ព្រះវិហារៈ សាលា​ដំបូង​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំខ្លួន​លោកស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា ​អតីតប្រធាន​គណបក្ស​សា​ធារណ​រ​ដ្ឋ​ប្រជា​ធិប​តេយ្យ ​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុម ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់ ​និង​បក្ខពួក​ម្នាក់​ទៀត ​ដោយ​ចោទ​ពីបទ​​ «ញុះញង់​​ឲ្យ​មាន​ការ​ទន្ទ្រាន​យក​ដី​សហគមន៍ ​និង​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា»។ នេះ​បើតាម​លោកស្រី ជុំ ក​ន្និ​យ៉ា ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ។

លោក​ស្រី ជុំ​ កន្និយ៉ា ​ពី​ម្សិល​មិញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ​លោក​ស្រី សុខ​រ័ត្ន ​សុវណ្ណ​បញ្ចៈសីលា ​ហៅ​យាយ​ ម៉ែន​ អាយុ​ ៦០ ឆ្នាំ ​និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ​ ចាន់ ភាព ​ភេទ​ប្រុស ​អាយុ ៤៥ ឆ្នាំ ​ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនា​គារ​ខេត្ត​ព្រះវិហារ​ កាលពី​ថ្ងៃ​ទី ១២ មេសា​ ​តាមច្បាប់​ភូមិបាល ​គឺ​បទ ​«​ញុះ​ញង់​ឲ្យ​មានការទន្ទ្រាន​យក​ដី​សហគមន៍ ​និង​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា»។

លោកស្រី​បញ្ជាក់ថា​៖ «តុលា​ការ​សម្រេច​ឃុំខ្លួន​ពួកគាត់​ទាំង​២នាក់​ហ្នឹង​បណ្ដោះអាសន្ន​សិន​ ដើម្បី​បន្ត​ការស៊ើប​អង្កេត​បន្ត ​និង​រង់ចាំ​ការកាត់​ទោស​បន្តទៀត​ ប៉ុន្ដែ​ខ្ញុំ​មិនបាន​ចាំ​ថា​មាត្រា​ទីប៉ុន្មាន​ទេ»។

លោក​ ឆាយ គឹម​ខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ ពី​ម្សិលមិញ​បាន​ថ្លែងថា តុ​លា​ការ​ខេត្ត​ព្រះវិហារ​សម្រេច​ឃុំខ្លួន​នេះ ​បន្ទាប់ពី​លោក​ស្រី​ សុខ​រ័ត្ន សុវណ្ណ​បញ្ចៈ​សីលា ​និង​បក្ខពួក​ម្នាក់ទៀត​បាន​ដឹកនាំ​ពលរដ្ឋ​ប្រមាណ​ជិត ១០០ នាក់​ ធ្វើបាតុ​កម្ម​ទៅ​រំដោះ​អ្នកទោស ​កាលពី​ថ្ងៃទី ៩​ ខែ មេសា។ បាតុករ ​ជិះ​គោ​យន្ត​កន្រៃ្តចំនួន​ ៨ ​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ៣១ គ្រឿង​ ប្រដាប់​ដោយ​កាំបិត​វែងខ្លី ​ញញួរ ​ពូថៅ ​និង​ដំបងបានធ្វើ​ដំណើរ​ទៅ​រំដោះ​ជន​ដែល​កំពុង​ជាប់​ឃុំ​ចំនួន​ ១៤ ​នាក់​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ​ក្រោយពី​អាជ្ញាធរ​ចាប់ខ្លួន​ពួកគេ​ពាក់ព័ន្ធ​ការកាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ។

លោក​បញ្ជាក់ថា​៖ «គាត់​ប្រមូល​​ពលរដ្ឋ​រាប់សិប​គ្រួសារ​ទៅ​កាប់​ទន្ទ្រាន​ដីធ្លី​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ខេត្ត​ព្រះវិហារ។ ដំបូង​អាជ្ញាធរ​បាន​ហៅ​ពួកគាត់​ចរចា​ ដោះស្រាយ​ដោយ​សន្ដិវិធី ​ប៉ុន្ដែ​ពួកគាត់​បាន​បើក​គោយន្ត​បំ​បុក​របាំង​សមត្ថ​កិច្ច ​យើង​ក៏​សម្រេច​ឃាត់ខ្លួន​ពួកគាត់​តែម្ដង ​ហើយ​បាតុករ​ចំនួន​ ៨០ នាក់ ​យើង​បាន​អប់រំ​ណែនាំ​ឲ្យ​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​ ដោយ​មិន​ឲ្យ​មាន​សកម្មភាព​នេះ​ម្ដង​ទៀត​ទេ»។

លោក​ យិន ចំណាន ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ​ពី​ម្សិល​មិញ​បាន​បដិសេធ​ធ្វើ​អត្ថា ធិប្បាយ​ជុំវិញ​ករ​ណី​នេះ ​ដោយ​បានអះអាងថា ​លោក​កំពុង​ជាប់​រវល់​ប្រជុំ។

តាម​មន្ត្រី​អធិការដ្ឋាន​នគរ​បាល​ក្រុង​ព្រះវិហារ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ​លោក​ស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈសីលា ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ដោយ​ជិះ​គោយន្ត​កន្រៃ្ត ​និង​ម៉ូតូបាន​ធ្វើដំណើរ​ទៅដល់​រដ្ឋបាល​សាលាស្រុក​ត្រពាំង​ប្រា​សាទ តែ​មិន​ព្រម​ចូល​ដោះស្រាយ​​ជាមួយ​អាជ្ញាធរ ​ហើយ​បាន​គំរាម​ប្រើ​ហិង្សា​មកលើ​សមត្ថកិច្ច​ចម្រុះ ​រួចក៏​បាន​បន្ត​ដំណើរ​ទៅ​ផ្លូវជាតិ​លេខ​ ៦៩ បេ ​ឆ្ពោះ​ទៅកាន់​ផ្លូវ​ជាតិ ៦២ ​ក្នុង​គោលបំណង ​ដើម្បី​ទាមទារ ​និង​រំដោះ​ជន​ដែល​កំពុងតែ​ជាប់ឃុំ​ចំនួន​ ១៤​ នាក់​ ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ។

លោក ​ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ និងជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់យោបល់​ នៅ​ថ្ងៃ​ទី​ ១៨​ ខែ មេសា​ បាន​លើក​ឡើងថា​ ការចាប់ខ្លួន​លោក​​ស្រី សុខ​រ័ត្ន សុវណ្ណ​បញ្ចៈសីលា អតីត​​ប្រធាន​គណបក្ស​សាធា​រ​ណរដ្ឋ​ប្រជា​ធិបតេយ្យ ​គឺជា​រឿង​បុគ្គល ​មិនមាន​ការពាក់ព័ន្ធ​នឹង​ក្របខ័ណ្ឌ​របស់​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​នោះ​ឡើយ។

លោក​បញ្ជាក់ថា​៖ «ចំពោះ​ករណី​លោកជំទាវ​ជា​ប្រធាន​ប្រតិភូ​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ ​គឺ​លោកជំទាវ​បាន​បាត់បង់​នូវ​សិទ្ធិ ​ចុះ​បំពេញ​ភារកិច្ច​ក្នុងនាម​ជា ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ ​តាំងពី​ខែ ធ្នូ ឆ្នាំ​ ២០​១៨ ​មកម្ល៉េះ ​ដោយ​សមាជ​គណ​បក្ស​របស់​លោក​ជំទាវ ​ត្រូវបាន​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ដឹកនាំ ​ហើយ​ក្រសួង​មហាផ្ទៃ ​បាន​ទទួល​ស្គាល់​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី ​និង​ការប្តូរ​ឈ្មោះ​ពី​ គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​មក គណបក្ស​នគរ​ប្រជា​ធិបតេយ្យ»។

តាម​ច្បាប់​ស្ដីពី​ព្រៃឈើ​ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​កំណត់ថា​ ការ​គាស់ រុករាន​ដី​ព្រៃ ឆ្ការ ​ដុត និង​ឈូសឆាយ​ដីព្រៃ​ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ​គឺជា​បទល្មើស​ឧក្រិដ្ឋ ​ដែល​ជន​ប្រព្រឹត្ត​ល្មើស​នឹងត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ​៥ ដល់ ១០​ ​ឆ្នាំ​ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០ លាន​​រៀល ទៅ​ ១៥០ លាន​រៀល។ ចំណែក ​មន្ត្រី​ពាក់ព័ន្ធ​ធ្វេស​ប្រហែស​ ឬ​មិន​គោរព​ច្បាប់​នេះ​ ត្រូវ​ទទួល​វិន័យ​រដ្ឋបាល​ និងត្រូវ​ចោទប្រកាន់​ចំពោះ​មុខ​តុលា​ការ ​ហើយ​បើ​មន្ត្រី​ទាំងនោះ​សមគំនិត​ ត្រូវ​ផ្ដន្ទា​ទោស​ដូច​ជន​ប្រព្រឹត្ត​ដែរ៕