ភ្នំពេញៈ លោក​ សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​ប្រចាំ​តំបន់​ទន្លេមេគង្គ និង​កោះកុង​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ​ត្រូវ​បាន​ជ្រើសរើស​ជា​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេមេគង្គ​សម្រាប់​ឆ្នាំ​ ២០២០-២០២១ ក្នុង​កម្មវិធី​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេមេគង្គ ក្រោម​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​គាំទ្រ​ដោយ​អង្គការ USAID​។ ការជ្រើសរើស​នេះ ដោយសារ​លោក​មាន​ស្នាដៃ​ជួយ​ការងារ​តាម​ដង​ទន្លេ​នេះ​។

កម្មវិធី​បុគ្គល​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​មេគង្គ​ត្រូវបាន​បង្កើតឡើង ដោយ​គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ ដើម្បី​ណែនាំ​បុគ្គល​គំរូ​ធ្វើការ​សិក្សា​ការពារ​ ឬ​លើកកម្ពស់ ការយល់ដឹង​ពី​ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ ជម្រក និង​មរតក​វប្បធម៌​នៅ​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​។

លោក​ សោម ស៊ីថា ជា​បុគ្គល​ ១ ​រូប ​ក្នុង​ចំណោម​បុគ្គល​ឆ្នើម​ ៥ ​រូប​ផ្សេងទៀត ដែល​ត្រូវបាន​ជ្រើសរើស​ជា​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេមេគង្គ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ស្នាដៃ និង​បទពិសោធ​ការងារ​របស់​លោក​រយៈពេល​ ១៣ ​ឆ្នាំ​កន្លងទៅ គឺ​លោក​បាន​ជួយ​ដល់​ការងារ​អភិរក្ស​នៅតាម​ដង​ទន្លេមេគង្គ ជួយ​ដល់​សហគមន៍​ប្រជាពលរដ្ឋ​។ ជាពិសេស គឺ​ការអភិរក្ស​កន្ធាយ​ក្បាល​កង្កែប​ដោយ លោក​ និង​ក្រុមការងារ​បាន​រកឃើញ​ឡើងវិញ​នូវ​វត្តមាន​របស់​កន្ធាយ​ក្បាល​កង្កែប និង​បាន​ខិតខំ​ធ្វើការ​អភិរក្ស​រហូត​មាន​ការកើនឡើង​វិញ​ដល់​សព្វថ្ងៃនេះ​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខាង​កម្មវិធី​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ​បានជ្រើសរើស​ខ្ញុំ​ជា​បុគ្គល​ឆ្នើម ដែល​មើលឃើញ​ពី​ស្នាដៃ​ដែល​ខ្ញុំ​ខិតខំ​កសាង ប្រឹងប្រែង និង​រួមចំណែក​អភិរក្ស​ធនធាន​ជលផល ពិសេស​ប្រភេទ​ធនធាន​ជលផល​ដែល​កំពុងតែ​រងគ្រោះ និង​ការជួយ​ដល់​សហគមន៍​មួយផ្នែក​ដែរ​។ ការទទួល​ស្គាល់​នូវ​សមិទ្ធផល​ដែល​យើង​បាន​ធ្វើ​ទាំងអស់​នេះហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត និង​ប្តេជ្ញា​ប្រឹងប្រែង​បន្ត​ទៅមុខទៀត​»​។

បើតាម​លោក​ សោម ស៊ីថា លោក​មាន​ការលះបង់​ខ្ពស់​ក្នុង​ការអភិរក្ស​កន្ធាយ​ក្បាល​កង្កែប អណ្តើក​ហ្លួង និង​ក្រពើ​ត្រី​។

លោក​ថា​៖ «​ខ្ញុំ​ចង់​ផ្តោតលើ​ការងារ​អប់រំ​ក្នុង​សហគមន៍ និង​ការងារ​ទាក់ទង​នឹង​ការជួញដូរ​សត្វព្រៃ ពិសេស​កន្ធាយ​ក្បាល​កង្កែប​នេះ ព្រមទាំង​សត្វព្រៃ​ផ្សេងៗ​ទៀត​»​។

នេះ​ជា​លើក​ទី​ ២ ដែល​កម្មវិធី​បុគ្គល​ឆ្នើម​អភិរក្ស​ទន្លេមេគង្គ រកឃើញ​បុគ្គល​ឆ្នើម​សម្រាប់​ឆ្នាំ​ ២០២០-២០២១​។ ក្រៅពី​លោក​ សោម ស៊ីថា គឺមាន​បុគ្គល​ឆ្នើម​ ៥ ​រូប​ផ្សេងទៀត​គឺ​អ្នកនាង ប៊ុត ចាន់មេត្តា មន្ត្រីជាន់ខ្ពស់​ផ្នែក​លើកកម្ពស់​ចំណេះដឹង និង​ការបញ្ជ្រាប​ព័ត៌មាន​នៃ​អង្គការ WWF កម្ពុជា លោក​ ហោ សំអាត អនុប្រធាន​គណៈកម្មាធិការ​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាល​សួង​ក្នុង​ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អ្នកនាង​ហូយ ស្រីនូវ មន្ត្រីជលផល​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល ក្រសួង​កសិកម្ម​។ លោក​ ឡោ គឹមសាន មន្ត្រី​គំរោង​ស្រាវជ្រាវ​នៃ​អង្គការ WWF កម្ពុជា​។ អ្នកនាង​លុយ រស្មី នាយក​ប្រតិបត្តិ​នៃ​សមាគម​អភិរក្ស​វប្បធម៌​ និង​បរិស្ថាន​៕