ភ្នំពេញៈ លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកបានរិះគន់សមត្ថកិច្ចចំពោះការចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងគ្រឿងញៀនថា មានភាពចន្លោះប្រហោង និងស្នើឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ ចៀសវាងរងការចោទប្រកាន់ពីមហាជន។
ការថ្លែងរបស់លោក សាប៊ុង ធ្វើឡើងបន្ទាប់ពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភិន សុខា ភេទប្រុស អាយុ ១៩ ឆ្នាំពាក់ព័ន្ធពីបទជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលបានប្រព្រឹត្តនៅចំណុចហ្គារ៉ាស់សាំងតូតាល់ ផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យកាលពីថ្ងៃទី ១០ ធ្នូ ២០១៩ ដែលបានបណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
លោក សាប៊ុង ថ្លែងនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១២ ខែធ្នូថា លោកគាំទ្រពេញទំហឹងចំពោះយុទ្ធនាការបង្ក្រាបគ្រឿងញៀន តែករណីនេះលោកបានពិនិត្យឃើញថា សមត្ថកិច្ចអនុវត្តច្បាប់បំពេញភារកិច្ចរបស់ខ្លួននៅមានភាពចន្លោះប្រហោង។ ការចុះឃាត់ខ្លួនក្នុងបទល្មើសជាក់ស្ដែងគឺគួរឆែកឆេររកវត្ថុតាងសិនបើសិនករណីនេះមិនមែនជាបទល្មើសជាក់ស្តែងដែលគេស្រែកឆោឡោ ឬជនរងគ្រោះចង្អុលចំមុខជនសង្ស័យទេនោះ ហើយបើឆែកឃើញថា ពិតជាមានវត្ថុតាងល្មើសមែន សឹមឃាត់ខ្លួនកសាងរបាយការណ៍បញ្ជូនទៅតុលាការ។
លោកថា៖ «ក្នុងករណីមានរងការចង្អុលបង្ហាញ ឬមានបណ្ដឹងថាមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន គួរអញ្ជើញគេទៅសាកសួរ ស្រាវជ្រាវ និងស្វែងរកភ័ស្តុតាង មិនមែនទៅដល់វាយខ្នោះគេគ្រឹប អត់ទាន់រកភ័ស្តុតាងផង មិនដឹងខុសអីផង ស្រាប់តែបញ្ជូនដល់ការិយាល័យបង្ហាញថា មានគ្រឿងញៀន ៧ កញ្ចប់ ចុះបើមានគ្រឿងញៀនម្ដេចមិនឆែករកភ័ស្តុតាងមុនចាប់?»។
លោកបន្តថា ក្នុងនាមលោកជាមន្ត្រីតាមដានការអនុវត្តច្បាប់ លោកសង្ឃឹមថា អាជ្ញាធរគ្រប់ជាន់ថ្នាក់នឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ជាធរមានចៀសវាងរងការចោទប្រកាន់ពីមហាជននឹងធ្វើឲ្យការជឿជាក់របស់មហាជនមកលើសមត្ថកិច្ចកាន់តែស្រុតចុះនាំឲ្យអង្គភាពរបស់រដ្ឋបាត់បង់កិត្តិយស។ «យ៉ាងណាមិញប្រសិនជានៅតែឃើញថា ករណីមានកំហុសដដែលៗមិនព្រមកែប្រែ នោះមន្ត្រីតាមដាន ការអនុវត្តច្បាប់គេមានសមត្ថកិច្ចនឹងចាត់វិធានការលើអស់លោកដែលជាមន្ត្រីពាក់ព័ន្ធវិញម្ដង»។
បើយោងតាមផេចមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហោះថា នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបកស្រាយថាកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៤ និង ៣០ នាទីរសៀលលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនបានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភិន សុខា ភេទប្រុស អាយុ ១៩ ឆ្នាំ និងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) សរុបទម្ងន់ ២១,៦២ (ម្ភៃមួយក្បៀសហុកសិបពីរក្រាម) ខណៈជនសង្ស័យកំពុងដោះដូរជាមួយអតិថិជន។
ផ្អែកតាមការស៊ើបអង្កេត សកម្មភាព និងចម្លើយសារភាពរបស់ជនសង្ស័យ រួមជាមួយវត្ថុតាងចាប់យកបាន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសន្និដ្ឋានថា៖ «ឈ្មោះ ភិន សុខា គឺពិតជាបានប្រព្រឹត្តសកម្មភាពជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់»។
មន្ទីរប្រឆាំងគ្រឿងញៀនអះអាងថា ការចាប់ខ្លួនជនសង្ស័យធ្វើឡើងដោយផ្អែកទៅតាមជំនាញស៊ើបអង្កេត នៅពេលឃើញមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងទើបសមត្ថកិច្ចធ្វើការបង្ក្រាបស្របតាមនីតិវិធី និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ «នៅពេលឃើញសមត្ថកិច្ចយើងកំពុងបង្ក្រាបបទល្មើសស្នើសុំ (អ្នកសារព័ត៌មាន) កុំទាន់ផ្សាយព័ត៌មានទុកឲ្យសមត្ថកិច្ចយើងបន្តការស៊ើបអង្កេតសិន ដើម្បីឈានទៅចាប់មេក្លោង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត»។
បើតាមលោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនជនសង្ស័យត្រូវតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសហើយកាលពីថ្ងៃសុក្រ។
លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបដិសេធធ្វើអត្ថាធិប្បាយ។
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជាបានថ្លែងថា សមត្ថកិច្ចត្រូវតែមានភ័ស្តុតាង និងសាក្សីច្បាស់លាស់ និងមានដីកាជាក់ស្ដែងមុននឹងធ្វើការឃាត់ខ្លួនហើយករណីឃាត់ជនសង្ស័យខាងលើនេះអាចប៉ះពាល់ដល់ការសហការរវាងប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចក្នុងការបង្ក្រាបគ្រឿងញៀនដោយសារតែពួកគេអស់ជំនឿទៅលើសមត្ថកិច្ច។ «សមត្ថកិច្ចត្រូវមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការចាប់ខ្លួន ប្រសិនបើគាត់ធ្វើទៅត្រឹមត្រូវតាមលក្ខណៈច្បាប់។ វានឹងជួយបង្កភាពងាយស្រួលក្នុងការបង្ក្រាបគ្រឿងញៀន តែបើគាត់អនុវត្តខុសទៅនឹងច្បាប់វានឹងធ្វើឲ្យប៉ះពាល់ការខិតខំក្នុងការបង្ក្រាបគ្រឿងញៀន»។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន ប្រាប់ភ្នំពេញប៉ុស្តិ៍ថា មន្ទីរប្រឆាំងគ្រឿងញៀនបាននិងកំពុងធ្វើការស្រាវជ្រាវទៅលើករណីជនស៊ីវិលដែលធ្វើសកម្មភាពចាប់គ្រឿងញៀន និងជំរិតទារប្រាក់នៅតាមដងផ្លូវជាថ្នូរនឹងការដោះលែងដោយលោកបញ្ជាឲ្យធ្វើការត្រួតពិនិត្យឡើងវិញនូវសកម្មភាពបង្ក្រាបគ្រឿងញៀននៅភ្នំពេញ៕