ភ្នំពេញៈ ប្រធាន​ប្តូរវេន​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ និង​ជា​សមាជិក​នៃ​ស្ថាប័ន​នេះ មកពី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​ម៉ម សូណង់ដូ គ្រោង​ស្នើ​បង្កើត​ច្បាប់​ផ្ទៃក្នុង​មួយ​សម្រាប់​ឧត្តម​ក្រុមប្រឹក្សា ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការបញ្ចប់​មុខតំណែង​សមាជិក​ដទៃទៀត ក្រោយ​លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​ស្ថាប័ន​នេះ​ពាក់ព័ន្ធ​ការបំពេញ​បេសកកម្ម​របស់​ខ្លួន​។

ការស្នើ​បង្កើត​ច្បាប់​ផ្ទៃ​ក្នុងនេះ​នឹង​ត្រូវ​លើកយក​ទៅ​ពិភាក្សា​ជាមួយ​សមាជិក​គណបក្ស​នយោបាយ​ជាង​ ១០ ​បក្ស​ទៀត​នា​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​ក្នុង​កិច្ចប្រជុំ​ប្រចាំ ខែ​ឧសភា ដឹកនាំ​ដោយ​លោក​ ម៉ម សូណង់ដូ សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់ ដែល​ជា​ប្រធាន​ប្តូរ​វេន​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​សម្រាប់​កិច្ចប្រជុំ​នោះ​។

លោក​ប្រាប់​ពី​ម្សិលមិញ​ថា​៖ «​យើង​ប្រជុំ​នេះ ដើម្បី​បង្កើត​ច្បាប់​ផ្ទៃក្នុង​មួយ​កុំ​ឲ្យ​មាន​បញ្ហា​ដក​សមាជិក​ផ្សេងទៀត ដែល​វា​ដិតដាម​ដដែលៗ​ដោយ​យើង​មិន​ចង់​ឲ្យ​បញ្ហា​នេះ​កើតមាន​ម្តងទៀត​។ ទាក់ទង​ទៅ​ការងាររដ្ឋបាល ការងារ អី ដែល​យើង​ត្រូវធ្វើ​ច្បាប់​ផ្ទៃក្នុង​មួយ​ឲ្យ​យើង​គោរព​ទាំងអស់​គ្នា កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ឧត្តមក្រុមប្រឹក្សា​ហើយក៏​ដូចជា​ប៉ះពាល់​ដល់​កិត្តិយស​សម្តេច​ដែរ​»​។

កាលពី​ថ្ងៃទី ​៤ ឧសភា លោក​ សាយ ឈុំ ប្រមុខរដ្ឋស្តីទី​បាន​ចុះហត្ថលេខា​ក្នុង​ព្រះបរមនាម និង​តាម​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដែល​ស្នើ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ចប់​មុខ​តំណែង​លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​ប្រតិភូ​គណបក្ស ខ្មែរ​ក្រោក​ពី​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​។

លោក​ សូណង់ដូ បន្តថា កិច្ចប្រជុំ​នឹង​មិន​ពិភាក្សា​គ្នា ដើម្បី​ស្វែងរក​ខុសត្រូវ​ជុំវិញ​ការដកតំណែង​លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ​នោះ​ទេ គ្រាន់​តែមាន​គោលបំណង​ពិភាក្សា​គ្នា​ស្វែងរក​ចំណុច​ខ្វះចន្លោះ ដែល​កើតមាន​កន្លងមក ដើម្បី​កែតម្រូវ​កំហុស​សម្រាប់​សមាជិក​ឧត្តមក្រុមប្រឹក្សា​ដទៃ​ទៀត​ឲ្យ​បន្តសកម្មភាព​របស់​ខ្លួន​បាន​រលូន និង​ត្រឹមត្រូវ​។

លោក​ថា​៖ «​ច្បាស់​ណាស់ ករណី​នៃ​ការដកតំណែង​ ឬ​បញ្ចប់​តំណែង លោក​សុខសុវណ្ណ វឌ្ឍនាសាប៊ុង ​នេះ​គឺ​បាន​ជះឥទ្ធិពល​ដល់​សមាជិក​ដទៃទៀត​ក្នុង​ការចុះ​ធ្វើ​ការងារ​របស់​ខ្លួន បើ​មិនមាន​តិច​ក៏មាន​ច្រើន​ដែរ​។ ដូច្នេះ​បាន​ខ្ញុំ​ថា​ចាំបាច់​ត្រូវតែ​មានច្បាប់​ផ្ទៃ​ក្នុងនេះ​»​។

ការស្នើ​នេះ​គ្រាន់តែ​ជា​ការស្នើឡើង​របស់លោក​តែ​ម្នាក់​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែឧសភា​។ ប៉ុន្តែ​លោក​រំពឹង​ថា សំណើ​នៃ​ការបង្កើត​ច្បាប់​ផ្ទៃក្នុង​សម្រាប់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​នឹងមាន ការគាំទ្រ​ពី​សមាជិក​មកពី​បក្ស​ដទៃទៀត​ដើម្បី​ឲ្យ​ច្បាប់​នេះ​លេច​ជា​រូបរាង​ឡើង​ក្នុងពេល​ឆាប់ៗ​។

លោក​ សេង សុខេង សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា​ប្រាប់​ពី​ម្សិលមិញ​ថា​លោក​ពុំទាន់​ទទួលបាន​របៀបវារៈ​ និង​ការកំណត់​នៃ​អង្គប្រជុំ​ប្រចាំខែ​របស់​ឧត្តម​ក្រុមប្រឹក្សា​នោះទេ​។ ទោះយ៉ាងណា​លោក​យល់ថា​ការស្នើ​បង្កើត​ច្បាប់​ផ្ទៃក្នុង​ពិតណាស់​នឹង​មិនអាច​ធ្វើបាន​នោះទេ​។ ព្រោះ​តួនាទី​របស់​ស្ថាប័ន​នេះ​គឺ​សម្រាប់តែ​តាមដាន​ការអនុវត្ត​ច្បាប់​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការបំពេញ​ការងារ​របស់​ឧត្តមក្រុមប្រឹក្សា​នេះ គឺធ្វើ​ឡើង​តាមច្បាប់​បញ្ញត្តិ បើសិន​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​នីមួយៗ​បំពេញ​តាម​ភារកិច្ច ហ្នឹង​ទាំងអស់​ខ្ញុំ​គិតថា ដូចជា​មិនមាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះទេ​។ ពីព្រោះ​ការបំពេញ​ការងារ​របស់​ឧត្តម​ក្រុមប្រឹក្សា​គឺ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​ភាពមិនប្រក្រតី​»​។

លោក​ សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លើកឡើង​ពី​ម្សិលមិញ​ថា កន្លងទៅ​ស្ថាប័ន​ឧត្តមក្រុមប្រឹក្សា​មាន​ច្បាប់​ជាច្រើន​បានចែង​យ៉ាងច្បាស់​រួចទៅហើយ ដូច្នេះ​ការស្នើ​បង្កើត​ច្បាប់​បន្ថែមទៀត​នេះ​នឹង​មិន​អាច​ទៅ​រួច​ទេ​។ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​នយោបាយ លោក​សាទរ​រាល់​ច្បាប់​ទាំងឡាយណា​ដែល​បង្កើតឡើង​ក្នុងន័យ​បម្រើ​ផលប្រយោជន៍ ប្រជាពលរដ្ឋ ហើយ​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​។

លោក​ថ្លែងថា​៖ «​ស្ថាប័ន​ឧត្តមក្រុមប្រឹក្សា បង្កើត​ឡើង​ហាក់ដូច​តក់ក្រហល់ ហើយ​មាន​លក្ខណៈ​ផុយស្រួយ​សូម្បីតែ​ការ​តអាណត្តិ​នៅពេល​ក្រោយៗ​ទៀត​ក៏​មិនទាន់ មាន​អ្វី​ច្បាស់លាស់​ដែរ​។ ​ស្ថាប័ន​នេះ​វា​ប្រឈម​ខ្លាំង​ព្រោះ​វា​អាច​នៅបាន​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ត្រូវការ​។ ប៉ុន្តែ​វា​អាច​នឹង​ប្រឈម​ខ្ពស់​ក្នុង​ការបញ្ចប់​មុខតំណែង នៅពេល​រដ្ឋាភិបាល​ឈប់​ត្រូវការ​ដែរ នេះ​គឺជា​ការមើលឃើញ​ជាក់ស្តែង​»​។

លោក​ ឈឹម ផលវរុណ ប្រធាន​លេខាធិការដ្ឋាន​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ការប្រជុំ​ប្រចាំខែ​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​គឺជា​សិទ្ធិអំណាច​របស់​ប្រធាន​ប្តូរ​វេន​នីមួយៗ​ដែល​ផ្លាស់ប្តូរ​គ្នា​ជាប្រចាំ​ខែ​ដែល​មាន​សិទ្ធិ​កំណត់​របៀបវារៈ និង​កំណត់​ពេលវេលា​ជាក់លាក់​ទៅតាម​សិទ្ធិ​របស់ខ្លួន​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ​ជា​សិទ្ធិ​របស់​ប្រធាន​ប្តូរ​វេន ព្រោះ​ស្ថាប័ន​មួយ​គឺ​ត្រូវតែ​មាន​ប្រធាន ហើយ​ប្រធាន​លេខាធិការដ្ឋាន​គ្រាន់តែ​យន្តការ​រដ្ឋបាល​ក្នុងការ​រៀបចំ​ឲ្យ​ការកោះប្រជុំ​នេះ​ដំណើរការ​។

ឯ​ការបញ្ចេញ​ទស្សនៈ​ទៅលើ​បរិបទ​ណាមួយ​គួរតែ​សួរ​គណបក្ស​នយោបាយ​»៕