ព្រះវិហារៈ ប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក វុន ធឿន ត្រូវ​បាន​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដក​ចេញ​ពី​តំណែង ដោយ​តម្រូវ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​វិញ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក សាយ សំអាល់ ចុះ​ថ្ងៃទី​ ២៥ តុលា ដែល​ភ្នំពេញប៉ុស្ដិ៍​ទើប​ទទួល​បាន​ឲ្យ​ដឹងថា​៖ «​ត្រូវ​ផាកពិន័យ​លោក វុន ធឿន អត្តលេខ​ ១៧១០៥០០០៤៤ ប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ដាក់​វិន័យ​ក្រោមរូបភាព​ផ្លាស់​ដោយ​បង្ខំ ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​វិញ​»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ឱ្យ​ដឹង​ថា ឈ្មោះ​ វុន ធឿន ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ធ្វើការ​អប់រំ និង​ណែនាំ ជាច្រើន​លើក​ច្រើនសា​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​កែ​កំហុស​របស់ខ្លួន​ឡើយ​។ ក្រសួង​បរិស្ថាន​មិន​គាំទ្រ និង​ការពារ​មន្ត្រី​រូប​ណា​ដែល​ប្រព្រឹត្ត​កំហុស​ឡើយ​។

លោក​បញ្ជាក់​ថា​៖ «​ដូច្នេះ​ជា​វិធានការ​រដ្ឋបាល ក្រសួង​ត្រូវ​សម្រេច​ដាក់ពិន័យ​រដ្ឋបាល​ដោយ​ផ្លាស់​ដោយ​បង្ខំ​ឱ្យមក​បំពេញ​ការងារ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។ ក្នុងករណី​មិន​រាងចាល​នឹង​ប្រឈមមុខ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។

ទោះបី​យ៉ាងណា​ទាំង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ សាយ សំអាស់​ និង​លោក នេត្រ ភក្ត្រា មិន​បាន​បញ្ជាក់​ពី​កំហុស​អ្វីខ្លះ​ឱ្យ​ច្បាស់លាស់ ទើប​ឈានដល់​មាន​ការដក​មន្ត្រី​ខាងលើ​នេះ​ចេញពី​តំណែង​នោះទេ​។

លោក​ អៀ សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ថ្លែង​កាលពី​ថ្ងៃទី​ ៣០ ខែ​តុលា ថា​ករណី​នេះ​ជា​ការសម្រេច​របស់​ថ្នាក់ដឹកនាំ​។ ការផ្ទេរ ឬ​តែងតាំង​ជា​កិច្ចការរដ្ឋបាល​របស់​ក្រសួងបរិស្ថាន​។ ដូច្នេះ​លោក វុន ធឿន ប្រហែល​ជាមាន​កំហុស​ធ្ងន់​ហើយ ទើប​បាន​ជា​ថ្នាក់​ដឹកនាំ​ដាក់ពិន័យ​រដ្ឋបាល ដោយ​ផ្ទេរ​គាត់​បែបនេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​កំហុសឆ្គង​លោក ​វុន ធឿន យ៉ាងណា​នោះ ខ្ញុំ​មិនបាន​ដឹង​ទេ ព្រោះ​កិច្ចការ​នេះ ក្រុមអធិការកិច្ច​ខាង​ក្រសួងបរិស្ថាន​ជា​អ្នកធ្វើការ​ផ្ទាល់​»​។

លោក​បាន​បន្តថា ក្រុមការងារ​អធិការកិច្ច​របស់​ក្រសួងបរិស្ថាន​បាន​ធ្វើការ​ស៊ើបអង្កេត​ជាយូរ​ខែ​មក​ហើយ ទើប​បាន​ជា​ផ្ទេរ​ទាំង​បង្ខំ​បែបនេះ​។ ចំពោះ​ការតែងតាំង​អ្នកថ្មី​មក​ជំនួស​លោក​ថា លោក​មិនទាន់​បានដឹង​ទេ ព្រោះ​វា​ជាការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​។ លោក អៀ សុខា បញ្ជាក់​ថា​៖ «​ព្រោះ​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ ធ្វើ​តេស្ត​សមត្ថភាព​លើ​ជំនាញ​ចំណេះដឹង បទពិសោធ​ការងារ​។ ការតែងតាំង​នេះ​មិន​អាច​ចេះតែ​រើស​ដាក់ៗ​ស្រេច​តែ​ចិត្ត​បានទេ​»​។

នៅពេល​ទាក់ទង​ពីថ្ងៃ​ទី​ ៣០ តុលា​លោក​ វុន ធឿន ដែល​ត្រូវបាន​ផ្ទេរ​តួនាទី​នេះ បាន​បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​គ្រាន់តែ​ថ្លែង​យ៉ាងខ្លី​ថា លោក​បានទទួល​លិខិត​ផ្ទេរ​ភារកិច្ច​របស់​លោក សាយ សំអាល់ រួចហើយ​។ «​ឥឡូវ​ពិបាក​និយាយ​គ្នា​ណាស់​បាន​ហើយ ប៉ុណ្ណឹង​បាន​ហើយ​»​។

លោក ឆេង សុវណ្ណា នាយប៉ុស្ដិ៍​នគរបាល​ឃុំ​គូលែន​ខាងជើង​ថ្លែងថា លោក​មិន​បាន​ដឹង​ពី​ទោសកំហុស​របស់​លោក វុន ធឿន ដែល​ឈាន​ដល់​ការផ្ទេរ​តួនាទី​ទាំង​បង្ខំ​បែបនេះ​ទេ​។ ប៉ុន្ដែ​កន្លងមក​លោក​ធ្លាប់​ឮ​ពលរដ្ឋ​លើកឡើងថា លោក វុន ធឿន តែងតែ​ធ្វើការ​បំពាន​បទបញ្ជា​ពី​ថ្នាក់លើ ព្រមទាំង​ធ្លាប់មាន​រឿង​អាស្រូវ​មួយចំនួន​ដែរ​។

លោក​បញ្ជាក់ថា​៖ «​គ្រាន់តែ​ដឹងថា កន្លងមក​ខ្ញុំ​ឮ​គេ​និយាយ​រឿង​មិនល្អ​ពី​គាត់​។ ក្រៅពី​ហ្នឹង ខ្ញុំ​អត់​ដឹង​ទេ សួរ​ទៅ​សាមីខ្លួន​គាត់​ទៅ​»​។

លោក ហេង ស្រស់ សកម្មជន​ការពារ​បរិស្ថាន និង​ព្រៃឈើ​បាន​ថ្លែងថា លោក​មិន​បាន​ដឹង​ចំពោះ​ទោសកំហុស​របស់​លោក វុន ធឿន ទេ ប៉ុន្ដែ​ប្រសិន​បើ​ក្រសួងបរិស្ថាន​រកឃើញ​កំហុស​មន្ត្រី​រូបនេះ​ខុស​មែន គួរតែ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ ហើយ​អនុវត្ត​ទោស​តាម​ផ្លូវ​ច្បាប់​តុលាការ​ឲ្យ​តឹងរ៉ឹង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ថា​មិនគួរ​យក​គាត់​បញ្ឈរជើង​ចោល​ហើយ​ដេកស៊ី​ប្រាក់ខែ​រដ្ឋ ដោយ​គ្មាន​ធ្វើ​ការងារ​អ្វី​នោះទេ​។ មន្ត្រី​បែប​នេះ​គួរតែ​ដកចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ហើយ​ស្រាវជ្រាវ​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់​តុលាការ ដើម្បី​ទុកជា​ការព្រមាន​មន្ត្រី​ខិលខូច​មួយចំនួន​ដទៃទៀត​។ បើ​ក្រសួង ឬ​រដ្ឋាភិបាល​នៅតែ​ឱបក្រសោប​មន្ត្រី​ខិលខូច​ទៀត ពលរដ្ឋ​គ្មាន​ជំនឿ​ថា យើង​អាច​លុបបំបាត់​អំពើ​ពុករលួយ​បានទេ​»៕