម្រុក​ដក​លុយ​ចេញ​ជា​បន្តបន្ទាប់​។ នៅក្នុង​អំឡុង ឆ្នាំ​ ២០១៩ ​ក្រុមហ៊ុន​មាន​លុយ ហើយ​បាន​ព្យាយាម​ដោះស្រាយ និង​សង​ត្រឡប់​ទៅ​អតិថិជន​វិញ​។ ដូច​ដឹង​ស្រាប់​ហើយ បើ​ក្រុមហ៊ុន​មាន​តែ​ការដក​មិន​មាន​ចំណូល​គឺ​ដួល​ហើយ​។ យើង​ក៏​អស់​លុយ​រលីង ត្រឹម​ដំណាច់​ខែ​ ១២ ឆ្នាំ​ ២០១៩ ដោយសារ​តែ​សង​ទៅ​អតិថិជន​»​។

ជាមួយ​នឹង​ការបកស្រាយ​បែបនេះ​លោក ព្រីនយ៉ា ស្នើ​ដល់​អតិថិជន​ឲ្យ​បន្ត​ទុកពេល ៣ ​ខែ គិត​ចាប់ពី​ថ្ងៃទី​ ២០ ខែ​មេសា ដល់​ថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ​ ២០២០ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​លោក ដំណើរការ​ក្រុមហ៊ុន​ឲ្យ​បាន​ល្អ​ឡើងវិញ​។

លោក​ថា ​នៅពេល​ក្រុមហ៊ុន​អាច​ដំណើរការ​ឡើងវិញ នោះ​នឹង​អាច​ផ្តល់ជូន​អតិថិជន​នូវ​អ្វីៗ​គ្រប់​យ៉ាងដូច​ការរំពឹងទុក​។ «​ខ្ញុំ​នឹង​ប្រកាស​បើក​ការិយាល័យ​នៅ​ភ្នំពេញ​វិញ​នៅក្នុង​ខែ​ ៦ ​ខាងមុខ​ឲ្យ​ពួកគាត់ ទុក​ពេលវេលា​ឲ្យ​ពួក​ខ្ញុំ​ដើម្បី​ធ្វើការ​យើង​មាន​សមាជិក​ល្អៗ​បន្ត​ការងារ​របស់​យើង​ដូច​នៅ​ខេត្តកំពត​។ យើង​មាន​អតិថិជន​ល្អ បន្ត​ការជឿ​គាំទ្រ ហើយ​កំពុង​បន្ត​ដើរ​ទៅ​មុខ​។ សូម​ឲ្យ​ដៃគូ​វិនិយោគ​ទាំងអស់​ងាក​មក​ធ្វើការ​រួមគ្នា ដើម្បី​ប្រយោជន៍​អតិថិជន និង​កេរ្តិ៍ឈ្មោះ​របស់​ស្ថាប័ន​ទាំងអស់​គ្នា​»​។

ប៉ុន្តែ​លោក ង៉ោ លីស៊ាង ជា​ជនរងគ្រោះ​ម្នាក់​ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប​កាលពី​អំឡុង​ខែ​មីនា ថ្លែង​ពី​ម្សិលមិញ​ថា​លោក​នៅតែ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​ពី​ប្រព័ន្ធយុត្តិធម៌​ដោយ​លោក​មិនមាន​ជំនឿ​លើ​ការអះអាង​របស់​ប្រធាន​ក្រុមហ៊ុន​ឡើយ ព្រោះ​កន្លង​មក​ប្រធាន​ក្រុមហ៊ុន​នេះ តែងតែ​សុំ​ឲ្យ​ទុកពេល​រហូត​។

លោក​បន្តថា​៖ «​គាត់​ស្នើ​នេះ​ច្រើន​ដង​មកហើយ ដែល​ពួកយើង​ព្យាយាម​អត់ធ្មត់ ១ ​ឆ្នាំ​ជាង​ទាក់ទង​នឹង​ការធ្វើ​ប្លង់​ទាក់ទង​ការទាមទារ​សំណង​អីហ្នឹង​។ ក្នុងករណី​នេះ​មិនមែន​តែ​អ្នកទិញ​ដីចម្ការ​គឺ​មាន​ទាំង​អ្នក​វិនិយោគ​ទៀត​។ គាត់​និយាយ​សុំ​ពេល​ ៣ ​ខែ​ដល់ពេល​គាត់​លើក​ ៣ ខែ​ទៀត​ដោយ​មាន​ហេតុផល​ច្រើន​។ ការទាមទារ​នេះ​បើ​គាត់​ធ្វើ​ដូច​អ្វី​ដែល​គាត់​សន្យា​នេះ ក៏​យើង​មិន​តវ៉ា​ដល់ពេល​នេះដែរ​»​។

ជនរងគ្រោះ​ម្នាក់ទៀត​ដែល​បញ្ជាក់​ត្រឹម​ឈ្មោះ​ រិទ្ធី ដែល​បាន​ចំណាយលុយ​ជាង ៤ ​ម៉ឺន​ដុល្លារ ទិញ​ដីចម្ការ​ក្នុង​ខេត្ត​សៀមរាប​ដូច​លោក​ ង៉ោ លីស៊ាង ​ដែរ​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កន្លងមក​លោក​ធ្លាប់​ជឿ​ទុកចិត្ត និង​បាន​ទុកពេល​ឲ្យ​ប្រធាន​ក្រុមហ៊ុន​នេះ​ជាច្រើន​លើក​ច្រើនសា​ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​។

លោក​ រិទ្ធី បន្តថា​៖ «​ខ្ញុំ​បាន​ទៅ​ស៊ើប​នៅ​ស្រុក​ស្រីស្នំ​ជាមួយ​អាជ្ញាធរ​ហើយ​គេ​ថា គាត់​គ្មាន​ដី​នៅទីនេះ​ទេ គ្រាន់តែ​គេ​បាន​បញ្ជាក់​ថា គាត់​ពិតជា​បាន​កក់ប្រាក់ និង​ទិញ​ដី​នៅ​តំបន់​នេះ​ពិតមែន​ ប៉ុន្តែ​មិនទាន់​ឲ្យ​លុយ​គេ​អស់​ទេ ហើយ​ម្ចាស់​គេ​ក៏​បាន​យក​ដី​វិញ​។ ខ្ញុំ​ដឹង​បែប​នេះ ខ្ញុំ​លែង​ជឿ​ហើយ ខ្ញុំ​សុំ​តែ​ប្រគល់​ប្រាក់​របស់​ខ្ញុំ ឬ​ប្រគល់​ដី​ដែល​ខ្ញុំ​បាន​ទិញ​មកវិញ​ទេ​»​។

ក្រៅពី​អះអាង​ដូច្នេះ​លោក រិទ្ធី បាន​បញ្ជាក់ដែរថា ក្នុង​អំឡុងពេល​នេះ​ជនរងគ្រោះ​មួយចំនួន​កំពុង​ប្រមូល​ឯកសារ​ដើម្បី​រួមគ្នា​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ដែនដី ហើយ​បើ​នៅ​តែ​មិនមាន​ដំណោះស្រាយ​ទៀត​នឹង​បន្ត​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​បន្ថែមទៀត​។

ក្រុមហ៊ុន​ ឋានព្រះឥន្ទ ដែល​មាន​ឈ្មោះ ហង្ស​ម្ចាស់​ដី ឌីវេឡុបមិន ចាប់​បើក​ដំណើរការ​កាលពី​ឆ្នាំ ២០១៨ ដោយ​មាន​សាខា​ច្រើន​កន្លែង​ដែល​មាន​ដីចម្ការ​ដាំ​ដំណាំ​ផ្សេងៗ​ក្នុង​ខេត្ត​មួយចំនួន​ដែលមាន​ខេត្ត​សៀមរាប ខេត្តមណ្ឌលគិរី ខេត្ត​ពោធិ៍សាត់ និង​ខេត្តកំពត​ជាដើម​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ខែឧសភា ២០១៩ ទើប​បណ្តាល​ឲ្យ​អតិថិជន​បន្ត​ទាមទារ និង​ដាក់​ពាក្យបណ្តឹង​នៅ​តុលាការ​ដល់​បច្ចុប្បន្ន​៕