ភ្នំពេញៈ ​ប្រ​ធាន​គណ​បក្ស​ ២​ ដែល​មាន​សមាស​ភាព​នៅ​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​បាន​កំពុង​ចោទ​ប្រ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​លក់​ដី​ទំ​ហំ​ប្រមាណ ​២០ ​ហិកតា​ ចំនួន​ ៣ កន្លែង​ ស្ថិត​នៅ​ឃុំ​និមិត្ត​ ឃុំ​ប៉ោយ​ប៉ែត ​និង​ឃុំ​អូរ​បី​ជាន់​ ​ស្រុកអូរជ្រៅ​ ខេត្ត​​បន្ទាយ​មាន​ជ័យ​ ​ដោយ​គណ​បក្ស​ម្ខាង​ចោទ​ថា​​ មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​នៅ​ក្នុង​ការ​លក់​ដូរ​។​

ភា​គី​ដែល​ចោទ​ប្រ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​វិវាទ​ដី​ធ្លី​នោះ​គឺ​លោក ​ញឹក​ ​ប៊ុន​ឆៃ​ ​ប្រធាន​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​ និង​លោក សុខ​សុវ​ណ្ណ ​វ​ឌ្ឍ​នា​សា​ប៊ុង​ ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក។​​​

​​លោក​ ​ញឹក​ ​ប៊ុន​ឆៃ ​មាន​សមាស​ភាព​​ជា​សមា​ជិក​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោ​បល់​បា​ន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​​​ក្រោយ​ពី​លោក​ ​ហ៊ីង​ ​ថូ​រ៉ា​ក់​ស៊ី ​រដ្ឋ​លេខា​ធិ​ការ​ប្រចាំ​ការ​នៃ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី​ ២៥ មិថុ​នា​​ ​ប្រ​គល់​ភារ​កិច្ច​ឲ្យ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​ជា ​សុផា​រ៉ា ​រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ ​ន​គ​រូប​នី​យក​ម្ម ​និង​សំណង់​ និង​​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រា​យ​ទំ​នាស់​ដីធ្លី​ធ្វើ​ការ​ ​ពិនិត្យ​ដោះ​ស្រាយ​ករណី​ប្រជា​ពល​រដ្ឋ​ប្ដឹង​លោក​ ​ញឹក​ ប៊ុន​ឆៃ​ តាម​​រយៈ​លោក​ ​សុខ​សុវណ្ណ​ ​វឌ្ឍនា​សា​ប៊ុង​ ​ពាក់​ព័ន្ធ​ភាព​មិន​ប្រ​ក្រ​តី​នៃ​ការ​លក់​ដី​ ​៣​ កន្លែង ​របស់​ក្រុម​ហ៊ុន​ ASK & KH Group​ ដែល​ម្ចាស់​ក្រុមហ៊ុន​នេះ​ឈ្មោះ​លោក​ ​លី​ ​សាយ​ឃាង។​

​លោក​ ​ហ៊ីង​ ​ថូ​រ៉ា​ក់​ស៊ី ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​របស់​លោក​ថា​៖​ «ពាក់​ព័ន្ធ​ភាព​មិន​ប្រ​ក្រតី​នៃ​ការ​លក់​ដី​ ៣ កន្លែង​ ​នៅ​ឃុំ​និមិត្ត ឃុំ​ប៉ោយ​ប៉ែត​ ​និង​ឃុំអូរ​​បី​ជាន់​ ​ស្រុក​អូរ​ជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​បាន​លើក​ឡើង របស់ប្រធាន​ គណ​បក្ស​ខ្មែរ​ក្រោក រាជ​រដ្ឋា​ភិ​បាល​ឯក​ភាព​ប្រគ​ល់​ជូន​​អាជ្ញា​ធរ​ជាតិដោះ​ស្រាយ​ ​ទំនាស់​ដីធ្លី​ដោះស្រាយ»។​

​លោក​ ​ញឹក​ ​ប៊ុន​ឆៃ ​បាន​អះ​អាង​នៅ​ក្នុង​សន្និ​សីទ​កា​សែត​មួយ​កាល​ពី​ថ្ងៃ​ទី​ ៣​ ​ខែ​ កក្កដា​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់រ​ប​ស់​លោក​ ​សុខ​សុវ​ណ្ណ ​វ​ឌ្ឍ​នា​សា​ប៊ុង​ ​ដែល​បាន​ចោទ​ប្រកាន់​មក​លើ​រូប​លោក​​ថា​ លក់​ដី​ចំនួន ៣ ក​​ន្លែង​ស្ថិត​នៅ​ឃុំ​និមិត្ត​ ឃុំ​ប៉ោយ​ប៉ែត​ ​និង​ឃុំ​អូរ​បី​ជាន់​ ​ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ភាព​មិន​ប្រក្រតី​ដោយ​ចាត់​ទុក​ថា​ជា​រឿង​ប្រឌិត។​

លោ​ក​​​ ប៊ុន​ឆៃ ​បាន​អះ​អាង​នៅ​ក្នុង​លិខិត​បំ​ភ្លឺ​របស់​លោក​ថា៖​ «​លោក​ ​លី​ សាយ​ឃាង​ បាន​តែង​តាំង​លោក​ តាំង​ សុខ​ឃី​ ជា​តំ​ណាង​ក្រុម​ហ៊ុន​ថ្មី​ដែ​ល​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក ​សុខ​សុវ​ណ្ណ ​វ​ឌ្ឍ​នា​សា​ប៊ុង​ (ហៅវី​លៀម​)​ ប្រធាន​គណ​បក្ស​ខ្មែរ​ក្រោក​ផង​ ​ដើម្បី​លក់​ដី​នេះ​ចែក​ផល​ប្រ​យោជន៍​គ្នា​ ​ដែល​ធ្វើ​ឱ្យ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ ដែល​ត្រូវ​បាន​បញ្ចប់​ទៅ​ហើ​យ​ ត្រឡប់​មក​មាន​បញ្ហា​ដដែល​ ​ធ្វើ​ឲ្យ​មាន​បញ្ហា​អស​ន្តិ​សុខ​សង្គម​ ​មិន​អាច​ធ្វើ​ការ​អភិ​វឌ្ឍ​នៅ​តំបន់​នេះ​បាន»។​

លោក​ញឹក​ ​ប៊ុន​ឆៃ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ ​តាំង​ ​សុខ​ឃី ​ដែល​ជាឈ្មួញ​មក​រក​ទិញ​ដី​ បាន​សហ​ការ​ជា​មួយ​លោក​ លី សាយ​ឃាង​ ​ទាត់​ចោល​ឈប់​ទទួល​ស្គាល់​កិច្ច​សន្យា​ប្រគល់​សិទ្ធិ​លក់​ទិញ​អចល​ន​វត្ថុ​ ​(​ដី)​ ​ចុះ​ថ្ងៃ​ទី​ ៦ ខែ​សីហា ​ឆ្នាំ​ ២​០១៨ មិន​ទទួល​ស្គាល់​លោក​ម៉ន​ ​ម៉ា​រ៉ា​ឌី​ ​លោក ​សូ ​មឿត​ ​ដែល​ជា​តំណាង​ក្រុម​ហ៊ុន​ ​និង​លោក​ ញឹក​ ប៊ុន​ឆៃ ​ជា​ប្រធាន​គណៈ​កម្មការ​ដោះ​ស្រាយ​ទំនាស់​ ​និង​លក់​ដី​ក្រុមហ៊ុន​ ​មិន​ទទួ​ល​ស្គាល់​កិច្ច​សន្យា​ទិញ​លក់​ដី​រវាង​លោក​ លី​ សាយ​ឃាង​ និង​ឈ្មួញ​អ្នក​ទិញ​ ​ថែម​ទាំង​មិន​ទទួល​ស្គាល់​ប្រាក់​កក់​ថ្លៃ​ដី​ដែល​បាន​ទទួល​រួច​ហើយ​កន្លង​មក។

​លោក​ ប៊ុន​ឆៃ​ ថ្លែង​​ថា​៖​ ​«​យើង​ខ្ញុំ​មាន​ឯក​សារ​គ្រប់​គ្រាន់​ ​ហើយ​សង្ឃឹម​ថា ​យើង​ខ្ញុំ​នឹង​ ​ទទួល​បាន​យុត្តិ​ធម៌​ ​នៅ​ពេល​ អាជ្ញា​ធរ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ ​នៅ​ពេល​ដែល​មាន​ការ​កោះ​ប្រជុំ​នៅ​ពេល​ឆាប់ៗ​នេះ»។​

​លោក​ ប៊ុន​ឆៃ​ អះ​អាង​បន្ត​ថា​៖​ «​លោក​ លី​ សាយ​ឃាង​ បាន​លក់​ដី​កំ​ពុង​មាន​រឿង​ឲ្យ​មក​រូប​ខ្ញុំ​ ​(​ញឹក​ ប៊ុន​ឆៃ)​ តាម​កិច្ច​សន្យា​ប្រគល់​សិទ្ធិ​លក់​ ​ទិញ​អចល​ន​វត្ថុ ​(​ដី)​ ចុះ​ថ្ងៃ​ទី​ ៦ ​ខែ​ សី​ហា ​ឆ្នាំ​ ២០១៨។ ​ដោយ​មាន​ការ​សហការ​ល្អ​ពី​អាជ្ញា​ធរ​និង​សមត្ថ​កិច្ច​ព្រម​ទាំង​ប្រជាជន​ផង ​ទំនាស់​ដី​ធ្លី​ដ៏​ស្មុគស្មា​ញ​អស់​រយៈ​ពេល​ ១៤ ​ឆ្នាំ​ មក​ហើយ​ត្រូវ​បាន​បញ្ចប់​ តាម​កិច្ច​ព្រមព្រាង​ស្ដី​ពី​ការ​បញ្ចប់​ជម្លោះដី​ធ្លី​ចុះ​ថ្ងៃ​ទី ​១៥​ ​ខែ ​ធ្នូ​ ឆ្នាំ ២០១៨»។​

ទោះ​​យ៉ាង​ណា​ក៏ដោយ​លោក​ ​សុខ​សុ​វណ្ណ ​វ​ឌ្ឈ​នា​សា​ប៊ុង​ ក៏បាន​ច្រាន​​ចោល​ការ​ចោទ​ប្រកាន់​រប​ស់​លោក​ ញឹក​ ប៊ុនឆៃ​ថា​ ជា​ចេតនា​ទុច្ចរិត។​

​លោក​ សាប៊ុ​ង​ ​ថ្លែង​ថា​៖​ ​«​យើង​មិន​បាន​ធ្វើ​ការ​ដោះ​ស្រាយ​ទេ​ ​យើង​គ្រាន់​តែ​មាន​តួនា​ទី​ ទៅ​ប្រមូល​ តម្រុយ​ និង​ភ័ស្តុតាង​ យក​មក​ជូន​សម្តេច​តេ​ជោ​ យើង​មិន​បាន​ទៅ​ឃុ​ប​ឃិត​​ទេ​ ហើយ​យើង​ក៏មិន​អាច​ទទួល​យក​បាន​ទេ។​ ខ្ញុំ​​នឹង​ធ្វើ​បណ្តឹង​ព្រហ្ម​ទណ្ឌ​ប្រសិន​បើ​លោក​ ​ញឹក​ ​ប៊ុន​ឆៃ ​មិន​ព្រម​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​នោះ​ទេ»។​

លោក​ ​ជា​ ​សុផា​រ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី ​នគ​រូប​នី​យ​កម្ម ​និង​សំណង់​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រា​យ​ទំនាស់​ដីធ្លី​បាន​ថ្លែង​ប្រាប់​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ លោក​មិន​អាច​ផ្តល់​បទ​សម្ភា​សបា​ន​ទេ​ដោយសារ​តែ​លោក​ បាន​និង​កំពុងជាប់​រវល់​នៅ​ក្នុង​កិច្ច​ប្រជុំ។

​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ក៏ពុំ​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​លោក​ ​ញឹក​ ​ប៊ុនឆៃ​ បាន​ដែរ​៕​