
មន្ទីរកសិកម្មខេត្តកោះកុង ដែលប្រធានមន្ទីរនេះ រងការចោទប្រកាន់ថា បានលក់ដីរដ្ឋ។ សហការី
កោះកុងៈ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកោះកុង បានបដិសេធចំពោះការចុះផ្សាយដែលថា រូបលោកបាន «យកដីរដ្ឋលក់» ខណៈដែលក្រសួងកសិកម្ម កំពុងធ្វើអធិការកិច្ច ចំពោះការចោទប្រកាន់នេះ។
លោក អុី ម៉េងលាង បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនគឺជាការចុះផ្សាយខុសពីការពិតទាំងស្រុង។ លោកលើកឡើងថា កិច្ចការដែលរូបលោកបានធ្វើកន្លងមក លើការគ្រប់គ្រងទ្រព្យសម្បត្ដិរបស់រដ្ឋ តែងតែយកចិត្ដទុកដាក់ថែរក្សា មិនមានទៅកាត់ដីរដ្ឋឲ្យ ឬ លក់ឲ្យបុគ្គលណាមួយនោះទេ។
លោកបន្ដថា៖ «កន្លងមក មន្ទីរតែងតែចុះទៅបង្ក្រាប អ្នកដែលរំលោភ ឬកាន់កាប់ដីរដ្ឋ ដោយធ្វើទៅតាមនីតិវិធីច្បាប់។ យើងបានចុះទៅរុះរើខ្ទមមួយចំនួន បង្គោលព្រំដីមួយចំនួន ដែលបោះកាន់កាប់ដីរបស់រដ្ឋបាលព្រៃឈើ»។
លោក ម៉េងលាង បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះមន្ទីរកសិកម្មបានទទួលរងការវាយប្រហារពីសារព័ត៌មាន និងបុគ្គលមួយចំនួនតូច ដោយចោទថា មន្ទីរបានលក់ដីរបស់រដ្ឋ។
លោកថា៖ «បើសិនជាព័ត៌មានដែលគាត់បំផ្លើស ហើយគ្មានឯកសារ អាហ្នឹងច្បាប់ជាអ្នកវិនិច្ឆ័យ។ អធិការកិច្ចក្រសួង តែងតែចុះមកធ្វើការងារនេះតាំងពីមុននិងក្រោយសារព័ត៌មានចុះផ្សាយទៅទៀត»។
លោកបន្ថែមថា៖ «អ៊ីចឹង បើសិនកិច្ចការងារនេះ ក្រសួងកសិកម្ម រកឃើញថា មន្ទីរលក់ដូរទ្រព្យសម្បតិ្ដរដ្ឋ មានការខុសឆ្គងច្បាប់ទម្លាប់ អាហ្នឹង ក្រសួងគេនឹងចាត់ការហើយគេអត់ទុកដូចសារព័ត៌មាននិយាយទេ។ នេះគេមករកមើលមិនឃើញផង ហើយគាត់ (សារព័ត៌មានក្នុងស្រុកខ្លះ) ថា គេស៊ុមគ្រលុំ ចោទហ្នឹងលើសហើយ វាអត់មានមូលដ្ឋានអី។ អ៊ីចឹង អាការចោទគ្មានមូលដ្ឋាននេះ ទុកឲ្យច្បាប់ដោះស្រាយជូនគាត់» ។
ក្រសួងកសិកម្ម តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែ កុម្ភៈបានបង្ហាញថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា «ប្រធានមន្ទីរកសិកម្ម ខេត្ដកោះកុង យកដីរដ្ឋលក់» ដែលក្នុងអត្ថបទទាំងនោះសង្កត់ធ្ងន់ថា «រដ្ឋមន្រ្ដី ក្រសួងកសិកម្ម មានបានសើមមាត់សើមកទេដឹងបានជាសំងំស្ងាត់ឈឹងដូច្នេះ»។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ ក្រសួងកសិកម្ម បញ្ជាក់ថា៖ «ក្រសួងមិនបានចេញគោលការណ៍អនុញ្ញាតឲ្យធ្វើការលក់ដូរដីរដ្ឋ និងពុំមានការពាក់ព័ន្ធដូចសារព័ត៌មានចុះផ្សាយនោះទេ»។
ក្រសួងបញ្ជាក់ថា ផ្ទុយទៅវិញ ក្រសួងបានចាត់ក្រុមការងារអធិការកិច្ចចុះធ្វើអធិការកិច្ច លើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ កសិកម្ម រាជធានីខេត្ដ ជាប្រចាំ។
ក្រសួងបញ្ជាក់ថា៖ «បច្ចុប្បន្នក្រុមការងារកំពុងបន្ដនីតិវិធី ធ្វើអធិការកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ក្នុងករណីពិតជាមានកំហុសឆ្គង ក្រសួង នឹងចាត់វិធានការស្របតាមច្បាប់ ស្ដីពីលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា»។
ឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក លោក អុី ម៉េងលាង ថ្លែងថា លោកនឹងធ្វើសន្និសីទសារព័ត៌មានមួយក្នុងពេលឆាប់ៗ នៅមន្ទីរកសិកម្មខេត្ដកោះកុងដើម្បីបកស្រាយជុំវិញរឿងនេះ។
លោកបន្ដថា៖ «ខ្ញុំគ្រោងដាក់ថ្ងៃណាមួយក្នុងពេលខាងមុខនេះដើម្បីបកស្រាយប្រាប់ដល់សាធារណជនចំពោះរឿងដែលពួកគាត់ចុះផ្សាយមិនពិតនេះ»។
លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មាន ខេត្ដកោះកុង បានឲ្យដឹងថា អ្នកសារព័ត៌មានមួយចំនួន បានចុះផ្សាយដោយមិនមានប្រភពគ្រប់គ្រាន់។
លោកបានបន្ដថា៖ «ខ្ញុំមិនដឹងពួកគាត់ ចុះផ្សាយបែបនេះ ចង់បានអីដែរទេ។ ខ្ញុំក៏សង្កេតឃើញដែរថា អ្នកសារព័ត៌មានមួយចំនួន គាត់ចុះផ្សាយ គាត់និយាយតែភាគីម្ខាង អត់មានតម្លាភាពនោះទេ តែមួយចំនួនទៀត គេគោរពវិជ្ជាជីវៈរបស់ខ្លួន មុននឹងចុះផ្សាយគេទៅសួរមតិទាំងអស់»។
លោក ស្រេង រស្មី អ្នកនាំពាក្យ ក្រសួងកសិកម្ម មិនអាចទាក់ទងសុំអធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែ លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យ ខេត្ដកោះកុង បានឲ្យដឹងថា ជាបឋម តាមរបាយការណ៍របស់សាលាខេត្ដកោះកុង គឺមិនមានការលក់ដូរដីរដ្ឋទេ នៅក្នុងទឹកដីខេត្ដកោះកុង។
លោកថា៖ «ខាងរដ្ឋបាលខេត្ដរង់ចាំសហការជាមួយខាងក្រុមការងារអធិការកិច្ចរបស់ក្រសួងកសិកម្មថា តើអ្នកណាជាអ្នកទិញ ហើយអ្នកណាជាអ្នកលក់មែនឬអត់? ប៉ុន្ដែ បើតាមបច្ចុប្បន្ននេះវាមិនមានសកម្មភាពចាក់ដីអី ពុះឡូត៍ដីលក់អីទេ។ ជាបឋមយើងមើលឃើញថា មិនមានការលក់ដូរដីរដ្ឋអីទេ ប៉ុន្ដែការសិក្សាស៊ីជម្រៅ ទុកឲ្យខាងក្រសួងចុះមកធ្វើអធិការកិច្ចសិន»៕